ខេត្តបន្ទាយមានជ័យ ៖ ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន៤នាក់ ត្រូវឃាត់តាមដីកាបង្គាប់ មានទី១.ឈ្មោះ តែម ប៊ូឡា ឋានន្តរស័ក្តិអនុសេនីយ៍ឯក ឋានៈជាមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទី២.ឈ្មោះ រស់ សាហាន ឋាន្តរស័ក្ដិអនុសេនីយ៍ឯក ឋានៈជាមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទី៣.ឈ្មោះ សំ សូណែល ទី៤.ឈ្មោះ គង់ វីរៈ ទាំង២នាក់ជាកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។
ប្រភពព័ត៌មានបានបន្តឲ្យដឹងថា ការឃាត់ខ្លួនកងកម្លាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែត៤នាក់នេះ ពាក់ព័ន្ធករណីចោរលួចលុយក្នុងរថយន្តជាង៥៤ម៉ឺនបាត នៅសល់លុយចំនួន ១៣៦.៧៥០បាត ។
សូមរំលឹកឡើងវិញថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មានជនរងគ្រោះឈ្មោះ តាន់ សុផៃ ភេទប្រុស អាយុ៤៣ឆ្នាំ ដែលរស់នៅសង្កាត់/ក្រុងប៉ោយប៉ែត។ បានបាត់លុយក្នុងរថយន្តចំនួន៥៤ម៉ឺនបាត ខណៈពេលភ្លេចចាក់សោទ្វាររថយន្តដែលកើតឡើងនៅក្នុងផ្សាឡុងក្លឿរប្រទេសថៃ ។ ក្រោយពេលជនរងគ្រោះបាត់លុយក្នុងរថយន្តក៏បានប្តឹងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតជួយអន្តរាគមន៍ ហើយដឹកនាំដោយលោកអនុសេនីយ៍ឯក តែម ប៊ូឡា មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងលោកអនុសេនីយ៍ឯក រស់ សាហាន មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ព្រមទាំងកម្លាំង ឈ្មោះ សំ សូណែល និងឈ្មោះ គង់ វីរៈ បានចុះស្រាវជ្រាវចាប់បានចោរជាបន្តបន្ទាប់បានចំនួន៣នាក់ និងរឹបអូសវត្ថុតាងមានលុយចំនួន១៣៦.៧៥០បាត ល្ងាចម៉ោង៥ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលស្ពានសង្កាត់/ក្រុងប៉ោយប៉ែត។
ជនសង្ស័យ៣នាក់ ១.ឈ្មោះ រី ខន ភេទប្រុស អាយុ៣១ឆ្នាំ ២.ឈ្មោះ ឯម ចាន់ថន ភេទប្រុស អាយុ២៩ឆ្នាំ ៣.ឈ្មោះ វឿន វ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនសង្ស័យ៣នាក់ស្នាក់នៅភូមិក្បាលស្ពានសង្កាត់/ក្រុងប៉ោយប៉ែត។
ក្រោយពេលដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសរកឃើញលុយនៅចំនួន១៣៦.៧៥០បាត ប្រគល់ជូនម្ចាស់ឈ្មោះ តាន់ សុផៃ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦។
ក្រោយពេលបាត់លុយអស់ចំនួន៤០៣.២៦០បាត ដោយយោងតាមចម្លើយសារភាពពីជនសង្ស័យ លុយដែលបាត់គឺពាក់ព័ន្ធនឹងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដែលបង្ក្រាប។ ទើបធ្វើការស្រាវជ្រាវ និងឈានដល់តុលាការខេត្តចេញដីកាឃាត់ខ្លួនកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត៤នាក់ មានមេបញ្ជាការរងកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត២នាក់ និងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត២នាក់ នៅថ្ងៃទី២០ ខែតុលាឆ្នាំ២០១៦ នៅក្រុងប៉ោយប៉ែត ហើយត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ៕
ចែករំលែកព័តមាននេះ