រាជធានីភ្នំពេញ ៖ កំលុងពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលសម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាសហប្រធានជាមួយប្រធានាធិបតីអាមេរិក នៅថ្ងៃទី ១២ និង ១៣ ខែឧសភា នេះ មិនមែនមានតែកិច្ចប្រជុំរវាងមេដឹកនាំបណ្តាប្រទេសអាស៊ាន និងអាមេរិកនោះទេ ។ សហគមន៍អាស៊ាន និងអាមេរិក ក៍នឹងមានជំនួបខាងពាណិជ្ជកម្មផងដែរ ។
ព្រឹត្តិការណ៍នេះ ត្រូវគេមើលឃើញថា ជាឱកាសមួយរបស់កម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលអាចទាក់ទាញអ្នកវិនិយោគពីមហាអំណាចមួយនេះមករកស៊ីនៅកម្ពុជាបន្ថែមទៀត ។ ស្របពេលប្រមុខដឹកនាំកម្ពុជាចាកចេញពីប្រទេសទៅកាន់ទីប្រជុំនៅអាមេរិក នៅព្រឹកថ្ងៃទី ១០ ខែឧសភា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង បានចេញដំណើរទៅកាន់អាមេរិក តាំងពីថ្ងៃទី ៨ ខែឧសភាមកម្លេះ ។ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចធុរកិច្ចនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៨ ខែឧសភា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២ ជាការអមដំណើរ សម្តេចតេជោ ហ៊ុន សែន ផង ហើយគណៈប្រតិភូក៍មានកិច្ចប្រជុំសំខាន់ៗផងដែរ ។
សភាពាណិជ្ជកម្មកម្ពុជា បានប្រកាសឱ្យដឹងថា ពាណិជ្ជករកម្ពុជានឹងមានជំនួបពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅទីក្រុងញូយ៉ក និងនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច សេដ្ឋកិច្ច និងសិក្សាលទ្ធភាពសហការគ្នាទៅតាមវិស័យនីមួយៗ ។
ជំនួបពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅទីក្រុងញូយ៉ក ដែលមានការចូលរួមពីក្រុមហ៊ុនអាមេរិកនៅញូយ៉ក និងក្រុមហ៊ុនកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច សេដ្ឋកិច្ច និងសិក្សាលទ្ធភាពសហការគ្នាទៅតាមវិស័យនីមួយៗ ។
ប្រភពបញ្ជាក់ថា ជំនួបពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន មានការចូលរួមពីតំណាងសភាពាណិជ្ជកម្មអាមេរិក ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន សមាគមអាជីវកម្មសិទ្ធិពិសេសអាមេរិក និងក្រុមហ៊ុនអាមេរិកនិងកម្ពុជា ជាច្រើន ។ ជំនួបពាណិជ្ជកម្មនេះ លើកយកប្រធានបទសំខាន់មកជជែកពិភាក្សារួមមាន ៖ ទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា អាមេរិក កាលានុវត្តភាពធុរកិច្ចប្រទេសទាំងពីរ កិច្ចពិភាក្សាស៊ីជម្រៅលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា វិស័យសំណង់ និងវិស័យអាជីវកម្មសិទ្ធិពិសេស ។ ធុរជននៃប្រទេសទាំងពីរនឹងជួបពិភាក្សា និងពិនិត្យលទ្ធភាពសហការទៅតាមវិស័យរៀងៗខ្លួន ។
ចំណែកកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិក នៅទីស្នាក់ការកណ្តាលរបស់សភាពាណិជ្ជកម្មអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន និងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មទាំងពីរ ។
គួរជម្រាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា អាមេរិក នាពេលបច្ចុប្បន្ននេះ ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៍ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកាត់សំគាល់ ។ នៅក្នុងឆ្នាំ ២០២១ ដោយទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក សម្រេចបាន ៧,៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសរុបជាទឹកប្រាក់ប្រមាណ ៥,៥ ប៊ីលានដុល្លារ ៕
ចែករំលែកព័តមាននេះ