ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ជ្រៃ​ពុក​ផុយ​កាត់​មែក​ចេញ​ខ្លះការពារ​ដួល​រលំ​សង្កត់​ប្រាសាទបេង​មាលា

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ដើម​ជ្រៃ​មួយ​ដើម​ដែល​មាន​អង្កត់ផ្ចិត​ប្រហែល​៣០​សង្ទីម៉ែត្រ ដុះ​លើ​រោងទង​នៅ​ខាងក្នុង​ប្រាសាទបេង​មាលា ត្រង់​ថែវ​ផ្នែក​ខាងត្បូង ត្រូវ​បាន​ភ្នាក់ងារ​អភិរក្ស​ប្រាសាទបេង​មាលា រួម​នឹង​ភ្នាក់ងារ​ព្រៃឈើ​

ខេត្តសៀមរាប ៖ ដើម​ជ្រៃ​មួយ​ដើម​ដែល​មាន​អង្កត់ផ្ចិត​ប្រហែល​៣០​សង្ទីម៉ែត្រ ដុះ​លើ​រោងទង​នៅ​ខាងក្នុង​ប្រាសាទបេង​មាលា ត្រង់​ថែវ​ផ្នែក​ខាងត្បូង ត្រូវ​បាន​ភ្នាក់ងារ​អភិរក្ស​ប្រាសាទបេង​មាលា រួម​នឹង​ភ្នាក់ងារ​ព្រៃឈើ​កាប់​លះ​មែក​ធំ​តូច​ដើម្បី​សម្រាល​ទម្ងន់​មក​លើ​រចនាសម្ព័ន្ធ​ប្រាសាទ ។ ការ​សម្រេច​កាប់​លះ​មែក​នៅ​ពេល​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​អភិរក្ស​ប្រាសាទ មើលឃើញ​ថា ដើម​ជ្រៃ​មួយ​ដើម​ធំ​នេះ​បាន​ពុក​ផុយ​ពាក់កណ្តាល​ដើម ដោយសារ​មេ​ខ្មូតស៊ី និង​មាន​មែក​សាខា​ទោរទន់​ខ្លាំង ដែល​អាច​នឹង​បាក់​រលំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ប្រាសាទ និង​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ទេសចរ​។

ការងារ​នេះ​ដឹកនាំ​ដោយ​លោក​ឈរ ថា​ណាត អគ្គនាយករង​ទទួល​បន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន និង​លោក​ឈាន រ​ដ្ឋា ប្រធាន​ស្តីទី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​។

លោក​ឈាន រ​ដ្ឋា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦​ថា ស្ថានភាព​ដើម​ជ្រៃ​ដែល​ក្រុមការងារ​សម្រេច​កាប់​លះ​មែក​នៅ​ពេល​នេះ​ត្រូវ​ក្រុម​អភិរក្ស​ប្រាសាទ​តាមដាន​ជា​ច្រើន​ថ្ងៃ​មក​ហើយ និង​បាន​បិទផ្លូវ​ទស្សនា​មួយ​រយៈ​ដោយសារ​ឃើញ​ស្ថានភាព​នៃ​ដើម​ជ្រៃ​ធំ​នេះ​មាន​លក្ខណៈ​ពុក​ផុយ​ខ្លាំង ឈាន​ដល់​ការ​បាក់​រលំ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។ លោក​ឈាន រ​ដ្ឋា បញ្ជាក់​ថា «​ដើមឈើ​ដែល​ដុះ​នៅ​តាម​ប្រាសាទ គឺជា​ទេសភាព​វប្បធម៌​ដ៏​ត្រកាល​ជួយ​ជា​ម្លប់ និង​រក្សា​សំណើម​នៅ​ក្នុង​ថ្ម​ប្រាសាទ ព្រមទាំង​ជួយ​លម្អ​សោភ័ណ​ភាព​ប្រាសាទ ជួយ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ ។ ប៉ុន្តែ​ករណី​ខ្លះ​វា​បង្ក​ហានិភ័យ​ដល់​ប្រាសាទ​ដែរ តែ​យើង​យក​ប្រាសាទ​ជា​កត្តា​អាទិភាព ។ ក្នុង​ករណី​នេះ យើង​ត្រូវកា​ប់យក​ចេញ​តែ​មែក​ដែល​ពុក​ផុយ គឺ​យើង​មិន​បាន​កាប់​ដកហូត​ដើម​ទាំងស្រុង​ទេ ក្នុង​គោលបំណង​រក្សា​លំនឹង​ដើមឈើ និង​ប្រាសាទ រក្សា​ទេសភាព​វប្បធម៌ និង​ការពារ​សុវត្ថិភាព​ប្រាសាទ និង​ភ្ញៀវ​ទេសចរ​» ។

បច្ចុប្បន្ន​ក្រុមការងារ​កំពុង​តែ​រៀបចំ​ផែនការ ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន ដើម្បី​ធ្វើ​ផែនទី​ហានិភ័យ​ដើមឈើ​។ ក្រោយ​បញ្ចប់​ការងារ​រៀបចំ​ផែនទី ក្រុមការងារ​នឹង​ត្រូវ​កាត់​ក្រី​មែក ឬ​កាប់​ដកហូត​ដើមឈើ​មួយ​ចំនួន​ទៀត តាម​ស្ថានភាព​ជាក់ស្តែង​ក្នុង​ប្រាសាទ និង​បរិវេណ​ប្រាសាទបេង​មាលា ដើម្បី​ការពារ ៕