ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆេះ​ផ្ទះ​គ្រូបង្ហាត់​ក្បាច់គុន​ល្បុក្កតោ​ផ្អើល​កូនសិស្ស​កំពុង​ដេក​លង់លក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទះ​ទុក​សម្ភារៈ​សំរាប់​ហាត់​ក្បាច់គុន របស់​លោកគ្រូ​ល្បុក្កតោ​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​ទុក​សម្ភារៈ​សំរាប់​ហាត់​ក្បាច់គុន របស់​លោកគ្រូ​ល្បុក្កតោ​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដើម្បី​អន្តរាគមន៍ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ក្នុង​បុរី​សូ​នី ស្ថិត​នៅផ្ទះ​ហាត់​ក្បាច់គុន​ល្បុក្កតោ លេខ​៣៣១A ផ្លូវ​៨១ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ បៀ​ន វឌ្ឍនៈ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​និស្សិត ចំណែក​គ្រូបង្ហាត់​ក្បាច់គុន​ល្បុក្កតោ មានឈ្មោះ ឆ​ន ចាន់​រតនៈ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​គ្រូបង្ហាត់​ក្បាច់គុន​ល្បុក្កតោ​។ ហើយ​ផ្ទះ​ដែល​ឆាបឆេះ​នេះ គឺជា​ប្រភេទ​ផ្ទះល្វែង ទំហំ​៤​ម៉ែត្រ​គុណ​និង​១៦​ម៉ែត្រ ។

បើ​តាម​ការ​រៀបរាប់​របស់​កូនសិស្ស​ដែល​សម្រាក​នៅ​ទីនោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​កំពុង​តែ​សម្រាក​លង់លក់​ដូច​សព្វដង ពេល​នោះ​ក៏​ស្រាប់តែ​ចេះ​តែ​មាន​ចំហាយ​ក្តៅ​ទៅ​ៗ ហើយ​ពួក​គាត់​ក៏​បាន​បើកភ្នែក​ឡើង ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ចេញពី​បន្ទប់​ដាក់​សម្ភារៈ​សម្រាប់​ហាត់​ក្បាច់គុន និង អ​ស្ណៈ​បូជា យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ ពួក​គាត់​ក៏​បាន​ស្រែក​ឆោឡោ​ថា «​មាន​ភ្លើង​ឆេះ​ៗ» និង​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់​ជិត​១០​បំពង់ តែ​នៅ​មិន​រលត់ ក៏​បាន​ទំនាក់ទំនង​ហៅ​សមត្ថកិច្ច​សុំ​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចេញ​អន្តរាគមន៍​ចំនួន​២​គ្រឿង និង​ធ្វើការ​បាញ់​ពន្លត់​អស់​ទឹក​មួយ​រថយន្ត ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​អស់​នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​យប់​ថ្ងៃ​ដដែល​វិញ ។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បានអោយ​ថា ការ​ឆាបឆេះ​នេះ មិន​មាន​រាលដាល​ដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​គ្រាន់តែ​ឆេះ​បន្ទប់​ដាក់​សម្ភារៈ​សម្រាប់​ហាត់​ក្បាច់គុន គ្រែ​ពូក អស់​សម្ភារៈ​ទាំងស្រុង តែ​មិន​មាន​គ្រោះ​ដល់​ដល់​មនុស្ស​នោះ​ទេ ។ ចំពោះ​មូលហេតុ ដែល​បណ្ដាល​អោយ​ឆាបឆេះ គឺ​មក​ពី​ម្ចាស់ផ្ទះ​ដុត​ទៀន​ធូប ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ