ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី ដែលមានប្តីស្លា.ប់​ដោយគ្រោះថ្នាក់​ចរាចរណ៍ ចោលកូន ៥នាក់ ទាមទារ​យុត្តិធម៌ និង​សំណង

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​៖ ស្រ្តីមេម៉ាយ​កូន ៥នាក់ ក្នុងបន្ទុក បានលើកដៃសំពះ ស្រែកទ្រហោយំ អង្វរឱ្យ​ថ្នាក់ដឹកនាំ​ខេត្តប៉ៃលិន ជួយរកយុត្តិធម៌ ជាពិសេសស្ថាប័នតុលាការ ក្រោយប្តីរបស់ខ្លួន…

ខេត្តប៉ៃលិន​៖ ស្រ្តីមេម៉ាយ​កូន ៥នាក់ ក្នុងបន្ទុក បានលើកដៃសំពះ ស្រែកទ្រហោយំ អង្វរឱ្យ​ថ្នាក់ដឹកនាំ​ខេត្តប៉ៃលិន ជួយរកយុត្តិធម៌ ជាពិសេសស្ថាប័នតុលាការ ក្រោយប្តីរបស់ខ្លួន ដែលជាអ្ន​ក​រត់ម៉ូតូឌុប ត្រូវបានរថយន្តស៊េរីទំនើប បើកបរក្នុងល្បឿនលឿន បុកចំពីក្រោយពេញទំហឹង បណ្តាលឱ្យខ្ទាតបោកក្បាល ទៅនឹងផ្លូវថ្នល់ ស្លា.ប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ស្រ្តីម្នាក់ទៀត ដែល​ជិះម៉ូតូជាមួយជនរងគ្រោះ រងរបួសបាក់ជើងឆ្វេង។ ចំណែករថយន្តបង្ក បានបន្ថែមល្បឿន បើករត់គេចខ្លួន លុះក្រោយមក ស្រាប់តែពឹងអ្នកផ្សេង ឱ្យចេញមុខ រត់ការបង់ថ្លៃសំណង តែរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមគ្រួសារជនរងគ្រោះ កំពុងទន្ទឹងរង់ចាំ ព្រោះមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។

គាត់សង្ស័យថា ជនបង្កបានឃុបឃិតគ្នា ជាមួយនឹងមន្រ្តីនគរបាលចរាចរណ៍ជើងគោក ខេត្តប៉ៃលិន ចង់បិទសំណុំរឿងនេះ ចោល ព្រោះពន្យារពេលរហូត។

សូមបញ្ជាក់ថា ​កាលពីវេលាម៉ោង ០៥ និង២៣នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ មានករ​ណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើបណ្តោយផ្លូវជាតិលេខ៥៧ រវាងម៉ូតូ និងរថយន្ត ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។

ជនរងគ្រោះ មានឈ្មោះ ណុប ជា អាយុ ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសក្បាលធ្ងន់ធ្ងរ ក្រោយមកបានស្លា.ប់ ដោយបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម (Honda dream) ស៊េរី 2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1G-4601 (ខូចខាតស្រាល)។ អ្នករួមដំណើរ ឈ្មោះ ឈន សាន ភេទស្រី អាយុ ៦៥ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (របួសបាក់ជើងឆ្វេង)។

ចំណែកជនបង្ក មិនស្គាល់អត្តសញ្ញណ ដោយបើកបររថយន្ដ ម៉ាកឡិចស៊ីស 330 ពណ៌ស គ្មានស្លាកលេខ បានរត់គេចខ្លួន។

ប្រភពព័ត៌មានពីស្រ្តី ឈ្មោះ ឈៀង បឿត អាយុ ៤៣ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ទាំងបង្ហូរទឹកភ្នែករហាម គួរឱ្យអាណិតអាសូរស្ទើរខ្លោចចិត្តថា ​ប្តីរបស់​គាត់ ប្រកបមុខរបររត់ម៉ូតូឌុប ដើម្បីចិញ្ចឹមគ្រួសារ ដោយ ១ថ្ងៃ បានថវិកា ៤០០០០រៀល ទៅ ៥០០០០រៀល ខណ:មានកូន ៥នាក់ ក្នុងបន្ទុក ប្រុស ៣នាក់ ស្រី ២នាក់ ដោយកូនច្បង អាយុ ២០ឆ្នាំ កូនពៅ អាយុ ៣ឆ្នាំ។

គាត់បានបន្តទាំងក្តីអាឡោះអាល័យប្តីរបស់ខ្លួនថា ចាប់តាំងពីប្តី ត្រូវរថយន្តបុកស្លា.ប់ ធ្វើឱ្យគ្រួសារគាត់ជួបនឹងបញ្ហាជីវភាពខ្វះខាតយ៉ាងខ្លាំង។ កាលពីមុន កូនប្រុសទី៣ របស់ខ្លួន ពេលទៅរៀនម្តងៗ ត្រូវឪពុកដឹកយកទៅសាលារៀន មុននឹងចេញទៅរត់ម៉ូតូឌុប លុះពេលគាត់ស្លា.ប់ចោល ស្រាប់តែកូនរបស់ខ្លួន នៅអង្គុយរង់ចាំឪពុកទៅដឹកចេញពីសាលា រហូតដល់ថ្ងៃត្រង់ ដោយភ្លេចខ្លួនថា ឪពុកបានស្លា.ប់ចោល ដែលធ្វើឱ្យគាត់ លួចស្រក់ទឹកភ្នែកយំម្នាក់ឯង ពេលឃើញកូននិយាយថា​ «រង់ចាំប៉ា មកដឹកយកទៅផ្ទះវិញ»។

ស្ត្រីរូបនេះ បន្តថា កូនតូច អាយុ ៣ឆ្នាំ តែងតែសួរនាំ រកឪពុករបស់ខ្លួន គ្រប់ពេលវេលា ព្រោះពីមុន ពេលចេញពីរត់ម៉ូតូឌុបម្តងៗ គាត់តែងតែទិញនំបញ្ចុក និងនំចំណីផ្សេងៗ ផ្ញើប្រពន្ធកូន រាល់ថ្ងៃ ហើយក៏ធ្វើឱ្យគាត់នឹកឃើញអនុស្សាវរីយ៍ដ៏កំសត់កម្រ ដែលយំបង្ហូរទឹកភ្នែកជារៀងរាល់ថ្ងៃ ខណ:ដែលប្តីបានស្លា.ប់អស់រយ:ពេលជាងកន្លះខែមកហើយ។

ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ គាត់មិនទាន់ទទួលបានសំណងពីជនបង្កហេតុនៅ​ឡើយទេ ដោយរូបគេ បានពឹងមន្រ្តីនគរបាលស្នងការដ្ឋាន​ខេត្តម្នាក់ ឱ្យដោះស្រាយ ដោយសន្យា​ឱ្យថ្ងៃនេះ ថ្ងៃនោះ រហូត។ តែអត់បានទទួលថវិកាថ្លៃសំណង សូម្បីតែ ១០០រៀលនៅឡើយទេ គឺគាត់ទាមទារចំនួន ១៥០០០ដុល្លារ សម្រាប់យកមកធ្វើបុណ្យសពប្តី និងទុកមួយចំនួន សម្រាប់ចិញ្ចឹមកូនតូចៗ ទៅថ្ងៃខាងមុខ។

ប្រពន្ធជនរងគ្រោះ ក៏បានលើកដៃសំពះអង្វរឱ្យថ្នាក់ដឹកនាំខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជួយអន្តរាគមន៍ និងរកយុត្តិធម៌ ជូនប្តីរបស់គាត់ផង ព្រោះរហូតមកដល់​ពេលនេះ ជនបង្កមិនព្រមចេញមុខផ្តល់សំណងឱ្យគ្រួសារគាត់នោះឡើយ។

ប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ជនបង្កបើករថយន្តទំនើបខាងលើ បានស្គាល់គ្នា ជាមួយនឹងមន្រ្តីនគរបាលចរាចរណ៍​ជើងគោកខេត្តប៉ៃលិន ដោយមិនព្រមចេញមុខចរចា​ដោះស្រាយខ្លួនឯងនោះទេ ពោលគឺគេចមុខតែម្តង ព្រោះនៅថ្ងៃកើតហេតុ គេសង្ស័យ តែមានការផឹកស៊ីជួបជុំមិត្តភក្តិ ក្នុងក្រុងប៉ៃលិន លុះស្រវឹង ទើបបើកបររថយន្តក្នុងល្បឿនលឿន នៅចំកណ្តាលក្រុង ពេលមនុស្សកំពុងមមាញឹក បណ្តាលឱ្យបុកម៉ូតូជនរងគ្រោះ ពីក្រោយពេញទំហឹង បណ្តាលឱ្យមានអ្នករងរបួសបាក់ជើង និងស្លា.ប់បែបនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជា សីហា នាយការិយាល័យចរាចរណ៍ជើងគោក ខេត្តប៉ៃលិន បានឱ្យដឹងថា  ការចោទប្រកាន់ពីអ្នកដទៃថា លោកស្គាល់គ្នាជាមួយនឹងជនបង្ក ហើយមិនព្រម​ចេញមុខ​ដោះស្រាយនោះមិនមែនជារឿងពិតទេ ដោយលោក មិនបានស្គាល់ជន ដែលបើកបររថយន្តខាងលើឡើយ។

លោក ជា សីហា បន្តថា តែក្រោយមក មានលេខទូរស័ព្ទ ១ខ្សែ បានទាក់ទងមកខាងលោក ឱ្យ​ជួយសម្របសម្រួល ខណ:គ្រួសារជនរងគ្រោះ ដែលស្លា.ប់ ទារសំណង ១៥០០០ដុល្លារ រីឯជនរងគ្រោះ ដែលបាក់ជើងឆ្វេង ទារសំណងចំនួន ៧០០០ដុល្លារ។

លោកបន្តទៀតថា អ្នកបើកបររថយន្ត មិនទាន់ឆ្លើយយល់ព្រមសងនៅឡើយទេ ដោយខាងលោក លំបាកទាក់ទង ព្រោះគេអះអាងថា រស់នៅខេត្តពោធិ៍សាត់ ហើយនៅរសៀលថ្ងៃទី១៦ ខែឧសភា ២០២២ នេះ គេនឹងមកជួបគ្រួសារជនរងគ្រោះ ដើម្បីដោះស្រាយ ហើយបើសិនជាចរចា​មិនត្រូវគ្នាទេ ខាងលោក នឹងរៀបចំសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូង ឱ្យចាត់ការតាមនីតិវិធី។

យ៉ាងណាក៏ដោយ ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះ ក្រៅពីផ្តល់សំណងដល់គ្រួសារ​ជនរងគ្រោះ និងជនរងគ្រោះ គឺអ្នកបើកបររថយន្ត បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ក៏ត្រូវប៉ូលិស ចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ផងដែរ​៕ ​នីយ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ