ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការបង្ហោះហ្វេសប៊ុកមួយពីក្រុមគ្រួសាររបស់ក្មេងប្រុសទាំង២នាក់ថា មានករណីចាប់ក្មេងជំរិតដាក់ញាត់ចូលទៅក្នុងឡាននោះ គឺជារឿងមិនពិតនោះទេ តាមពិតក្មេងទាំង២នាក់នោះព្រោះតែខឹងឪពុកម្តាយអប់រំ និងវា.យផង ទើបធ្វើឱ្យក្មេងៗទាំងនោះនាំគ្នារត់ចេញពីផ្ទះ ហើយខណៈពេលនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងបើកការស៊ើបអង្កេតភ្លាមៗផងដែរ។
![Picture]()
សេចក្តីរាយការណ៍បន្តថា ហេតុការណ៍បាត់ក្មេងប្រុសទាំង២នាក់ខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះថា កម្លាំងនគរបាលជំនាញនៃស្រុកប្រាសាទបាគង និងកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះស៊ើបអង្កេតករណីនេះយ៉ាងល្អិតល្អន់ ទៅដល់ផ្ទះរបស់ជនរងគ្រោះ រួចសន្និដ្ឋានថា ជាករណីក្មេងរត់ចេញផ្ទះ ព្រោះតែខឹងឪពុកម្តាយតែងតែអប់រំ និងវា.យជារឿយៗ ប៉ុន្តែមិនមែនជាករណីចាប់ជំរិតក្មេងប្រុសទាំង២នាក់នោះទេ។
![Picture]()
ប្រភពដដែលបានបន្តថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយបានទទួលព័ត៌មានពីឈ្មោះ ប៉ិច សុខេន ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលត្រូវជាម្ដាយក្មេងរងគ្រោះបានរាយការណ៍មកថា កូនប្រុសទាំង២នាក់របស់ខ្ញុំ ដោយម្នាក់ឈ្មោះ ហ៊ុន គឹមហេង អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហ៊ុន សុខវិសាល អាយុ៩ឆ្នាំ កាលពីវេលាម៉ោង៦និង០០នាទីព្រឹក បានចេញទៅរៀននៅសាលាអនុវិទ្យាល័យធ្លកអណ្ដូង ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប ហើយតែងតែមកដល់ផ្ទះនៅម៉ោង១២និង៣០នាទីរសៀល។
![Picture]()
ប្រភពពីសមត្ថកិច្ចបានបន្ថែមថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង៦និង០០នាទីព្រឹក កូនរបស់គាត់ទាំង២នាក់បានចេញទៅរៀនតាមទំលាប់ដូចរាល់ដង ដោយឌុបគ្នាជាមួយបងប្អូន ហើយរហូតដល់ម៉ោងជិត១រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្រាប់តែមិនឃើញកូនៗមកវិញ គាត់ក៏បានទូរស័ព្ទទៅកូនតែមិនចូល ដោយប្លែក ព្រោះរាល់ដងកូនគាត់មិនដែលបិទទូរស័ព្ទទេ ហើយគាត់ក៏បានទូរស័ព្ទសួរបងប្អូនថា តើបានឃើញកូនដែរឬទេ? ប៉ុន្តែបងប្អូនប្រាប់ថា «អត់ឃើញទេ» ទើបគាត់និងប្ដី ព្រមទាំងបងប្អូន បាននាំគ្នាដើររក តែដើររកមិនឃើញ រហូតមកដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នេះ។
![Picture]()
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ទៀតថា បើបងប្អូនណាបានឃើញភិនភាគដូចរូបភាពខាងលើ សូមទំនាក់ទំនងមកលេខទូរស័ព្ទក្មេងប្រុសទាំង២នាក់ដែលមានលេខ ៖ ០៦៩ ៦១៣ ៧០៦ និងលេខទូរស័ព្ទដៃរបស់ឪពុកម្តាយ ៖ ០៨៥ ៣៥៣ ៥០២។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភានេះដែរថា ដោយឃើញនូវការ (បង្ហោះ Facebook របស់ឪពុកម្តាយក្មេងប្រុសទាំង២នាក់ថា ករណីចាប់មនុស្សដាក់ឡាន) ទើបលោកកម្លាំងជំនាញនគរបាលខេត្តសៀមរាប បានចុះស៊ើបអង្កេតជាមួយនឹងគ្រួសាររងគ្រោះ ហើយគ្រួសាររងគ្រោះបាននិយាយថា គាត់ផុសហ្វេសប៊ុកបែបនេះគឺដើម្បីយកចំណាប់អារម្មណ៍ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែប៉ុណ្ណោះ។
![Picture]()
លោកបន្តថា ពេលសមត្ថកិច្ចទៅដល់លំនៅដ្ឋានរបស់គ្រួសាររងគ្រោះ គេឃើញកូនជ្រូកដែលម្ដាយសន្សំលុយ ត្រូវបានកូនវា.យបំបែកយកលុយអស់ ហើយខោអាវរបស់កូនៗក៏បាត់អស់មួយចំនួនផងដែរ។
លោកបន្តទៀតថា ករណីខាងលើនេះ សមត្ថកិច្ចនគរបាលការិយាល័យជំនាញបានសន្និដ្ឋានថា មិនមែនជាករណីចាប់ក្មេងដាក់ឡាននោះទេ អាចជាករណីក្មេងរត់ចេញពីផ្ទះ ព្រោះតែម្ដាយរបស់ក្មេងតែងតែអប់រំ និងវា.យពួកគេជាញឹកញាប់ ទើបធ្វើឱ្យពួកគេរត់ចោលផ្ទះបែប នេះ។
លោកក៏បានសំណូមពរឱ្យមហាជន និងបណ្ដាញសង្គមហ្វេសប៊ុក មេត្តាបញ្ចេញនូវព័ត៌មានដែលពិត កុំបំប៉ោងនាំឱ្យពុលសង្គម។ លោកបានបញ្ជាក់ទៀតថា ករណីខាងលើនេះ កម្លាំងនគរបាលជំនាញយើងកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកក្មេងទាំងនោះយកមកផ្ទះជូនឪពុកម្តាយវិញហើយ៕
ចែករំលែកព័តមាននេះ