ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​នាំ​ឱ្យ​អង្គរ​ជាប់​លេខ​1​ក្នុង​បញ្ជី​គេហទំព័រ​ទេសចរណ៍​ដ៏​ល្បី​លើ​ពិភពលោក

7 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ ជា​ថ្មី​ម្តងទៀត គេហទំព័រ​ក្រុមហ៊ុន​Lonely Planet របស់​ប្រទេស​អូស្ត្រាលី ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ និង​ជា​ប្រភព​ព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាម​រយៈ​វែ​ប​សាយ

ខេត្ដសៀមរាប ៖ ជា​ថ្មី​ម្តងទៀត គេហទំព័រ​ក្រុមហ៊ុន​Lonely Planet របស់​ប្រទេស​អូស្ត្រាលី ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ និង​ជា​ប្រភព​ព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាម​រយៈ​វែ​ប​សាយ ទស្សនាវដ្តី និង​សៀវភៅ បាន​ផ្តល់​ចំណាត់ថ្នាក់​លេខ​១​ដល់​រមណីយដ្ឋាន​អង្គរ ជា​តំបន់​គោលដៅ​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​បំផុត​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៦ ។

តើ​កត្តា​អ្វីខ្លះ​ដែល​នាំ​ឱ្យ​រមណីយដ្ឋាន​អង្គរ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ជា​បន្តបន្ទាប់​ក្នុង​រយៈកាល​កន្លង​មកនេះ?
រំឭក​កាលពី​ឆ្នាំ​១៩៨៩ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ក្នុង​ព្រះ​ឋានៈ​ជា​ព្រះប្រធាន​នៃ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​នៃ​កម្ពុជា ទ្រង់​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជា​ពិសេស​អង្គការ​យូ​ណេ​ស្កូ ឱ្យ​ជួយ​ការពារ និង​ស្រោចស្រង់​រមណីយដ្ឋាន​អង្គរ​ជា​បន្ទាន់ ។ មិនតែប៉ុណ្ណោះ ព្រះ​អង្គ​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ដើម្បី​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​សម្រាប់​ការពារ ជួសជុល និង​អភិរក្ស​ឡើង​វិញ​នូវ​ប្រាង្គ​ប្រាសាទ​ឱ្យ​បាន​ទាន់​ពេលវេលា ។

អង្គរ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​រមណីយដ្ឋាន​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ហើយ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នា​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ ដោយ​មាន​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នកគ្រប់គ្រង​តាំងពី​ឆ្នាំ​១៩៩៥​មក ។ តំបន់​នេះ​មាន​ផ្ទៃដី​ទំហំ​៤០១​គីឡូម៉ែត្រ​ក្រឡា សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ ទេសភាព​ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដែល​បន្សល់​ទុក​ដោយ​បុព្វបុរស​ខ្មែរ​ជា​ច្រើន​ជំនាន់​មក​ហើយ ។ រមណីយដ្ឋាន​ដ៏​អស្ចារ្យ​នេះ ជា​ដួង​ព្រលឹង​ជាតិ​ដែល​ត្រូវ​ថែរក្សា ការពារ និង​អភិរក្ស​ឱ្យ​បាន​ស្ថិត​ស្ថិរ​គង់វង្ស​ជា​និរន្តរ៍ ។

ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​ដៃគូ​សហការ​អន្តរជាតិ ពិសេស​មាន​អាជ្ញាធរ​ជាតិ​អប្សរា​ជា​សេនាធិការ​គ្រប់គ្រង​តំបន់​អង្គរ ក្រោម​ការ​ដឹកនាំ​របស់​លោក​បណ្ឌិត​សភាចា​រ្យ​សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ធ្វើ​ឱ្យ​ទីតាំង​បុរាណ​ដ្ឋា​ន និង​ប្រវត្តិសាស្ដ្រ​ខ្មែរ​ដ៏​ល្បី​នេះ ទទួល​បាន​ភាព​ល្បី​រន្ទឺ​លើ​សាកលលោក​ជា​បន្តបន្ទាប់​ជា​គោលដៅ​ទេសចរណ៍​ដ៏​ស្រស់​ស្អាត ។

លទ្ធផល​ដ៏​មោទនភាព​នេះ គឺ​បាន​មក​ពី​ ៖
ការ​បង្កើត​ឡើង​នូវ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​(International Coordinating Committee for the Safeguarding and Development of the Historic Site of Angkor «ICC-Angkor») នា​ឆ្នាំ​១៩៩៣ ដោយ​មាន​ប្រទេស​ជប៉ុន និង​បារាំង​ជា​សហ​ប្រធាន ។

ICC-Angkor បាន​ក្លាយជា​ដៃគូ​សហការ​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​បាន​ប្រមូល​អ្នកជំនាញ​អន្តរជាតិ​ដ៏ ល្បី​ៗ​នៅ​លើ​ពិភពលោក​ឱ្យមក​រួមចំណែក​ក្នុង​ការ​អភិរក្ស ជួសជុល​ប្រាង្គ​ប្រាសាទ និង​សំណង់​បុរាណ ផ្សេង​ៗ​ក្នុង​ឧទ្យាន​អង្គរ​ផង​ដែរ ។ រាល់​កិច្ចការ​ទាំងអស់​តែងតែ​ទទួល​បានការ​វាយតម្លៃ​ខ្ពស់ ព្រមទាំង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អន្តរជាតិ ។ ម្យ៉ាងទៀត យន្តការ​នេះ​គឺជា​គំរូ​ដ៏​ល្អ​ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​សុំ​ដកស្រង់​បទ​ពិសោធន៍​ពី​អាជ្ញាធរ​ជាតិ​អប្សរា ដែល​សម្រេច​បាន​ជោគជ័យ​លើ​ការងារ​អភិរក្ស ជួសជុល និង​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​ដើម្បី​ធ្វើ​ជា​គំរូ​សម្រាប់​ការ​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​របស់​ប្រទេស​ខ្លួន ។

ក្រៅពី​កិច្ចការ​អភិរក្ស​ប្រាសាទ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​យកចិត្តទុកដាក់​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ ដើម្បី​គ្រប់គ្រង​ទឹក​និង​បញ្ចៀស​បញ្ហា​គ្រោះ​ទឹកជំនន់​ផង​ដែរ​។ បន្ថែម​ពី​នោះ​ក៏​មានការ​ជួសជុល កសាង​ថ្មី និង​ពង្រីក​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ក្នុង​តំបន់​អង្គរ ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ដល់​ទេសចរ អាច​ដើរ ជិះ​កង់ ម៉ូតូ ឡាន​ក៏​បាន ដែល​អាច​កាត់​បន្ថយ​ការ​ចំណាយ និង​ងាយស្រួល​ក្នុង​ការ​ឈ្វេងយល់​ពី​ការ​រស់នៅ​របស់​ប្រជា​សហគមន៍​ក្នុង​តំបន់​អង្គរ​ផង ។

ចំពោះ​ការ​ថែរក្សា​បរិស្ថាន​នៅ​តំបន់​អង្គរ ក៏​ទទួល​បាន​វិញ្ញាបនបត្រ​កម្រិតស្តង់ដារ​អន្តរជាតិ ISO 14001 ពី​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន JQA ផង​ដែរ ។ លើស​ពី​នោះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​យកចិត្ត​ទុក​អប់រំ​ប្រជាជន​ពី​បញ្ហា​អនាម័យ ការ​រស់នៅ​ល្អ សុខភាព​ល្អ លើកកម្ពស់​ការ​ប្រើ​ថាមពលព្រះអាទិត្យ​ក្នុង​សហគមន៍​ជាដើម​។ ម្យ៉ាងទៀត ដើម្បី​រក្សា​នូវ​ភាព​បៃតង​លម្អ​តំបន់​អង្គរ​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ដាំ​កូន​ឈើ​រាប់​ម៉ឺន​ដើម​ជា​រៀង​រាល់​ឆ្នាំ ថែរក្សា​ស្មៅ កាត់​ក្រី​មែកឈើ ដើម្បី​ឱ្យ​អង្គរ​មាន​សោភ័ណ​ភាពល្អ ជា​ចំណី​ចក្ខុ​ដល់​អ្នកទេសចរ​ទាំងឡាយ​ទទួល​បាន​បរិយាកាស​ល្អ ខ្យល់​បរិសុទ្ធ​ពេល​មក​ទស្សនា​តំបន់​អង្គរ ។

ចំពោះ​ការ​គ្រប់គ្រង​វិស័យ​ទេសចរណ៍​វិញ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​លំហូរ​ទេសចរ ដូច​ជា​៖ រៀបចំ​ផ្លូវ​ទស្សនា​ខាងក្នុង​ប្រាសាទតាព្រហ្ម អនុវត្ត​ផ្លូវ​ឯកទិស​នៅ​ខ្លោងទ្វារ​ទន្លេ​អុំ​ពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ដល់​ម៉ោង​១១​និង​៣០​នាទី ពង្រឹង​ការ​គ្រប់គ្រង​ការ​ចូល​ទស្សនា​នៅ​រួត​បាកាណ និង​នៅ​ភ្នំ​បាខែង ពង្រីក​ផ្លូវ​ជុំវិញ​ត្រពាំង​សេស ជួសជុល​ផ្លូវ និង​រៀប​ផ្លូវ​ជិះ​កង់​ពី​អង្គរវត្ត​ទៅ​បាយ័ន រៀបចំ​ចំណត​នៅ​មុខ​អង្គរវត្ត ។ គម្រោង ឆាប់​ៗ​ខាង​មុខ រៀបចំ​ចំណត និង​កន្លែង​លក់ដូរ​នៅ​ភ្នំ​បាខែង ។ ការ​គ្រប់គ្រង​ប្រាសាទ​៖ កំណត់​ពេលវេលា​ចូល​ទស្សនា បណ្តុះបណ្តាល​ប្រធាន និង​អនុប្រធាន​ភ្នាក់ងារ​ប្រាសាទ រៀបចំ​កន្លែង​ដែល​ភ្នាក់ងារ​ទេសចរ​ងាយ​នឹង​សម្រេច​ចិត្តនឹង​កំណត់ពេល​ដឹកនាំ​ភ្ញៀវ​ទស្សនា រុះរើ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ពី​ក្នុង​តំបន់​អង្គរ បណ្តុះបណ្តាល​ក្រុមការងារ​TMP និង​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​អំពី​ការ​ពង្រឹងគុណភាព​សេវា​ទេសចរណ៍ បង្កើត​គេហទំព័រ​ទេសចរណ៍​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ពួក​គេ ។

ការ​ពង្រឹងសមត្ថភាព​មគ្គុទ្ទេសក៍​ទេសចរណ៍​៖ បញ្ជូន​មគ្គុទ្ទេសក៍​២០​រូប​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​ម៉ា​កាវ​ស្តី​ពី​ការ​គ្រប់គ្រង​ភ្ញៀវ​នៅ​តំបន់​បេតិកភណ្ឌ និង​ពង្រឹង​សេវាកម្ម​តាម​រយៈ​ដឹកនាំ​ភ្ញៀវ ពង្រឹង​ភាព​ជា​ដៃគូ​ល្អជា​មួយ​វិស័យ​ឯកជន​អំពី​ក្រម​ប្រតិបត្តិ​អង្គរ តាម​បណ្តាញ​ផ្សព្វផ្សាយ​-​អ្នក​ជិះ​យន្តហោះ​-DVD- និង​ចែកចាយ​តាម​សណ្ឋាគារ ភ្នាក់ងារទេសចរណ៍ ឡានក្រុង និង​យន្តហោះ​ជាដើម ។

បន្ថែម​ពី​នោះ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ពង្រឹង​សុវត្ថិភាព ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​ទេសចរ​ទាំងអស់​ពេល​មក​កម្សាន្ត​នៅ​ក្នុង​តំបន់​អង្គរ ដោយ​បង្កើត​ភា្ន​ក់​ងារ​ទេសចរណ៍​តាម​បណ្តា​ប្រាសាទ ដើម្បី​មើលថែ​ភ្ញៀវ ណែនាំ​ភ្ញៀវ សង្គ្រោះ​ភ្ញៀវ​ពេល​ជួប​ឧបទ្ទវហេតុ ផ្សេង​ៗ​បាន​ទាន់​ពេលវេលា និង​ប្រគល់​របស់​ដែល​ភ្ញៀវ​ជ្រុះ​បាត់​ជូន​ភ្ញៀវ​វិញ (​ករណី​រក​ឃើញ​) អំពី​ទាំងនោះ​ទទួល​បានការ​កោតសរសើរ​យ៉ាងច្រើន​ពី​ភ្ញៀវ ។

ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សន្ដិភាព សន្ដិសុខ​សង្គម និង​ស្ថិរភាព​នយោបាយ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​តាម​រយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ហើយ​គោលនយោបាយ​នេះ​ក៏​បាន​បើកចំហ​ជើងមេឃ ដែល​ធ្វើ​ឱ្យ​រមណីយដ្ឋាន​អង្គរ​ក្លាយជា​គោលដៅ​ទេសចរណ៍វប្បធម៌​និង​ធម្មជាតិ​ដ៏​សំខាន់​មួយ​នៅ​អាស៊ី ក៏​ដូច​ជា​ពិភពលោក ។

កត្តា​ដូច​បាន​រៀបរាប់​ទាំង​អស់នោះ​ហើយ ដែល​ធ្វើ​ឱ្យ​អង្គរ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ជា​តំបន់​គោលដៅ​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​បំផុត​លើ​ពិភពលោក​ជា​ថ្មី​ម្តងទៀត ។
អាជ្ញាធរ​ជាតិ​អប្សរា ថ្លែងអំណរគុណ​ចំពោះ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​បាន​ចូល​មក​ទស្សនា​តំបន់​អង្គរ ព្រមទាំង​ស្ថាប័ន​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​គេហទំព័រ Lonely Planet ដែល​បាន​ផ្តល់​ចំណាត់ថ្នាក់​ដ៏​មាន​តម្លៃ​ដល់​រមណីយដ្ឋាន​អង្គរ​ជា​លើក​ទី​២ ។ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ចការ​អភិរក្ស​ឱ្យ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៅ​ថ្ងៃ​មុខ​ទៀត ហើយ​តាម​រយៈ​ចំណាត់ថ្នាក់​នេះ​ដែរ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​សង្ឃឹមថា នឹង​នាំ​ឱ្យ​ភ្ញៀវ​ទេសចរ​បន្ត​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ដើម្បី​រួមចំណែក​ស្តារ​សេដ្ឋកិច្ចជាតិ​កម្ពុជា កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​បង្កើត​ការងារ​ជា​ច្រើន​ទៀត​ជូន​ប្រជាពលរដ្ឋ ៕