ខេត្តក្រចេះ ៖ បុរសដែលត្រូវខ្មាន់កាំភ្លើងលួចបាញ់ពីក្រោយ ខណៈពេលកំពុងដេកក្នុងរថយន្ដនោះបានស្លាប់បាត់បង់ជីវិតហើយនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីនាំមកសង្គ្រោះបានបីថ្ងៃ។ គួររំលឹកថា មានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ មីនា ទៅលើបុរសឈ្មោះខាន់ សង្ហា អាយុ៤០ឆ្នាំ ជាមន្ដ្រីយោធាបម្រើការងារនៅវរសេនាតូចការពារព្រំដែនគោកលេខ២០៤ ខណៈជនរងគ្រោះកំពុងដេកក្នុងរថយន្ដម៉ាកកាមរីគូទស្វិត ពណ៌ស ដែលឈប់ចតស្ងៀមនៅខាងមុខផ្ទះ ស្ថិតក្នុងភូមិតាសោម ឃុំស្វាយជ្រះ ស្រុកស្នួល។ ខ្មាន់កាំភ្លើងបានបាញ់ចំនួនបីគ្រាប់តាមកញ្ចក់ក្រោយរថយន្ដធ្លាយទៅដល់កញ្ចក់មុខបែកខ្ទេច និងត្រូវចំជនរងគ្រោះមួយគ្រាប់ពីក្រោយបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយក៏បានស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង១១ ថ្ងៃទី១៤ មីនា ក្រោយពីបានធ្វើការសង្គ្រោះអស់រយៈពេលបីថ្ងៃមក។
ក្រោយពេលបង្កសកម្មភាពរួច ខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ភ្លាម ហើយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ដបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ រកឃើញតែសំបកគ្រាប់កាំភ្លើងអាកាចំនួនបីគ្រាប់ រីឯនៅលើពូករថយន្ដមានស្នាមធ្លុះដោយក្បាលគ្រាប់ និងប្រឡាក់ឈាមជនរងគ្រោះ ហើយកញ្ចក់រថយន្ដ ខាងក្រោយត្រូវបែកខ្ទេច។
រហូតមកទល់នឹងពេលនេះ គឺមានរយៈពេល៤ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី១៥ មីនា សមត្ថកិច្ចនៅមិនទាន់ស្វែងរកមុខសញ្ញាជនដៃដល់ឃើញនៅឡើយ។ តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ចដែលបានចុះទៅពិនិត្យមើលដល់កន្លែងកើតហេតុថា ករណីបាញ់ប្រហារនេះអាចបណ្ដាលមកពីរឿងគំនុំច្រើនជាង តែទោះជាយ៉ាងណាក៏សមត្ថកិច្ចនៅតែបន្ដស្វែងរកមុខសញ្ញាជនបង្ក ខណៈពេលដែលប្រមូលបានព័ត៌មាន និងវត្ថុតាងមួយចំនួនពីកន្លែងកើតហេតុរួចមក៕
ចែករំលែកព័តមាននេះ