ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ ដែលមានដីនៅជាប់នឹងមាត់ស្ទឹងបរយ៉ាខា បាននាំគ្នារៀបចំបង្កើតទៅជារមណីយដ្ឋាន និងអាហារដ្ឋាន ជាទីទាក់ទាញលើទឹកដីត្បូងពេជ្រ នាខេត្តប៉ៃលិន ។ សកម្មភាពនេះបានធ្វើឱ្យពលរដ្ឋពីបណ្តាខេត្តនានាចូលទៅទស្សនាកម្សាន្តខេត្តប៉ៃលិនច្រើនឡើង ហើយជីវភាពប្រជាពលរដ្ឋម្ចាស់ស្រុក ក៍មានចំណូលពីប្រភពថ្មី គឺវិស័យទេសចរណ៍នេះបន្ថែមទៀត ។

ស្ទឹងបរយ៉ាខា មានទឹកថ្លាឈ្វេងហូរឥតដាច់ ត្រជាក់ស្រួល អំណោយផលដល់ភ្ញៀវទេសចរ ចុះទៅងូតទឹកលេងបំបាត់ភាពស្អុះស្អាប់ និងដែលបានធ្វើឱ្យអារម្មណ៍ស្រស់ស្រាយថែមទៀតផង ។ លោក យ៉ាន់ ជ្រីក ហៅ ប៉ាអាពៅ រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា លោកទើបបានបង្កើតរមណីយដ្ឋាន និងអាហារដ្ឋានមួយកន្លែងយីហោ នៅជាប់មាត់ស្ទឹង ដែលមានចម្ងាយពីទីរួមខេត្តប៉ៃលិន ជាង ២ គីឡូម៉ែត្ រ។ រមណីដ្ឋានលោកបានរៀបចំជាខ្យុសសម្រាប់ឱ្យភ្ញៀវអង្គុយលេង និងទទួលទានអាហារ មានទោងសម្រាប់ជិះលេង និងថតស៊ែលហ្វីផងដែរ ។

មាន់ដុត ត្រីរ៉ស់បំពង ឆាក្រវ៉ាញសាច់ជ្រូក ឬសាច់មាន់ សាច់ទា និងឆាក្តៅអន្ទង់ជាដើម សុទ្ធសឹងម្ហូបអាហារដែលគេអាចរកទទួលបាននៅតាមមាត់ស្ទឹងបរយ៉ាខាដែលមានជំនោរបរិសុទ្ធ ៕

ចែករំលែកព័តមាននេះ