ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ទទួលបានមេដាយមាស ១ទៀត! ក្រោយ​កីឡាការិនី វង់ ចន្ថា និងកីឡាករ ស៊ិន វង់ ឈ្នះ​កីឡាករវៀត​ណាម ក្នុង​កីឡាប៊ូល និងប៉េតង់ លើវិញ្ញាសាវាយគូ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កីឡាការិនី វង់ ចន្ថា និងកីឡាករ ស៊ិន វង់ បាន​ឈ្នះមេដាយមាស ក្នុងប្រភេទកីឡាប៊ូល និងប៉េតង់…

ភ្នំពេញ៖ កីឡាការិនី វង់ ចន្ថា និងកីឡាករ ស៊ិន វង់ បាន​ឈ្នះមេដាយមាស ក្នុងប្រភេទកីឡាប៊ូល និងប៉េតង់ លើវិញ្ញាសាវាយគូ នៅ​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម​ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ​។ កីឡាករកីឡាការិនីកម្ពុជា បានយកឈ្នះ​កីឡាករ និងកីឡាការិនីម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល ១៣ ទល់នឹង ៤​។

សូមរម្លឹកថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កីឡាករកម្ពុជា ទូច រ៉ាឆាន់ ទទួលបាន​មេដាយមាស ក្នុងការប្រកួតឃីកបុកស៊ីង នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កម្ពុជា ទទួលបានមេដាយ ១៧ ក្នុងនោះ មានមេដាយមាស ២ ប្រាក់ ៤ និងមេសាយសំរិទ្ធ ១១។ កម្ពុជា ស្ថិតនៅលំដាប់ទី៨ ក្នុងចំណោម ១១ប្រទេស ឈរលើប្រ៊ុយណេ ឡាវ និងទីម័រ។ រីឯវៀតណាម បន្តឈរនៅកំពូលតារាង ដោយទទួលបាន​មេដាយ ២១៦ ( មាស ៩៥ ប្រាក់ ៥៩ និងសំរិទ្ធ ៦២​)។ បន្ទាប់មក ថៃនៅលំដាប់លេខ២ ដោយទទួលបានមេដាយ ១៤១ ( មាស ៣៨ ប្រាក់ ៤០ និងសំរិទ្ធ ៦៣ )។ ហ្វីលីពីន នៅលេខ៣ ទទួលបានមេដាយ ១១៧ (មាស ៣៣ ប្រាក់ ៣៧ និងសំរិទ្ធ ៤៧​)។

សូមរម្លឹកថា កម្ពុជា បានបញ្ជូនប្រតិភូកីឡា សរុប ៥៥០នាក់ ទៅចូលរួមការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម ដែលត្រូវប្រកួត ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

ប្រតិភូកីឡាកម្ពុជា ទាំង ៥៥០នាក់ រួមមាន៖ កីឡាករ ២៣៥នាក់ កីឡាការិនី ១២៤នាក់ គ្រូបង្វឹក ៩៣នាក់ អ្នកដឹកក្រុមចំនួន ២៤នាក់ CAMSOC ចំនួន ៣៣នាក់ និងថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាល ៥៣នាក់។

កីឡាករ-កីឡាការិនីកម្ពុជា ត្រូវចូលរួមប្រកួត ៣៣ប្រភេទកីឡា។ ចំណោមកីឡាទំាង ៣៣ប្រភេទ ត្រូវបានបែងចែកចេញជា ៣ប្រភេទកីឡា គឺប្រភេទកីឡាសក្តានុភាព ចំនួន ១១ រួមមាន តេក្វាន់ដូ WT ប៉េតង់ ជីជិតស៊ូ ប្រដាល់គុនខ្មែរ ប្រដាល់សកល វាយកូនបាល់ វូវ៉ូណាម ចំបាប់ សូហ្វតិន្នីស ការ៉ាតេ និងឃិតបុកស៊ីង។ ប្រភេទយុទ្ធសាស្រ្ត មាន ៤ គឺគុនដាវ បាល់បោះនារី ៣ x៣ កីឡារាំ និងហែលទឹក។

ក្រៅពីនោះ នៅមានប្រភេទកីឡាប្រជាប្រិយ ១៨ប្រភេទ ដូចជា អត្តពលកម្ម បាល់ទាត់ U20 បាល់ទះក្តារ បាល់ទះឆ្នេរខ្សាច់ បាល់បោះបុរស កាយសម្ព័ន្ធ ទ្រីយ៉ាត្លុង វាយសី វាយកូនឃ្លីលើតុ ប្រណំាងទោចក្រយាន សីដក់ វាយកូនគោល យូដូ ទូកប្រពៃណី/កានូ កាយវប្បកម្ម លើកទម្ងន់ អ៊ីស្ពត អុកចិន និងប៊ីយ៉ា។

សូមបញ្ជាក់ថា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីខែធ្នូ ឆ្នាំ២០១៩ កម្ពុជា ស្ថិតនៅលំដាប់ទី៨ ដោយទទួលបានមេដាយ សរុប ៤៦ គឺមាស ៤ ប្រាក់ ៦ និងមេដាយសំរិទ្ធ ៣៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ