«សៀវភៅ ស» ឱកាស និងការប្រឈមការរកស៊ីរបស់ស្ត្រីនៅកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ «សៀវភៅ ស» ក្បាលទី ២ និងក្បាលទី ៣ ដែលកងច្រងឡើងដោយសមាគមសហគ្រិនស្ត្រីកម្ពុជា បានចេញផ្សាយជាផ្លូវការហើយកាលពីប៉ុន្មានថ្ងៃមុននេះ…
រាជធានីភ្នំពេញ ៖ «សៀវភៅ ស» ក្បាលទី ២ និងក្បាលទី ៣ ដែលកងច្រងឡើងដោយសមាគមសហគ្រិនស្ត្រីកម្ពុជា បានចេញផ្សាយជាផ្លូវការហើយកាលពីប៉ុន្មានថ្ងៃមុននេះ…
រាជធានីភ្នំពេញ ៖ «សៀវភៅ ស» ក្បាលទី ២ និងក្បាលទី ៣ ដែលកងច្រងឡើងដោយសមាគមសហគ្រិនស្ត្រីកម្ពុជា បានចេញផ្សាយជាផ្លូវការហើយកាលពីប៉ុន្មានថ្ងៃមុននេះ ។ តាមរយៈការចងក្រងនូវសៀវភៅ ស ទាំងពីរក្បាលនេះ គេបានកំណត់បញ្ហាប្រឈមជាអាទិភាពមួយចំនួនដែលជាឱកាស និងការប្រឈមនៅក្នុងការរកស៊ីរបស់សហគ្រិនស្ត្រី ។
សៀវភៅ ស ក្បាលទី ២ ដែលមានចំណងជើងថា ការលើកកម្ពស់ការចូលទៅកាន់ទីផ្សារ ការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មប្រកបដោយគុណភាពសម្រាប់សហគ្រិនស្ត្រីក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ចូលបញ្ហាដូចជា លទ្ធភាពទទួលបានទីផ្សារ និងការផ្សព្វផ្សាយផលិតផលក្នុងស្រុកនៅមានកម្រិត កង្វះទុនក្នុងការពង្រីក និងបង្កើតអាជីវកម្ម និងខ្វះជំនាញឌីជីថល និងចំណេះដឹងព័ត៌មានវិទ្យា ។
ចំណែកសៀវភៅ ស ក្បាលទី ៣ ដែលមានចំណងជើងថា ការពង្រឹងភាពធន់នៃធុរកិច្ចសហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSMEs) សម្រាប់សហគ្រិនស្ត្រីនៅកម្ពុជា ការបង្កើតបរិយាកាសធុរកិច្ចអំណោយផល ការជម្នះ និងការគ្រប់គ្រងហានិភ័យ បានកំណត់បញ្ហាប្រឈមអាទិភាពចំនួន ៣ ផងដែរមានបុគ្គលិកខ្វះជំនាញ និងប្រាក់ឈ្នួលខ្ពស់ ការលំបាកទទួលបានប្រាក់កម្ចីពីធនាគារសម្រាប់អាជីវកម្មខ្នាតមីក្រូ និងផលប៉ះពាល់នៃមេរោគឆ្លងកូវីដ-១៩ មកលើអាជីវកម្ម ។
លោកស្រី កែវ មុំ ប្រធានសមាគមស្ត្រីកម្ពុជា បានបញ្ជាក់ថា ការកសាង «សៀវភៅ ស» ទាំង ២ នេះ គឺពិតជាមាសសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាគឺជាឯកសារមួយដ៏សំខាន់សម្រាប់សមាគមសហគ្រិនស្ត្រីកម្ពុជា, អង្គការ, ស្ថាប័នរដ្ឋ និងឯកជន, ដៃគូអភិវឌ្ឍន៍, ស្ថាប័ន ឬអ្នកស្រាវជ្រាវជាដើម ដើម្បីប្រើប្រាស់ជាឯកសារក្នុងការធ្វើគោលនយោបាយ ឬការកសាងសមត្ថភាព ឬស្វែងរកការគាំទ្រមតិ ក្នុងន័យការពារផលប្រយោជន៍របស់ស្ត្រីនិយាយដោយឡែក និងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ពង្រីកអេកូសហគ្រិនភាព និងស្ថិរភាពសង្គម ។
អ្នកផលិតសៀវភៅ ស បានបញ្ជាក់ថា សៀវភៅ ស បានចងក្រងឡើងដោយឆ្លងកាត់នូវការសិក្សាស្រាវជ្រាវ ប្រមែប្រមូល និងចងក្រងនូវរាល់បញ្ហាប្រឈម និងសំណើដំណោះស្រាយនានារបស់សហគ្រិនស្ត្រីនៅកម្ពុជា តាមរយៈការធ្វើវេទិកាសាធារណៈនៅតាមខេត្តគោលដៅប្រមាណជា ១១ ការស្ទង់មតិ, ការប្រជុំក្រុមគោលដៅ, ការបោះឆ្នោតជ្រើសរើសបញ្ហាអាទិភាព, ការកសាងសេចក្តីព្រាង, ការសិក្សា និងប្រមូលព័ត៌មាន និងឆ្លងកាត់សិក្ខាសាលា និង ការពិគ្រោះយល់ និងការត្រួតពិនិត្យ ពីអ្នកជំនាញជាតិ និងអន្តរជាតិនានា ។
នៅក្នុងសៀវភៅនោះក៍បានលើកឡើងពីសំណើរ និងអនុសាសន៍គោលនយោបាយសម្រាប់រដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងដល់ដៃគូអភិវឌ្ឍមានដូចជា ការស្នើសុំឱ្យមានមជ្ឈមណ្ឌលសេវាកម្មអាជីវកម្មខ្នាត MSMEs បង្កើតយុទ្ធនាការផ្សព្វផ្សាយផលិតផលក្នុងស្រុក បង្កើតច្បាប់ Franchise និង e-Franchise ដើម្បីផ្តល់ឱកាសដល់អាជីវកម្មស្ត្រី ពង្រឹងភាពធន់ខ្នាត MSMEs របស់ស្ត្រីដើម្បីរក្សាប្រតិបត្តិការ និងការងារ បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុទូទៅរបស់សហគ្រិនស្ត្រី និងពិនិត្យ និងគាំទ្រគម្រោងការសន្សំសហករណ៍ ដែលអាចផ្តល់ប្រាក់កម្ចីមិនមានទ្រព្យបញ្ចាំជាដើម ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានចូលរួមកម្មវិធីសម្ពោធសៀវភៅសនេះបានលើកឡើងថា សៀវភៅ ស នេះ មានសារៈសំខាន់ ពីព្រោះបានសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ហើយកំណត់បាននូវបញ្ហាជាអាទិភាព និងដាក់ចេញសំណើជាគោលនយោបាយសម្រាប់ពិចារណា ។
សៀវភៅ ស ក្បាលទី ១ ដែលមានចំណងជើងថា «ការលើកកម្ពស់ការទទួលបានការអប់រំ និងព័ត៌មានសម្រាប់សហគ្រិនស្ត្រីនៅកម្ពុជា» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ៕
ចែករំលែកព័តមាននេះ