រាជធានីភ្នំពេញ ៖ ជាអ្នកចម្អិនម្ហូបសម្រាប់ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅសហគមន៍អេកូទេសចរកោះសាមសិប អ្នកស្រី ហ៊ន ធីតា បានទទួលស្គាល់ថា ចាប់តាំងពីបង្កើតជាសហគមន៍ទេសចរណ៍មក ជីវភាពគ្រួសារគាត់មានភាពល្អប្រសើរច្រើន ព្រោះថា ក្រៅពីមុខរបរស្រែចម្ការពួកគាត់មានមុខរបរសំខាន់មួយទៀត គឺចម្អិនម្ហូបអាហារសម្រាប់ភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តនៅកោះសាមសិប ។
ជាមួយស្នាមញញឹម និងភាពរាក់ទាក់ ប្រជាសហគមន៍រូបនោះបានលើកទ្បើងថា បើទោះបីពេលនេះភ្ញៀវទេសចរបានមកលេងសហគមន៍អ្នកស្រី នៅមានកម្រិតទាបនៅទ្បើយ ប៉ុន្តែប្រជាសហគមន៍កំពុងតែទទួលបាននូវផលប្រយោជន៍ជាបណ្តើៗពីធម្មជាតិ តាមរយៈការផ្តល់សេវាជូនភ្ញៀវដើរកម្សាន្ត ជាមគ្គុទេសន៍ទេសចរណ៍ រួមទាំងសេវាកម្មម្ហូបអាហារ ជាដើមនោះ ។
អ្នកស្រី ហ៊ន ធីតា បានឱ្យដឹងបន្ថែមថា ពីមុនអ្នកស្រីមានមុខរបរតែមួយមុខគត់គឺស្រែចម្ការ ។ របរស្រែចម្ការ គឺទទួលផលតាមរដូវដែលយ៉ាងហោចណាស់ពី ២ ខែទៅ ៦ ខែទើបអាចប្រមូលផលបានម្តង ។ ប៉ុន្តែការទទួលផលនោះគឺជួនកាលបានតិច ជួនកាលបានច្រើន ជួនកាលខាតដើមខាតចុងថែមទៀត ព្រោះការដាំដុះធ្វើតាមយថាផល ពឹងលើធម្មជាតិពឹងលើមេឃ ។ ប៉ុន្តែក្រោយគេរៀបចំជាសហគមន៍ និងបង្កើតសហគមន៍អេកូទេសចរណ៍ កោះសាមសិម មក ឃើញថា ប្រជាពលរដ្ឋចាប់ផ្តើមមានមុខរបមួយទៀត ។
អ្នកស្រីបញ្ជាក់ថា អាចនិយាយថា ជាមុខរបរដែលទៀងទាត់ជាង និងទទួលបានផលចំណេញឆាប់រហស័ជាង និងជាប្រចាំ ទោះតិចទោះច្រើន ។
សូមជម្រាបថា តំបន់សហគមន៍អេកូទេសចរណ៍កោះសាមសិប ស្ថិតនៅក្នុងភូមិចំនួនបីនៃឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ខណដែលសហគមន៍នេះទើបតែបង្កើតទ្បើងនៅអំទ្បុងឆ្នាំ ២០១៨ ។ បច្ចុប្បន្នតំបន់អេកូទេសចរណ៍នេះទទួលបានភ្ញៀវទេសចរបានតិចតួចនៅឡើយ ព្រោះម្យ៉ាងទើបបង្កើតថ្មី ម្យ៉ាងទៀតដោយសារការផ្ទុះជំងឺកូវីដ ១៩ផង ។ ពលរដ្ឋក្នុងសហគមន៍ជឿថា មិនយូរតំបន់នេះនឹងទទួលបានភ្ញៀវទេសចរច្រើនមិនខានព្រោះអី ជាតំបន់ពោរពេញដោយទេសភាពនៃព្រៃធម្មជាតិដ៍ស្រស់បំព្រង ដងអូរវែងអន្លាយលាយទ្បំដោយទឹកថ្លាឈ្វេងពណ៌ខៀវស្រងាត់ រួមរំលេចដោយសត្វស្លាបច្រើនប្រភេទដែលទុំប្រកនឹងគល់ឈើឈរធ្មឹងកណ្តាលទឹក មើលទៅពិតជាអស្ចារ្យ ៕
ចែករំលែកព័តមាននេះ