ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាងតែយប់អាធ្រាត្រ​ បើកបរលឿន និងមិនប្រយ័ត្ន! ​បុកហើយ ចង់រត់ទៀត!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នារីរូបស្រស់ពីរនាក់ បានបើកបរ និងធ្វើដំណើរតាម​រថយន្តស៊េរីទំនើបមួយគ្រឿង  បើកបរលឿន មិនប្រយ័ត្ន ក៏បុករថយន្តតាក់ស៊ី Grab ដែលកំពុងដឹកភ្ញៀវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល…

ភ្នំពេញ៖ នារីរូបស្រស់ពីរនាក់ បានបើកបរ និងធ្វើដំណើរតាម​រថយន្តស៊េរីទំនើបមួយគ្រឿង  បើកបរលឿន មិនប្រយ័ត្ន ក៏បុករថយន្តតាក់ស៊ី Grab ដែលកំពុងដឹកភ្ញៀវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៥នាក់។ ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ១ និង ១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅ​រង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តតាក់ស៊ី ក្រុមហ៊ុន Grab មួយគ្រឿង ម៉ាក បាចា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-4237 និងមាននារីជាភ្ញៀវ ចំនួន ៤នាក់ រួមដំណើរពីក្រោយ តាមបណ្ដោយផ្លូវព្រះសុរាម្រិត ទិសដៅពីកើតទៅលិច ស្របពេលនោះ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក ម៉ាស័រដេស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-2122 បើកបរដោយនារីរូបស្រស់ចំនួនពីរនាក់ តាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន​។ លុះដល់ចំណុចកើតហេតុ រថយន្តនោះ ក៏បានជ្រុលបុករថយន្តតាក់ស៊ី Grab ចំពាក់កណ្ដាលពេញទំហឹង បណ្តាលឲ្យស្ត្រីជាភ្ញៀវចំនួនពីរនាក់ រងរបួសធ្ងន់ និងបីនាក់ទៀត រងរបួសស្រាល។ ចំណែកឯរថយន្តតាក់ស៊ី រងការ​ខូចខាត ក្រពឹតមួយចំហៀងផ្នែកខាងស្ដាំ។ រីឯរថយន្តស៊េរីទំនើប បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ភ្លាមៗនោះ ភាគី​រថយន្តស៊េរីទំនើប ក៏ព្យាយាមបើកគេច ចេញពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋ ជួយស្ទាក់​ចាប់បានភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុ មានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន សុងត្រាល បានដឹកយកជនរងគ្រោះជាភ្ញៀវចំនួន ៤នាក់ ទៅសង្គ្រោះភ្លាមៗ។ បន្ទាប់មក ភាគីទាំងពីរ ក៏ព្រមសម្របសម្រួលគ្នា ដោយម្ចាស់រថយន្តស៊េរីទំនើប ព្រមចេញថ្លៃព្យាបាលរបួស និងជួសជុលរថយន្តតាក់ស៊ី ដើម្បីបញ្ចប់រឿង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ