រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានលើយកសំណុំរឿងកូនប្រុសលោក ចាន់ សារុន អតីតថៅកែស្ថានីយប្រេងឥន្ទនៈ PTT គួរស្រូវ ពាក់ព័ន្ធចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ជាង១០ម៉ឺនដុល្លារអាមេរិក មកបើកសវនាការ ដើម្បីផ្តន្ទាទោស ដែលសវនាការនោះមានលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ ។
សវនាការនេះ បានធ្វើឡើងជាសាធារណៈ និងចំពោះមុខជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់ អតីតថៅកែស្ថានីយប្រេងឥន្ទនៈ PTT ដែលសវនាការបានធ្វើការសាកសួរដេញដោលទៅលើជនជាប់ចោទចប់សព្វគ្រប់ ចៅក្រមជំជម្រះកំណត់យកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដើម្បីប្រកាសសាលក្រមផ្តន្ទាទោស ។
![Picture]()
សូមរម្លឹកថា កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានចាប់បញ្ជូនបុរសម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន. ពោលគឺចេញសែកអត់មានសាច់ប្រាក់ប្រមានជាង១០ម៉ឺនដុល្លារអាមេរិក ។
បុរសរូបនោះមានឈ្មោះ សារុន វិធុរ៉ាក់ អាយុ៤៣ឆ្នាំ មុខរបរអតីតជាថៅកែស្ថានីយប្រេង PTT ដែលមានទីតាំងស្ថិតនៅរង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សំណុំរឿងនេះ ជនសង្ស័យអតីតថៅកែស្ថានីយប្រេង PTT នេះ បានស្ថិតនៅលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ។ ហើយជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធចេញសែកស្អុយលើទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក ហើយត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នចាប់ពីពេលនោះមក ។
![Picture]()
សូមរម្លឹកទៀតថា ជនសង្ស័យឈ្មោះ សារុន វិធុរ៉ាក់ ត្រូវបានគេស្គាល់ជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលខេត្តតាកែវ និងកូនចៅ បានប្រើអំពើហិ.ង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបរិវេណស្ថានីយប្រេងរបស់ខ្លួន ដោយចោទថា គ្រូបង្រៀនរូបនោះ បានចូលទៅអុកឡុក និងលួចថតរូបស្ត្រីនៅក្នុងបន្ទប់ទឹក ។
ក្រោយហេតុការណ៍នោះកើតឡើង កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានចុះទៅដល់ និងនាំខ្លួនម្ចាស់ស្ថានីយប្រេង PTT ទៅសាកសួរ បន្ទាប់មកសមត្ថកិច្ចក៏តាមចាប់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ ងន់ រចនា ភេទប្រុស អាយុ២០ឆ្នាំ ជាកូនចៅ ថៅកែស្ថានីយប្រេង PTT ពាក់ព័ន្ធប្រើអំពើហិ.ង្សាលើគ្រូបង្រៀននោះដែរ ។
![Picture]()
ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី និងមានការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅក្នុងស្ថានីយប្រេង PTT ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពេលឃុំខ្លួនអស់មួយរយៈ ពោលគឺប្រមាណជា៤ខែ រហូតដល់រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងនេះ មកបើកសវនាការផ្តន្ទាទោសលើជនត្រូវចោទ ។ សវនាការបានសាកសួរដេញដោលចប់សព្វគ្រប់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក៏បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ លុះដល់ថ្ងៃតុលាការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ដាក់ពន្ធនាគារកំណត់ទៅតាមច្បាប់ជាធរមាន ។
![Picture]()
មូលហេតុដែលអតីតថៅកែស្ថានីយប្រេង PTT ត្រូវបានតុលាការនាំមកកាត់ទោសពេលនេះ ក្រោយពីជនជាប់ចោទបានរួចផុតនូវសំណុំរឿងប្រើអំពើហិ.ង្សាលើគ្រូបង្រៀននោះ ជនជាប់ចោទធ្លាក់ខ្លួនជំពាក់លុយគេវ័ណ្ឌ.ក រហូតលក់ស្ថានីយប្រេងនៅតែដោះបំណុលមិនរួច និងត្រូវគេប្តឹងចាប់ខ្លួនដាក់ពន្ធនាគារ ។ ដូច្នេះរង់ចាំមើលថា តើវាសនាអតីតថៅកែស្ថានីយប្រេង PTT គួរស្រូវ ក្នុងខណ្ឌដង្កោ នឹងមានទោសយ៉ាងណាទៀត?៕
ចែករំលែកព័តមាននេះ