ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនមិនស្គាល់ជាមុខសញ្ញាដែលតែងតែគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចទ្រព្យសម្បត្ដិដ៏កក្រើកនៅក្នុងឃុំស្នឹង ស្រុកបាណន់ និងនៅតាមបណ្ដាស្រុកមួយចំនួន ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត ស្រាវជ្រាវឃាត់ខ្លួនបានហើយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ខណៈពេលដែលជននេះ កំពុងតែធ្វើដំណើរតាមផ្លូវដល់ត្រង់ចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ហើយជនដៃដល់ គឺជាជនជាតិសៀម។
![Picture]()
ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដែលដឹកនាំកិច្ចប្រតិបត្តិការនេះ ផ្ទាល់ លោក ឈឿង គឹមសុង បានឲ្យផ្ដល់ព័ត៌មាននេះជាបឋមថា ជនសង្ស័យ គឺជាជាតិថៃ (សៀម) ដែលមានប្រវត្តិធ្វើចោរប្រព្រឹត្តអំពើចោរកម្មបែបនេះ ជាមួយបក្សពួកជាច្រើននាក់ទៀត ច្រើនឆ្នាំមកហើយ។ ជននេះគឺជាមុខសញ្ញាដែលកម្លាំងជំនាញរបស់លោកតែងតែតាមប្រមាញ់ជាប្រចាំ រហូតឈានដល់ការឃាត់ខ្លួនបាននៅពេលនេះ។
បើតាមបទល្មើស ដែលជននេះបានប្រព្រឹត្តចុងក្រោយ ហើយត្រូវសមត្ថកិច្ចកំណត់ថា ចោរជនជាតិថៃម្នាក់នេះ ជាមុខសញ្ញា គឺជននេះ បានចូលគាស់ផ្ទះគ្រូពេទ្យសត្វម្នាក់នៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ នៅវេលាទៀបភ្លឺថ្ងៃទី០៥ ឧសភា។
![Picture]()
លោក ឈឿង គឹមសុង បាននិយាយថា ក្រោយពីម្ចាស់ផ្ទះបានរៀបរាប់ពីភិនភាគ នៃជនសង្ស័យ ទើបយើងកំណត់មុខសញ្ញាបានថា ជនដៃដល់អាចជាជនជាតិថៃម្នាក់នោះ ដែលសមត្ថកិច្ចរបស់លោកធ្លាប់ចាប់ខ្លួនម្ដង តែក្រោយមកជននេះ បានរត់រួចផុតពីកណ្ដាប់ដៃសមត្ថកិច្ចវិញ ទើបយើងស្គាល់ពីភិនភាគជនម្នាក់នេះ។ ចោរជើងខ្លាំងម្នាក់នេះ ជាជនជាតិថៃ មានប្រពន្ធខ្មែរ រស់នៅភូមិចម្លងរម៉ាំងលើ ឃុំអូរសំរិល ស្រុកសណឡូត។
បើតាមលោក ឈឿង គឹមសុង បានបញ្ជាក់ថា តាមការស្រាវជ្រាវ នៃព្រឹត្តិហេតុដែលជននេះបានប្រព្រឹត្តចុងក្រោយ គឺមានចំនួន០៣ករណី ដោយនៅក្នុងស្រុកបាណន់ចំនួន០២ករណី និងនៅស្រុករតនមណ្ឌល ចំនួន០១ករណី ប៉ុន្តែជននេះ បានសារភាពទទួលស្គាល់តែចំនួន០២ករណីតែប៉ុណ្ណោះ។
![Picture]()
ជននេះបានសារភាពថា លើកទី១ ខ្លួនបានគាស់ផ្ទះប្រជាពលរដ្ឋនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ដែលម្ចាស់ផ្ទះមានឈ្មោះ ឆោម សំអាត លួចបានភាគច្រើនគ្រឿងអលង្ការ និងប្រាក់មួយចំនួន និងលើកទី២ ខ្លួនបានចូលគាស់ផ្ទះគេមួយកន្លែងទៀតនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ នៅវេលាទៀបភ្លឺថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដែលម្ចាស់ផ្ទះឈ្មោះ សាន សុខា លួចបានគ្រឿងអលង្ការ និងប្រាក់ជាច្រើនទៀត។
ដោយឡែកពាក់ព័ន្ធនឹងករណីគាស់ផ្ទះលោកគ្រូពេទ្យ ម៉េង គឹមហួយ នៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លួចប្រាក់ និងគ្រឿងអលង្ការអស់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះ ដំបូងជននេះ បានសារភាពទទួលស្គាល់ថា «បានប្រព្រឹត្តដែរ» តែក្រោយមក លោកចោរជនជាតិសៀមម្នាក់នេះ បានឆ្លើយបដិសេធវិញថា «មិនចាំទេ ព្រោះច្រើនកន្លែងពេក និងមិនស្គាល់ភូមិសាស្ត្រ»។
![Picture]()
លោកឈឿង គឹមសុង បានបញ្ជាក់ថា បើតាមការស្រាវជ្រាវកន្លងមក ជននេះបានធ្វើសកម្មភាពបែបនេះ ជាច្រើនកន្លែងណាស់ តែពេលនេះមន្ត្រីជំនាញរបស់លោកកំពុងធ្វើការសួរនាំតាមនីតិវិធីបន្ដសិន ដើម្បីស្រាវជ្រាវរកទីតាំងបទល្មើសដែលជននេះប្រព្រឹត្ត និងស្វែងរកវត្ថុតាង៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ