ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ប្រគល់ប័ណ្ណ​កម្មសិទ្ធិដីធ្លី ជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋ ក្នុងឃុំ ៣ នៅស្រុកភ្នំស្រួច​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ លោក ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤៥៣…

ខេត្តកំពង់ស្ពឺ៖ លោក ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤៥៣ ប័ណ្ណ ជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងឃុំចំនួន ០៣ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពិធីជួបជុំនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

លោក​ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា អំពើល្អ និងសមត្ថភាពដឹកនាំរបស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់នូវយុត្តិធម៌ដល់​សម្តេច តាមរយៈទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក៏ដូចជា ការទទួលស្គាល់ប្រកបដោយកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំនៃគ្រប់បណ្តា​ប្រទេសជាមិត្ត។ ជាក់ស្តែង ក្នុងកិច្ចប្រជុំកំពូល​អាស៊ាន-សហរដ្ឋអាមេរិក ដែលទើបបញ្ចប់ទៅថ្មីៗនេះ បានដំណើរការទៅប្រកបដោយភាពជោគជ័យ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក្នុងនាម សម្តេចតេជោ ជាប្រធានអាស៊ាន ឆ្នាំ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសការទទួលរាក់ទាក់ដ៏ស្និទ្ធស្នាលពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋ​អាមេរិក និងកាណាដារាប់ពាន់នាក់។

មេបញ្ជាការកងទ័ពជើងគោក ក៏សូមអបអរសាទរចំពោះការទទួលបានប័ណ្ណកម្មសិទ្ធិ ដែលផ្តល់​ដោយ​រាជរដ្ឋាភិបាល ជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋនៅក្នុងឃុំត្រែងត្រយឹង, ឃុំអូរ និងឃុំដំបូករូង នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាតំបន់អសន្តិសុខ ដោយសារគ្រាប់មីន និងការវាយឆ្មក់របស់កងទ័ព​ខ្មែរក្រហម ក្នុងទសវត្សរ៍ដើមឆ្នាំ១៩៩០ មុនការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ-ឈ្នះ ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពនៃស្រុកភ្នំស្រួចទាំងមូល គឹពោរពេញទៅដោយភាពសុខសាន្ត និងការរីកចម្រើនប្រែមុខប្រែមាត់ និងមានប្រជាជនរស់នៅច្រើនកុះករ។

លោក​ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត បន្ថែមថា សមិទ្ធផលក្នុងវិស័យកម្មសិទ្ធិដីធ្លីនេះ គឺមិនមែនកើតឡើង​ដោយ​ចៃដន្យនោះទេ ប៉ុន្តែគឺផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីរាជការមន្ទីរ-ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់​ដោះស្រាយ​ទុក្ខកង្វល់ និងបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិសេសការចុះបញ្ជីដីធ្លី ក៏ដូចជាការទប់ស្កាត់ និងដោះស្រាយទំនាស់ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ, តម្លាភាព, សាមគ្គីភាព និងមនោសញ្ចេតនា​យល់យោគអធ្យាស្រ័យ សំដៅធានាបាននូវភាពសុខដុមរមនាក្នុងសង្គម និងការពង្រឹងសុវត្ថិភាពនៃការកាន់​កាប់ប្រើប្រាស់ និងអាស្រ័យផល សម្រាប់ប្រជាពលរដ្ឋជាកម្មសិទ្ធិករ ដែលជាកត្តាចាំបាច់ចូលរួមចំណែកដល់​ការលើកកម្ពស់សិទ្ធសេរីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដំណើរការនៃការអភិវឌ្ឍជាតិបន្តទៅមុខ ជាពិសេសក្នុងបរិការណ៍ដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គម ក្រោម​បរិយាកាស​សុខសន្តិភាព និងស្ថិរភាព ដូចពេលបច្ចុប្បន្ន។

លោក​ឧត្តមសេនីយឯក បន្ថែមថា ការដឹកនាំរបស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល​ជាង ៣០ ឆ្នាំនេះ បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់លើវិស័យដីធ្លី និងតែងបានខិតខំជំរុញការ​អនុវត្ត​បែងចែកដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីតាំងទីលំនៅ និងបង្កបង្កើនផលតាំងតែពីឆ្នាំ១៩៨៩ មកម្ល៉េះ ព្រមទាំង​បានខិតខំចុះបញ្ជីសិទ្ធិកាន់កាប់ និងកម្មសិទ្ធិ ដើម្បីផ្តល់ភាពស្របច្បាប់ឱ្យបានរឹងមាំផងដែរ។ គិតមកទល់ពេល​នេះ ការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសបានសម្រេចនូវការចេញប័ណ្ណកម្មសិទ្ធិសរុបចំនួនជិត ៦,៥ លានប័ណ្ណ ដោយក្នុងនេះ មានទាំងការចុះបញ្ជីដីរដ្ឋ, ដីឯកជន, សម្បទានដីសង្គមកិច្ច, ដីសហគមន៍ជនជាតិដើមភាគតិច និងដីគរុភណ្ឌវត្ត ផងដែរ។

លោកសូមគោរពអរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងបានគិតគូរផ្តល់ភាពកក់ក្តៅ​ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន គ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅជាប់​រហូតមក ដោយបានដាក់ចេញនូវគោលនយោបាយប្រកបដោយសមធម៌ និងត្រឹមត្រូវលើវិស័យដីធ្លី ព្រមទាំង​បាន​យកចិត្តទុកដាក់ជួយសម្របសម្រួលដោះស្រាយបញ្ហានានាប្រកបដោយសច្ចធម៌ និងគុណធម៌ រួមមានការ​មិន​យកពន្ធលើដីស្រែចំការ និងការដាក់ចេញនូវ “គោលនយោបាយចាស់ សកម្មភាពថ្មី” លើវិស័យដីធ្លី តាមរយៈ​បទ​បញ្ជាលេខ ០១ បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ដោយអនុលោមតាមគោលនយោបាយស្តីពីការពង្រឹង​ប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លី ដូចដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០២ មកម្ល៉េះ សំដៅធ្វើយ៉ាងណាផ្តល់នូវកម្មសិទ្ធិស្របច្បាប់ជូនបងប្អូនប្រជាជន ដែលបាននិងកំពុងរស់នៅ និងបង្ក​បង្កើន​ផលដាំដុះនៅលើដីដែលមិនទាន់ស្របច្បាប់ សំដៅធានាបាននូវសុត្ថិភាពនៃការកាន់កាប់ដីធ្លី សុវត្ថិភាព​សង្គម ការកាត់បន្ថយភាពក្រីក្រ និងជម្រុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ