ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូលពី​រថយន្ត​គេចពន្ធ និង​រថយន្ត​កែ​ចង្កូត​ស្តាំ​បាន​ជាង ៥៩ ​លាន​ដុល្លារ ហើយឱសានវាទ​រថយន្ត​ចង្កូត​ស្តាំ​នឹង​កម្ទេច​ចោល​តែ​ម្តង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិត​ចាប់ពី​ថ្ងៃ​បើក​យុទ្ធនាការ​កាលពីដើម​ខែកញ្ញា ឆ្នាំ​ ២០២១ ដល់​ថ្ងៃ​ទី ​៣០ ខែមេសា ឆ្នាំ​ ២០២២…

រាជធានីភ្នំពេញ ៖ គិត​ចាប់ពី​ថ្ងៃ​បើក​យុទ្ធនាការ​កាលពីដើម​ខែកញ្ញា ឆ្នាំ​ ២០២១ ដល់​ថ្ងៃ​ទី ​៣០ ខែមេសា ឆ្នាំ​ ២០២២ នេះ មាន​រថយន្ត​អត់​ពន្ធ​ចំនួន ៥ ៩២២ គ្រឿង ក្នុង​នោះ​រថយន្ត​ចង្កូត​ឆ្វេង​ចំនួន ២ ៣៣២ គ្រឿង​ និងចង្កូត​ស្ដាំ​បាន​កែ​ចង្កូត​ទៅ​ឆ្វេង​រួច​ចំនួន ​២៣៥ គ្រឿង និង​រថយន្ត​ចង្កូត​ស្ដាំ​នៅ​សល់​រង់ចាំ​កែ​ចង្កូត​ទៅ​ឆ្វេង​ចំនួន ២ ២៣៣​គ្រឿង​បាន​បង់​ពន្ធ​អាករ​នៅ​អគ្គនាយកដ្ឋាន​ព​គយ​ និង​ពន្ធដារ ក្នុង​ទឹកប្រាក់​សរុប​ប្រមាណ ៥៩.៣៧ លាន​ដុល្លារ ​។

អគ្គនាយកដ្ឋាន​គយ​ និង​ពន្ធ​អាករ បាន​អំពាវនាវ​ឱ្យម្ចាស់​រថយន្ត​គេចពន្ធ ដែល​មិន​ទាន់​បំពេញ​កាតព្វកិច្ច​ប្រញាប់​ចូលខ្លួន​បង់ពន្ធ បាន​មុន​ថ្ងៃ​ទី ​៣០ ខែមិថុនា ឆ្នាំ ​២០២២ ​។ «ក្រោយ​ថ្ងៃ​ឱសានវាទ​នេះ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នឹង​អនុវត្ត​វិធានការ​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ​ និង​អាករ​យ៉ាង​តឹង​រឹង និង​សកម្ម​នៅ​ទូ​ទាំង​ប្រទេស ដោយ​គ្មាន​ការ​ពន្យារពេល​ឡើយ​ ។

បន្ទាប់​ពី​បង្ក្រាប​បាន រថយន្ត​ចង្កូត​ឆ្វេង​តម្រូវ​ឱ្យ​បង់ពន្ធ​ និង​អាករ និង​ពិន័យ​ផ្សេង​ៗ តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន ដោយ​គ្មាន​ការ​អនុគ្រោះ ហើយ​រថយន្ត​ចង្កូត​ស្តាំ​ជា​កម្មវត្ថុ​នៃ​ការ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់ ឬ​កំទេច​ចោល ស្រប​តាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​លេខ ៤៨២ ស​ជ​ណ​.​ហ​ធ ដូច​បាន​ជម្រាប​ជូន​ខាងលើ ជា​ធរមាន» ​នេះ​ជា​ការ​បញ្ជាក់​របស់​លោក គុណ ញឹ​ម អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​ ៤​ ខែឧសភា ​។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អនុវត្ត​ការ​ប្រមូល​ពន្ធ​លើ​យានយន្ត ដែល​គ្មាន​ពន្ធ ចាប់ពី​ថ្ងៃ​ទី​ ៩ ខែ​កញ្ញា ឆ្នាំ ​២០២១ ​។ រថយន្ត​គ្មាន​ពន្ធ​ដែល​មាន​វត្ត​មាននៅ​កម្ពុជា មាន​ប្រមាណ​ ១​ ម៉ឺន ដែល​មាន​តម្លៃ​សរុប​ប្រមាណ​១០០ ​លាន​ដុល្លារ ដែល​ជា​ចំណូល​ជាតិ​ ។ ពី​ដំបូង​ឡើយអគ្គនាយកដ្ឋាន​គយ បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ឆ្វេង​គ្មាន​ពន្ធ ចូល​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី ​៣១ ខែធ្នូ ឆ្នាំ​ ២០២១ ដើម្បី​ទទួល​បានការ​អនុគ្រោះ​បន្ធូរ​បន្ថយពន្ធ និង​អាករ ចំនួន ​១០% ​។

ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ រួសរាន់​ចូល​មក​តម្កល់​ប្រាក់​ពន្ធ​ និង​អាករ ដើម្បី​ទទួល​បានការ​អនុគ្រោះ​បន្ធូរ​បន្ថយពន្ធ​ និង​អាករ​ចំនួន ១០%​ ។ រថយន្ត​ចង្កូត​ស្តាំ​ត្រូវ​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេងឱ្យ​បាន​រួចរាល់​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី ​៣០ ខែមិថុនា ឆ្នាំ ​២០២២ ​។

ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ ​២០២១ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​ ២៣ កុម្ភៈ ឆ្នាំ ​២០២២​ កន្លង​មកនេះ សម្ត​ចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ព្រមាន​ដុត​កម្ទេចចោល រថយន្ត​គ្មាន​ពន្ធ​ប្រមាណ ​៥​ ពាន់​គ្រឿង ដែល​មិន​ព្រមចូល​មក​បង់ពន្ធ តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​ ។ សម្តេច​បាន​បញ្ជាក់​ថា រថយន្ត​គ្មាន​ពន្ធ​នឹង​រង​នូវ​ការបង្ក្រាប​យ៉ាង​តឹងរ៉ឹង និង​ម៉ឺងម៉ាត់ ហើយ​រថយន្ត​ចង្កូត​ស្តាំ ក្រោយ​បង្ក្រាប​បានត្រូវ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់ ឬ​កំទេចចោល ​។

កាលនោះ សម្តេចតេជោ​ព្រមា​ន​ថា «​អ្នក​ដែល​មិន​ទាន់​ចូល​បង់ពន្ធ​ប្រហែលជា ​៥ ​ពាន់​គ្រឿង​រថយន្ត​ទៀត សូម​ចេញ​មក​បង់ពន្ធ​ប្រយ័ត្ន​តែ​ដល់​ពេលថ្ងៃ​ណាមួយ ខ្ញុំ​បញ្ជា​ឱ្យដុត​ឡាន​ចោល​តែ​ម្តង កុំ​ឱ្យពិបាក​ពេក ដើម្បី​ឱ្យនៅ​លើ​ផ្លូវ​កុំ​ឱ្យមាន​ឡាន​ស្លាក​លេខ​ក្លែងក្លាយ ពេល​ណាមួយ​យក​ធ្វើ​ជា​គំរូ​ដុត​ឡាន​តែ​ម្តង ទោះ​ថ្លៃ​ប៉ុនណា​ដុតឱ្យ​រាង ​។ ឥឡូវ​សូម​អំពាវនាវ​អ្នក​ដែល​មិន​ទាន់​បាន​បង់ពន្ធ ចេញ​មក​បង់ពន្ធ តែ​អត់​មាន​អនុគ្រោះ ​១០​ ភាគរយ​ទេ មុនថ្ងៃ​ទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ អនុគ្រោះ ​១០ ​ភាគរយ ប៉ុន្តែ​ផុត​ថ្ងៃអនុគ្រោះ ​គឺ​ត្រូវ​បង់ពន្ធ​ពេញ ហើយ​បើ​រក​ឃើញ​ហើយ នៅ​ក្នុងផ្ទះ​អ្នក​ណា​ក៏​ដោយគឺ​ត្រូវ​តែ​យក​» ៕