រាជធានីភ្នំពេញ ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានថ្លែងថា អាស៊ាន គឺស្ថិតនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិកមានភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាមេរិក-អាស៊ាន ។
ក្នុងកិច្ចប្រជុំជាមួយផ្នែកធុរកិច្ចអាស៊ាន-អាមេរិក ក៏ដូចជា ពិធីពិសាហារភោជនីហារពេលល្ងាចជាមួយបណ្តាមេដឹកនាំអាស៊ាននៅថ្ងៃ១២ ខែឧសភា លោក ចូ បៃឌិន បានបញ្ជាក់ថា៖ «រយៈពេល៤៥ឆ្នាំហើយ នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយអាស៊ាន ហើយកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ានលើកនេះ គឺមានលក្ខណៈពិសេសដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយជាទំព័រថ្មី និងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។
![Picture]()
អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិកមានភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និងអាស៊ាន ហើយការដែលទទួលអាហារពេលល្ងាចនេះ គឺដើម្បីអបអរសាទរនៅក្នុងការពង្រឹង ជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អជាមួយអាស៊ាន» ។
ចំណែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាវិញ ក្នុងនាមជាប្រធានអាស៊ាន បានគូសបញ្ជាក់ដែរថា ឆ្នាំនេះ គឺជាខួបលើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-អាមេរិក ហើយពេលនេះជាវិធីមួយដ៏សាកសមដែលថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកបានជួបជុំគ្នានៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃភាពជាដៃគូដ៏យូរអង្វែង ។ សម្តេចតេជោបានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទអាស៊ានរួមគ្នា ធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលផ្អែកលើស្មារតីអាស៊ានបាននិងកំពុងខិតខំរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអនុវត្តវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្ន ។
សម្ដេចតេជោបន្តទៀតថា អាស៊ានវា.យតម្លៃខ្ពស់រាល់កិច្ចការអាមេរិក បានធ្វើសម្រាប់តំបន់។ ក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចថ្លែងអំណរគុណចំពោះប្រធានាធិបតី និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក គាំទ្រតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាន។ សម្តេចតេជោថា ជាមួយនឹងសន្ទុះដែលបាននិងកំពុងវិវឌ្ឍយ៉ាងលឿននៃការឈានឆ្ពោះទៅរកប្រយោជន៍រួមតែមួយ សម្ដេចបានអញ្ជើញលោកប្រធានាធិបតី ចូ បៃឌិន ដោយផ្ទាល់ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខ។
ក្នុងឱកាសនោះដែរ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានសម្របសម្រួល កិច្ចសន្ទនារវាងអាស៊ានអាមេរិកនេះ បានលើកឡើងថា នឹងបន្តពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយសហរដ្ឋអាមេរិកដែលនឹងដំឡើងពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងអាស៊ានអាមេរិកនេះ មានន័យថា នេះជាកម្រិតខ្ពស់បំផុតនៅក្នុងក្របខណ្ឌអាស៊ាន៕
ចែករំលែកព័តមាននេះ