ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិវឌ្ឍ​ធនធាន​ជលផល​សមុទ្រ EU ផ្តល់​ថវិកា និង​នាវា​ល្បាត​ទប់ស្កាត់​បទល្មើស​នេសាទ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល ២ ឆ្នាំ​នៃ​ការ​អនុវត្ត​គម្រោង​កម្មវិធី CAPFISH-Capture កន្លង​មកនេះ សហភាព​អឺរ៉ុប​បាន​ផ្តល់​នូវ​មធ្យោបាយ នាវា​ល្បាត រថយន្ត ម៉ូតូ…

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល ២ ឆ្នាំ​នៃ​ការ​អនុវត្ត​គម្រោង​កម្មវិធី CAPFISH-Capture កន្លង​មកនេះ សហភាព​អឺរ៉ុប​បាន​ផ្តល់​នូវ​មធ្យោបាយ នាវា​ល្បាត រថយន្ត ម៉ូតូ សម្ភារ​ការិយាល័យ និង​សម្ភារ សម្រាប់​អនុវត្ត​សកម្មភាព​នៅ​មូលដ្ឋាន​ជា​ច្រើន ដល់​អង្គភាព​អនុវត្ត​សកម្មភាព​ផ្ទាល់​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។ ទន្ទឹម​នេះ​សហភាព​អឺរ៉ុប​ក៏​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​គម្រោង​កម្មវិធី​ថ្មី​ចំនួន ២ ទៀត ដែល​បាន​និង​កំពុង​អនុវត្ត​ដោយ​រដ្ឋបាល​ជលផល នោះ​គឺ​កម្មវិធី CaPFish-Aquaculture និង CAPFISH-Capture ដែល​គម្រោង​ទាំង ២ នេះ ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៩ និង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៤ ផង​ដែរ​ ។

គម្រោង CAPFISH-Capture សហភាព​អឺរ៉ុប​បាន​ផ្តល់​នាវា​ល្បាត​ចំនួន ៧ គ្រឿង​ថ្មី​បន្ថែម​ទៀត ដល់​អធិការដ្ឋាន​រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជលផល​តំបន់ឆ្នេរ​ទាំង ៤ សម្រាប់​បំពេញតម្រូវការ​ចាំបាច់ ក្នុង​ការ​អនុវត្ត​គម្រោង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព ក្នុង​សូចនាករ​ដែល​បាន​ចែង នៅ​ក្នុង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព​ត្រួតពិនិត្យ និង​អធិការកិច្ច​ជលផល​សមុទ្រ (NPCI) និង​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​បង្ការ ទប់ស្កាត់ និង​លុប​បំបាត់​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការ​អនុញ្ញាត ក្នុង​ដែន​នេសាទ​សមុទ្រ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ជាមួយ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ចុះ​ទៅ​ដល់​ខេត្តកោះកុង កន្លែង​អនុវត្ត​គម្រោង​នៅ​ស​ប្តា​ហ៍​មុន​នេះ ដើម្បី​ធ្វើ​ពិធី​ប្រគល់​និង​ទទួល​វា​នា​ត្បា​ត​ទាំង ៧ គ្រឿង​នោះ ។

លោក វេ​ង សា​ខុន បានឱ្យ​ដឹង​ថា សហភាព​អឺរ៉ុប​បាន​ផ្តល់​ហិរញ្ញប្បទាន សម្រាប់​គម្រោង​កម្មវិធី​ជំរុញ​កំណើន​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​នៃ​អនុ​វិស័យ​ជលផល និង​អនុ​វិស័យ​ផលិតកម្ម​សត្វ ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ ដែល​បាន​រួមចំណែក​ជំរុញ​កំណើន ក្នុង​វិស័យ​កសិកម្ម ដោយ​ផ្តោត​ជា​សំខាន់​លើ ការ​អភិវឌ្ឍ​អនុ​វិស័យ​ជលផល និង​ផលិតកម្ម​សត្វ ។

ជា​ជម្រក​សិប្បនិម្មិត និង​ទប់ស្កាត់​បទល្មើស​នេសាទ​ផង គម្រោង​ការពារ​ជលផល​នេះ បាន​ទម្លាក់​ប្រអប់​បេតុង​ទៅ​ក្នុង​សមុទ្រ​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់​ថា ការ​ទម្លាក់​ប្រអប់​បេតុង សម្រាប់​ជា​ជម្រក​សិប្បនិម្មិត និង​ទប់ស្កាត់​បទល្មើស​នេសាទ ក្នុង​គោលបំណង​នៃ​ការ​គ្រប់គ្រង ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​ធនធាន​ជលផល ក្នុង​ដែន​ជម្រក​ត្រី និង​ជំរុញ​ការ​អនុវត្ត​ច្បាប់ ស្ដី​ពី​ជលផល ការ​លុប​បំបាត់​បទល្មើស​ជលផល​គ្រប់​ប្រភេទ ការ​ពង្រឹងសមត្ថភាព​គ្រប់គ្រង​សហគមន៍​នេសាទ និង​ជំរុញ​ការ​អភិវឌ្ឍ​វារីវប្បកម្ម ដើម្បី​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព​ធនធាន​ជលផល ព្រមទាំង​កែ​លម្អ​គុណភាព និង​សុវត្ថិភាព​ផល​ផលិតផល​ជលផល សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការ​នាំ​ចេញ ជា​ពិសេស​គឺ​ជួយ​ផ្តល់​សាច់​ត្រី​ដល់​ប្រជាពលរដ្ឋ​ទូទៅ ព្រមទាំង​ចូលរួម​លើក​ស្ទួយ​សេដ្ឋកិច្ច ជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ក្នុង​ស្មារតី​ទទួលខុសត្រូវ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ពិតប្រាកដ​របស់​ប្រជាជន និង​សហគមន៍ ដើម្បី​សម្រេច​នូវ​គោលដៅ គោលបំណង និង​លទ្ធផល​រំពឹង​ទុក ៕

អត្ថបទសរសេរ ដោយ