ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​អនុ​វត្ត​សាល​ដីកា​តុលា​ការ​កំពូល​​លើ​ផ្ទៃ​ដី​ជិត​មួយ​ហិក​តា​នៅ​ភូមិ​ទួល​សង្កែ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រះ​រាជ​អាជ្ញា​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ មីនា​បាន​ចេញ​​សំណើ​​ប្រញ៉ាប់​មួយ​ទៅ​ស្ថាប័ន​​មាន​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ពាក់​ពន្ធ ដើម្បី​​ស្នើ​សុំ​កម្លាំង​​ចូល​រួម​សហ​ការ​អនុ​វត្ត​ដីកា​របស់​​តុលា​ការ​កំពូល​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​​​​រំលោភ​​យក​ដី​បុគ្គ​ល​ចំនួន​៧.៩៧៥​ម៉ែត្រ​ការ៉េ នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​៨​ព្រឹក​​ថ្ងៃ​ទី​៣១ មីនា ខាង​មុខ​នេះ ។

​លិខិត​ស្នើ​សុំ​កម្លាំង​ចូល​រួម​សហ​ការ​អនុ​វត្ត​សាល​ដីកា​លេខ​៤៧៩​ ចុះ​​ថ្ងៃ​ទី​២០ វិច្ឆិកា ​​ឆ្នាំ​២០០៧ របស់តុលា​ការ​កំពូល​ចេញ​ដោយ​លោក​ព្រះ​រាជ​អាជ្ញា​រង​ ហ៊ឹង ប៊ុន​ជា យោង​លើ​ក្រម​​នីតិ​វិធី​រដ្ឋ​ប្ប​វេណី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​ប្រកាស​​ឱ្យ​ប្រើ​ប្រាស់​​តាម​ព្រះ​រ​ាជ​ក្រម​​ ន.ស.កេម.០៧០៦.០២១ ចុះ​ថ្ងៃ​ទី​​៦ កក្កដា ឆ្នាំ​២០០៦ ។ ប្រកាស​ស្តី​ពី​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​អាជ្ញា​​លេខ​៣០ ក.យ.របក.០៧ ចុះ​ថ្ងៃ​ទី​១៩ កក្កដា ​ឆ្នាំ​២០០៧ ​របស់​ក្រសួង​យុត្តិ​ធម៌ ។ ពាក្យ​ស្នើ​សុំ​អនុ​វត្ត​របស់​លោក​ឃុន ហាំង ចុះ​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០០៨ ដូច​កម្ម​វត្ថុ​ខាង​លើ​តំណាង​អយ្យ​ការ​បាន​ជំរាប​ជូន​​ទៅ​ស្ថាប័ន​ពាក់​ពន្ធ​ឱ្យ​បាន​ជ្រាប​ថា សាល​ដីកា​លេខ​៤៧៩ ចុះ​ថ្ងៃ​ទី​២០ ​វិច្ឆិកា ​២០០៧ ​របស់​តុលា​ការ​កំពូល​នេះ​បាន​ចូល​ជា​ស្ថាពរ​ និង​មាន​ប្រសិទ្ធ​ភាព​​អនុ​វត្ត​តាម​​ផ្លូវ​ច្បាប់​ហើយ ។ ​ដូច្នេះ​តំណាង​​អយ្យ​ការ​បាន​កំណត់​ពេល​អនុ​វត្ត នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៣១ មីនា ​ដូច​នេះ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​ កម្លាំង​កង​នគរ​បាល​​ជាតិ​រាជ​ធានី​ភ្នំពេញ ១០០​នាក់ កង​រាជ​អាវុធ​ហត្ថ​១០០​នាក់ និង​បូក​ទាំងក​ម្លាំង​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​មួយ​ចំនួន​ទៀត​ផង ។

កម្លាំង​ទាំង​អស់​បាន​កំណត់​ជួប​ជុំ​គ្នា​​នៅ​ទីតាំង​អនុ​វត្ត​ក្នុង​ភូមិ​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫ​ស្សី​កែវ ​ដែល​ទី​នោះ​មាន​ផ្ទៃ​ដី​៧.៩៧៥​ម៉ែត្រ​ការ៉េ ​និង​មាន​ប្រជា​ពល​រដ្ឋ​៤២​គ្រួសារ ពាក់​ព័ន្ធ ។ គួរ​បញ្ជាក់​ថា ផ្ទៃ​ដី​ចំនួន​ជិត​១​ហិកតា​ ស្ថិត​នៅ​​ភូមិ​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ នេះ ជា​ដី​របស់​​លោក​ឃុន ហាំង មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ស្រប​ច្បាប់​​លេខ​០៤៧៨៧ ច ri 0226 ចុះ​ថ្ងៃ​ទី​៣១ កក្កដា ​ឆ្នាំ​២០០៣ កាន់​កាប់​រហូត​មក ។ លុះ​ដំណាក់​កាល​ពេល​ដី​ឡើង​ថ្លៃ​លោក​មាស សាវឿន អតីត​អភិ​បាល​រង​ខេត្ត​ព្រះ​វិហារ បាន​ក្លែង​ឯក​សារ​រំលោភ​យក​ដី​នោះ​ទៅ​លក់ និង​ពុំ​ចែក​ឱ្យ​ក្រុម​គ្រួសារ​របស់​លោក​ទេ ។ ដោយ​សារ​ការ​ក្លែង​ឯក​សារ​ខុស​ច្បាប់​​រំលោភ​លើ​ដី​កម្ម​សិទ្ធិ​បុគ្គ​ល​យ៉ាង​ដូច្នេះ​ លោក​ឃុន ហាំង បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បន្ទាប់​មក​តុលា​ការ​​បាន​ចេញ​ដីកា​ចាប់ខ្លួន​លោក​មាស សាវឿន ​អតីត​​អភិ​បាល​រង​​ខេត្ត​ព្រះ​វិហារ​ ដាក់​ពន្ធ​នា​គារ​​ព្រៃ​ស ដោយ​ចោទ​ប្រកាន់​​ពី​បទ​ប្រើ​​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត និង​ពី​បទ​ក្លែង​​លិខិត​សាធារណៈ ។

លោក​មាស ​សាវឿន ​ត្រូវ​បាន​តុលា​ការ​សាលា​​​ដំបូង​បើក​សវនា​ការ​ផ្តន្ទា​ទោស​តម្រូវ​ធ្វើ​ការ​ក្នុង​ពន្ធ​នា​​គារ​​រយៈ​ពេល​​៧​ឆ្នាំ ​ហើយ​បង្គាប់​ទៅ​សមត្ថ​កិច្ច​ឱ្យ​ស្វែង​រក​ចាប់​ខ្លួន​សាច់​ញាតិ​ និង​​គូ​កន​ដែល​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត ។ ការ​សម្រេច​ផ្តន្ទា​ទោស​លោក​មាស សាវឿន ដាក់​ពន្ធ​នា​គារ​រយៈ​ពេល​៧​​ឆ្នាំ ​នោះ​ត្រូវ​​បាន​ជន​ដែល​ត្រូវ​ចោទ​ប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​​រហូត​ដល់​តុលា​ការ​កំពូល​ទី​បំផុត រឿង​ក្តី​នេះ​លោក​មាស សាវឿន នៅ​តែ​ចាញ់​​ក្តី​លោក​ឃុន​ ហាំង និង​នៅ​តែ​ដាក់​ពន្ធ​នា​គារ​៧​ឆ្នាំ ហើយ​​តម្រូវ​ឱ្យ​​ប្រគល់​ដី​​ទំនាស់​៧.៩៧៥​ម៉ែត្រ​ការ៉េ នៅ​ភូមិ​ទួលសង្កែ ឱ្យ​ទៅ​លោក​ឃុន ហាំង​វិញ​ដដែល ។

ដូច្នេះ​តុលា​ការ​កំពូល​ចេញ​​សាល​ក្រម​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ឱ្យ​អនុ​វត្ត​លើ​ដី​នោះ​ប្រគល់​ទៅ​ម្ចាស់​ដើម​វិញ ​​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​អ្ន​ក​កាន់​កាប់​ស្រប​ច្បាប់ ។ ចាំ​មើល​ថា តើ​អយ្យ​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ប្រើ​ប្រាស់​​កម្លាំង​សមត្ថ​កិច្ច​នគរ​បាល​១០០​នាក់​​ប៉េអឹម​១០០​​នាក់ បូក​ទាំង​កម្លាំង​គណៈ​បញ្ជា​ការ​ឯក​ភាព​មូល​ដ្ឋាន​ទៀត​នោះ នឹង​ប៉ះ​ជា​មួយ​ប្រជាពល​រដ្ឋ​ចំនួន​៤២​គ្រួសារ​​ដែល​កំពុង​ស្នាក់​នៅ​លើ​ដី​ទំនាស់​នោះ​​យ៉ាង​ណា? ប៉ុន្តែ​បើ​ងាក​ទៅ​មើល​ផ្លូវ​ច្បាប់​ដែល​តុលា​ការ​កំពូល​បាន​សំរេច​តាម​តុលា​ការ​ថ្នាក់​ក្រោម​នោះ​៤២​គ្រួសារ នឹង​ពិត​ជា​ត្រូវ​វិច​បង្វិច​ចុះ​ចេញ​ដោយ​គ្មាន​អ្វី​តវ៉ា​បាន​​ទៀត​ឡើយ ៕