ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១១ ឧសភា ២០២២នេះឲ្យដឹងថា ប័ណ្ណព្រំដែនកម្ពុជា-ថៃ អាចផ្តល់ជូនបានតែប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានលំនៅឋានអចិន្ត្រៃយ៍ នៅក្នុងខេត្ត ដែលសាមីខ្លួនស្នើសុំប័ណ្ណព្រំដែនប៉ុណ្ណោះ ក្នុងតម្លៃ ២០.០០០រៀល (ពីរម៉ឺនរៀលគត់) ដោយសាមីខ្លួន ត្រូវបង្ហាញមុខដោយផ្ទាល់ជាមួយមន្ត្រីមានសមត្ថកិច្ចនៅទីតាំងផ្តល់សេវា រៀងរាល់ម៉ោងធ្វើការ និងភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ រួមមាន ៖
-ពាក្យស្នើសុំប័ណ្ណព្រំដែនចំនួន ០១ច្បាប់ ដោយមានបិទរូបថត ចុះហត្ថលេខា ឬផ្តិត មេដៃស្តាំ របស់សាមីខ្លួន នៅលើពាក្យស្នើសុំ (ពាក្យស្នើសុំមានផ្តល់ជូននៅទីតាំងផ្តល់សេវាដោយ ឥតគិតថ្លៃ)
-រូបថតសាមីខ្លួនបច្ចុប្បន្ន ទំហំ ៤x៦ “ថតចំពីមុខគ្មានពាក់មួក ឬវ៉ែនតា” ចំនួន ០២សន្លឹក
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតដែលជា ច្បាប់ដើម ឬថតចម្លងត្រឹមត្រូវតាមច្បាប់ដើម
-សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ។
រដ្ឋបាលខេត្ត បានបញ្ជាក់ជូនថា កន្លងមកនៅមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនមានការភ័ន្តច្រឡំ ហើយក៏មានជនឆ្លៀតឱកាសមួយចំនួន ដើម្បីផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន បានបំផុសចលនាឱ្យបងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅ ឬអាសយដ្ឋានស្នាក់នៅក្រៅខេត្តឧត្តរមានជ័យ ថា អាចធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ឬនៅ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បាន តាមរយៈការធានាជួយរត់ការ ឬជូនមកដល់ទីតាំងផ្តល់សេវាផ្ទាល់ ។
ករណីនេះ សូមបងប្អូនកុំចាញ់បោកការឃោសនា បោកបញ្ឆោត អំពីការឱ្យអញ្ជើញមកទទួល សេវា ឬការធានារៀបចំរត់ការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃជូន ជៀសវាងខាតបង់ពេលវេលា និងថវិកា ដោយអសារបង់ ៕
ចែករំលែកព័តមាននេះ