ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ទទួលមេដាយមាស លើកដំបូង ក្នុង​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កីឡាករកម្ពុជា ទូច រ៉ាឆាន់ ទទួលបានមេដាយមាស ក្នុងការប្រកួតឃីកបុកស៊ីង នៅព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី១៣…

ភ្នំពេញ៖ កីឡាករកម្ពុជា ទូច រ៉ាឆាន់ ទទួលបានមេដាយមាស ក្នុងការប្រកួតឃីកបុកស៊ីង នៅព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២​ នេះ​។ កីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ (បឺត សង្ឃឹម) បានដណ្ដើមមេដាយមាស លើកដំបូង សម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ បន្ទាប់ពីយកឈ្នះកីឡាករថៃ Arunno Sivapan ដោយពិន្ទុ​ លើវិញ្ញាសារទម្ងន់ ៥៧គីឡូក្រាម​។

សូមរម្លឹកថា កម្ពុជា បានបញ្ជូន​ប្រតិភូកីឡា សរុប ៥៥០នាក់ ទៅចូលរួម​​ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម ដែល​ត្រូវប្រកួត ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។​

​ប្រតិភូកីឡាកម្ពុជា ទាំង ៥៥០នាក់ រួមមាន៖ កីឡាករ ២៣៥នាក់ កីឡាការិនី ១២៤នាក់ គ្រូបង្វឹក ៩៣នាក់ អ្នកដឹកក្រុមចំនួន ២៤នាក់ CAMSOC ចំនួន ៣៣​នាក់ និង​ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាល ៥៣​នាក់។

​កីឡាករ-កីឡាការិនីកម្ពុជា ត្រូវចូលរួមប្រកួត ៣៣ប្រភេទកីឡា។ ចំណោមកីឡាទំាង ៣៣ប្រភេទ ត្រូវបាន​បែងចែកចេញជា ៣ប្រភេទកីឡា គឺប្រភេទកីឡាសក្តានុភាព ចំនួន ១១ រួមមាន តេក្វាន់ដូ WT ប៉េតង់ ជីជិតស៊ូ ប្រដាល់គុនខ្មែរ ប្រដាល់សកល វាយកូនបាល់ វូវ៉ូណាម ចំបាប់ សូហ្វតិន្នីស ការ៉ាតេ និងឃិតបុកស៊ីង។ ប្រភេទយុទ្ធសាស្រ្ត មាន ៤ គឺគុនដាវ បាល់បោះនារី ៣x៣ កីឡារាំ និងហែលទឹក។

ក្រៅពីនោះ នៅមានប្រភេទកីឡាប្រជាប្រិយ ១៨ប្រភេទ ដូចជា អត្តពលកម្ម បាល់ទាត់ U20 បាល់ទះក្តារ បាល់ទះឆ្នេរខ្សាច់ បាល់បោះបុរស កាយសម្ព័ន្ធ ទ្រីយ៉ាត្លុង វាយសី វាយកូនឃ្លីលើតុ ប្រណំាងទោចក្រយាន សីដក់ វាយកូនគោល យូដូ ទូកប្រពៃណី/កានូ កាយវប្បកម្ម លើកទម្ងន់ អ៊ីស្ពត អុកចិន និងប៊ីយ៉ា។ ​

គិតត្រឹមយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កម្ពុជាស្ថិតនៅលេខរៀងទី៨ ក្នុងចំណោមសមាជិកអាស៊ាន ១០ប្រទេស ដោយកម្ពុជា ទទួលបានមេដាយមាស ១ ប្រាក់ ៣ និងមេដាយសំរិទ្ធ ២។ កម្ពុជាឈរនៅលើឡាវ ​ប្រ៊ុយណេ និងទីម័រ។

ដោយឡែក លទ្ធផលបណ្តោះអាសន្ន គិតត្រឹមយប់ថ្ងៃទី១៣ឧសភា គឺម្ចាស់ផ្ទះ វៀតណាម ទទួលបានមេដាយច្រើនជាងគេ ចំនួន ៥៦ គឺមេដាយមាស ២៤ ប្រាក់ ១១ និងសំរិទ្ធ ២១។ រីឯម៉ាឡេស៊ី នៅលេខ២ ដោយទទួលបានមេដាយ សរុប ២៩ គឺមាស ១១ ប្រាក់ ៣ និងសំរិទ្ធ ១៣។ ឥណ្ឌូនេស៊ី នៅលេខ៣ ទទួលបានមេដាយ ១៧ គឺមាស ៦ ប្រាក់ ៩ និងមេដាយសំរិទ្ធ ២។

សូមបញ្ជាក់ថា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីខែធ្នូ ឆ្នាំ២០១៩ កម្ពុជា ស្ថិតនៅលំដាប់ទី៨ ដោយទទួលបានមេដាយ សរុប ៤៦ គឺមាស ៤ ប្រាក់ ៦ និងមេដាយសំរិទ្ធ ៣៦​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ