រាជធានីភ្នំពេញ ៖ រថយន្តយីឌុបដឹកទំនិញមួយគ្រឿង បើកស្របទិសគ្នាជាមួយរថយន្តអូឌី ដែលបើកដោយនារីវ័យក្មេងរូបស្រស់ម្នាក់ បណ្តាលឱ្យកៀរគ្នាបែកកញ្ចក់រថយន្តអូឌី ធ្វើឱ្យអ្នកបើករថយន្តទាំង២គ្រឿង ទាមទារយកត្រូវរៀងៗខ្លួន ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦ និង៤០នាទីយប់ថ្ងៃទី១៨ តុលា ២០១៦ ស្ថិតត្រង់ចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តម៉ាកអូឌី ពណ៌.ស មានពាក់ស្លាកលេខភ្នំពេញ 2AG-0306 បើកដោយនារីវ័យក្មេងរូបស្រស់ម្នាក់ ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តមួយទៀត ជាប្រភេទយីឌុបម៉ាកនីស្សាន់ឌីស៊ែល ពណ៌ត្រួយចេក ពាក់ស្លាកលេខខេមរភូមិន្ទ3-0114 ជារថយន្តដឹកទំនិញ បើកក្នុងទិសដៅស្របគ្នា ។
តាមប្រភពពីកន្លែងកើតហេតុថា គេឃើញរថយន្តទាំងពីរគ្រឿងបើកទន្ទឹមគ្នាក្នុងទិសដៅស្របគ្នា ហើយបើកបរមានល្បឿនមធ្យម ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តយីឌុបម៉ាកនីស្សាន់ឌីស៊ែល ពណ៌ត្រួយចេកបើកវ៉ាខាងស្តាំ បណ្តាលឱ្យកាងរថយន្តយីឌុបកៀររថយន្តអូឌីបែកកញ្ចក់ផ្នែកខាងស្តាំ និងក្រពិតរបកថ្នាំផ្នែកខាងស្តាំ បន្ទាប់មកភាគីអ្នកបើករថយន្តទាំងពីរគ្រឿងបានទាមទារយកត្រូវរៀងៗខ្លួន ។
អ្នកបើករថយន្តយីឌុបបាននិយាយថា រថយន្តអូឌីខាងលើ ជាអ្នកបើកកៀររថយន្តរបស់គាត់ ។ រីឯនារីជាអ្នកបើករថយន្តអូឌី បានអះអាងថា រថយន្តរបស់នាងត្រូវរថយន្តនីស្សាន់ជាអ្នកបើកកៀរ ។ ដោយសារតែអ្នកបើករថយន្តទាំងពីរនាក់ ទាមទារយកត្រូវ
រៀងៗខ្លួននោះ ទើបមានតំណាងខាងរថយន្តយីឌុប ចេញមកចរចាជាមួយអ្នកបើករថយន្តអូឌី ដោយខាងតំណាងរថយន្តយីឌុបសុំសម្របសម្រួលយករថយន្តអូឌី ទៅជួសជុលឱ្យបញ្ចប់រឿង ។
ចែករំលែកព័តមាននេះ