ខេត្តព្រះសីហនុ ៖ ការបែកធ្លាយរូបភាពច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបានបង្ហោះចែកចាយតៗគ្នា ធ្វើឲ្យមហាជនទូទៅ ដែលបានឃើញរូបភាពទាំងនេះ បានសម្ដែងក្តីរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ហើយបានធ្វើការរិះគន់ចំៗទៅលើក្រុមជនដៃដល់ និងបានស្នើឲ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការទៅលើជនទាំងនោះទៅតាមផ្លូវច្បាប់ ។
ជុំវិញករណីខាងលើនេះ បើយោងតាមប្រភពបឋមពីម្តាយស្ត្រីរងគ្រោះបានបង្ហើបឲ្យដឹងថា យប់ថ្ងៃកើតហេតុ គួរឱ្យរន្ធត់ខ្លោចផ្សារក្នុងចិត្ត ដំបូងឡើយរូបគាត់ក៏ពុំបានដឹងរឿងច្បាស់លាស់ដែរ តែក្រោយកើតហេតុ ទើបគាត់ទទួលព័ត៌មានថា កូនស្រីរបស់គាត់ត្រូវបងថ្លៃប្រុស និងអតីតប្តី តែមិនទាន់លែងគ្នាដាច់ស្រេច បានព្រួតគ្នាវា.យដំ មកលើរូបកាយកូនស្រីរបស់គាត់យ៉ាងដំណំ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលរូបគាត់ជាម្ដាយ មិនអាចទទួលយកនូវអំពើទាំងនេះបានឡើយ ។
ស្ត្រីជាម្ដាយរបស់ស្ត្រីរងគ្រោះក៏បានបន្តទៀតថា ជុំវិញករណីនេះផងដែរ បើយោងតាមការរៀបរាប់របស់កូនស្រីគាត់ ដែលជាជនរងគ្រោះបាននិយាយថា នៅយប់កើតហេតុ នាងបានទៅបន្ទប់ជួលរបស់អតីតប្ដីដែលលែងលះគ្នា ប៉ុន្តែជារៀងរាល់ថ្ងៃ ពួកគេនៅតែបន្តស្កាត់ជួបគ្នាជាប្រចាំ ។ លុះពេលបានឃើញស្បែកជើងរបស់ស្ត្រីនៅពីមុខបន្ទប់ ទើបកូនស្រីរបស់គាត់មានការខឹងសម្បា ហើយស្រែកឱ្យអតីតប្តីបើកទ្វារបន្ទប់ ។ តែអតីតប្ដីនោះមិនព្រមបើកនោះទេ ទើបធ្វើឲ្យមានកំហឹងឡើង ។ កូនស្រីរបស់គាត់កាន់តែខឹងខ្លាំង ស្រែកឡូឡានៅពីមុខបន្ទប់ជួលរហូត ឮដល់ក្រុមគ្រួសារបងថ្លៃប្រុសស្រី (បងប្រុសស្រីខាងអតីតប្តី) ដែលនៅជាប់នោះឲ្យចេញមក ស្តីបន្ទោស ទើបមានការទាស់ពាក្យសម្តីគ្នា រហូតដល់មានការប្រតាយប្រតប់ និងវា.យដំមកលើកូនស្រីគាត់យ៉ាងអាណោចអាធ័មបំផុត ។ក្នុងនាមរូបគាត់ជាម្ដាយពុំអាចទទួលបាននូវទង្វើរបស់ក្រុមគ្រួសារអតីតប្តី និងក្រុមបងថ្លៃប្រុសស្រីដែលនាំគ្នាវា.យដំមកលើរូបនាងឱ្យរងទារុ.ណបែបនេះ ។
ស្ត្រីជាម្តាយបន្តថា បើទោះបីជាមានការសម្របសម្រួលយ៉ាងណាក៏៏ដោយ ទើបនៅថ្ងៃទី១០ ខែឧសភានេះ រូបគាត់បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្ត និងបានបង្ហោះរូបភាពតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយស្នើដល់សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយរកយុត្តិធម៌ដល់កូនស្រីរបស់គាត់ និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសាររបស់គាត់ដោយស្នើដល់អាជ្ញាធរពាក់ព័ន្ធអនុវត្តទៅតាមច្បាប់ ។
ដោយឡែកយោងតាមរបាយការណ៍បឋមពីអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលបានសម្របសម្រួលក្នុងករណីនេះមួយជំហានកន្លងមក បានឱ្យដឹងថា តាមរបាយការណ៍បឋម កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួលបណ្ដឹងពីស្ដ្រីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ពីករណីបុរសឈ្មោះ ស៊ាន វុទ្ធី បានប្រើហិ.ង្សាមកលើនាង បណ្ដាលឱ្យនាងរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅបន្ទប់ជួលភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
យោងតាមកំណត់ហេតុបំភ្លឺ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ដោយស្ដ្រីជនរងគ្រោះបានទៅរកជួបអតីតប្ដីឈ្មោះ ស៊ាន សារ៉ាឌី នៅបន្ទប់ជួលទីតាំងខាងលើ ។ នាងបានផ្លោះរបងចូលក្នុងបរិវេណផ្ទះជួល ហើយដើរសំដៅទៅបន្ទប់ជួលរបស់អតីតប្ដីនាង ដោយឃើញបង្អួចបិទជិត នាងក៏បានយកកាំបិតប៉័ងតោនៅក្នុងរោងបាយ មកកា.ប់ទ្វារកញ្ចក់បង្អួចបន្ទប់អតីតប្ដី បណ្ដាលឱ្យបែកកញ្ចក់អស់១ផ្ទាំង តែនាងមិនឃើញប្ដីក្នុងបន្ទប់នោះទេ ។ នាងក៏បានដើរចេញវិញ ទៅឈរស្រែកហៅឈ្មោះ ឌី (ជាអតីតប្ដី) ខ្លាំងៗ នៅមុខបន្ទប់របស់ឈ្មោះ ស៊ាន វុទ្ធី ជាបងថ្លៃ ។
ពេលនោះឈ្មោះ ស៊ាន វុទ្ធី និងប្រពន្ធ បានចេញពីបន្ទប់មកស្ដីឱ្យនាង ហាំង ស៊ីវត្ថិវណ្ណនីដា ហើយក៏បណ្ដាលឱ្យមានការទាស់សម្តីគ្នាបង្កជាហិ.ង្សាកើតឡើង (ប្រតាយប្រតប់) រវាងស្រី្ដរងគ្រោះ និងប្រពន្ធរបស់ឈ្មោះ ស៊ាន វុទ្ធី តែម្តង។
ក្រោយមកម្ចាស់ផ្ទះឈ្មោះ នូ ចន្ទដូរេន បានមកហាមឃាត់ភាគីទាំងសងខាង តែពួកគេមិនស្ដាប់ ហើយឈ្មោះ ស៊ាន វុទ្ធី បានប្រើទុយោជ័រ (ទំហំ២១មីល្លីម៉ែត្រ) វា.យទៅលើស្ដ្រីរងគ្រោះ បណ្ដាលឱ្យមានរបួសភ្លៅ និងកំភួនជើងផ្នែកខាងក្រោយ ដើម្បីឱ្យទម្លាក់កាំបិតពីដៃស្ត្រីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ។ ក្រោយហេតុការណ៍ភ្លាមៗ កម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលសង្កាត់លេខ៣ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះអន្ដរាគមន៍កន្លែងកើតហេតុ ដោយបាននាំភាគីទាំងសងខាង រួមនឹងសាក្សីទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ។
ជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងសម្របសម្រួលគ្នាបញ្ចប់រឿង ដោយស្ដ្រីជនរងគ្រោះស្ម័គ្រចិត្ដទទួលយកប្រាក់ចំនួន៥០០ដុល្លារ ដើម្បីព្យាបាលរបួស និងផ្ដិតមេដៃដកបណ្ដឹងលើឈ្មោះ ស៊ាន វុទ្ធី ផងដែរ ។
ក្រោយមក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្រាប់តែស្ដ្រីជនរងគ្រោះខាងលើ បានមកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាន ថែមទាំងបានបង្ហោះសារ និងរូបភាពតាមបណ្ដាញសង្គម ពីករណីដដែលនេះ ។ ក្រោយពេលទទួលបានបណ្ដឹងនេះ មន្ដ្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានធ្វើការកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺជាបន្ទាន់ ជុំវិញករណីនេះ នៅការិយាល័យជំនាញ ។ បច្ចុប្បន្នមន្ត្រីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងអនុវត្តនីតិវិធីសាកសួរ ។
ដោយឡែក ជុំវិញការចោទប្រកាន់នេះ បណ្ដាញសារព័ត៌មានយើងខ្ញុំពុំទាន់អាចទំនាក់ទំនងទៅកាន់ភាគីជនជាប់ចោទបាននៅឡើយទេ ព្រោះនៅល្ងាចថ្ងៃទី១០ ខែឧសភានេះ ភាគីទាំងពីរកំពុងត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសាកសួរលំអិតទៅលើអង្គហេតុនៃករណីនេះនៅឡើយ ។ ដូច្នេះដរាបណាមានព័ត៌មានប្លែកយើងនឹងផ្សាយជូនបន្តទៀត ៕
ចែករំលែកព័តមាននេះ