រាជធានីភ្នំពេញ ៖ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council) អបដោយក្រុមហ៊ុនរបស់អាមេរិកមិនតិចជាង ១៣ បានជួបជជែកពីបរិយាកាសវិនិយោគនៅកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានជួបគណប្រតិភូដឹកនាំដោយលោក ម៉ៃឃើល មីឆាឡាក់ (Michael Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៅថ្ងៃទី ៤ ខែឧសភា នៅសណ្ឋាគារឡឺរ៉ូយាល់ ដោយបានស្វាគមន៍យ៉ាងកក់ក្ដៅ ដល់ធុរជនទាំងអស់ដែលបានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ។ ក្រៅពីអរគុណអាមេរិកដែលបានផ្តល់វ៉ាក់សាំង Pfizer ចំនួន ២ លានដូសដល់កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរួមសហការជាមួយវិស័យឯកជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធានាថា ពាណិជ្ជកម្មឆ្លងដែននឹងមិនមានការរំខានដោយសារវិធានការរឹតត្បិតដែលអាចកើតមានដោយជំងឺកូវីដ-១៩ ជាពិសេស កម្ពុជាប្តេជ្ញារក្សាការបើកចំហទីផ្សារសម្រាប់លំហូរនៃទំនិញសំខាន់ៗ ដូចជា វត្ថុធាតុដើម គ្រឿងឧបភោគបរិភោគ ផលិតផលឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ជាដើម ។
ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានការកើនឡើងគួរឱ្យកាត់សំគាល់ នៅក្នុងឆ្នាំ ២០២១ ដោយទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិកស ម្រេចបាន ៧,៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសរុបជាទឹកប្រាក់ប្រមាណ ៥,៥ប៊ីលានដុល្លារ ។
ឯកឧត្តម ប៉ាន សូរស័ក្តិ ថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានលើកទី ៣ ក្រោមប្រធានបទ “ASEAN Addressing Challenges Together” និងក្រោមសសរស្តម្ភសេដ្ឋកិច្ច កម្ពុជានឹងដឹកនាំអាស៊ានឱ្យពង្រឹងដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោក ហើយងើបចេញពីជំងឺរាតត្បាតកាន់តែខ្លាំង ដោយរួមបញ្ចូល ភាពប្រកួតប្រជែង ភាពធន់ និរន្តរភាព និងសមភាព ក្រោមការជំរុញជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ រួមមាន ៖ (១) ការលើកកម្ពស់ការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២) ការបង្រួមគម្លាតអភិវឌ្ឍន៍សម្រាប់ភាពប្រកួតប្រជែងរបស់អាស៊ាន (៣) ការលើកកម្ពស់សមាហរណកម្មកាន់តែច្រើន រួមបញ្ចូល ភាពស្អិតល្មួត ធន់ និងការប្រកួតប្រជែង (៤) ការពង្រឹងអាស៊ានសកលសម្រាប់កំណើន និងការអភិវឌ្ឍ ។
តំណាងក្រុមហ៊ុនអាមេរិកដែលមានវត្តមានពេលនោះ បានបង្ហាញពីសុទិដ្ឋិនិយម និងទំនុកចិត្តលើសក្ដានុពលនៃកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា ជាពិសេសនៅក្នុងឆ្នាំនេះ ដែលកំណើនសេដ្ឋកិច្ចនឹងត្រលប់មករកភាពវិជ្ជមានឡើងវិញ ។ ជាងនេះទៅទៀត ក្រុមហ៊ុនទាំងនោះបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច និងផ្ដល់កិច្ចសហការល្អដល់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេបង្កើនការវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមនៅកម្ពុជា ។
ក្រុមហ៊ុនអាមេរិក ដែលមានវត្តមានក្នុងជំនួបខាងលើមាន ក្រុមហ៊ុននវានុវត្តន៍សកល 3M, ក្រុមហ៊ុនផលិតផលអាហារូបត្ថម្ភ Abbott, ក្រុមហ៊ុនបច្ចេកវិទ្យាសូហ្វវ៉ែ Amazon, ក្រុមហ៊ុនប្រេង Chevron, ក្រុមហ៊ុនប្រេង ConocoPhillips, ក្រុមហ៊ុនផ្តល់ថាមពល និងផលិតផលគីមី ExxonMobil, ក្រុមហ៊ុនរថយន្ត Ford, ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Meta, ក្រុមហ៊ុនទូទាត់តាមឌីជីថល Visa, ក្រុមហ៊ុននាំចូល និងចែកចាយស្រា Pernod Ricard, ក្រុមហ៊ុនជីវបច្ចេកវិទ្យា Roche, ក្រុមហ៊ុនក្រុមហ៊ុនថ្នាំជក់អន្តរជាតិ Phillip Morris និងសម្ព័នក្រុមហ៊ុន RMA Group (រថយន្ត គ្រឿងបរិក្ខារ សេវាកម្ម និងម្ហូបអាហារ) ៕
ចែករំលែកព័តមាននេះ