កសិករដាំសណ្តែកកួរ នៅប៉ៃលិន ព្រួយបារម្ភ ខណ:តម្លៃធ្លាក់ចុះ មុនជាងពាក់កណ្តាល
- ប៉ៃលិន
ខេត្តប៉ៃលិន៖ កសិករ ធ្វើស្រែ ចម្ការ គ្មានអ្វីសប្បាយចិត្តជាងឃើញតម្លៃទីផ្សារកសិផល ដំណាំដាំដុះរបស់ខ្លួន ឡើងថ្លៃនោះទេ ព្រោះពួកគាត់ ពឹងផ្អែកទាំងស្រុង ទៅលើកសិផលទាំងនោះ។…
ខេត្តប៉ៃលិន៖ កសិករ ធ្វើស្រែ ចម្ការ គ្មានអ្វីសប្បាយចិត្តជាងឃើញតម្លៃទីផ្សារកសិផល ដំណាំដាំដុះរបស់ខ្លួន ឡើងថ្លៃនោះទេ ព្រោះពួកគាត់ ពឹងផ្អែកទាំងស្រុង ទៅលើកសិផលទាំងនោះ។…
ខេត្តប៉ៃលិន៖ កសិករ ធ្វើស្រែ ចម្ការ គ្មានអ្វីសប្បាយចិត្តជាងឃើញតម្លៃទីផ្សារកសិផល ដំណាំដាំដុះរបស់ខ្លួន ឡើងថ្លៃនោះទេ ព្រោះពួកគាត់ ពឹងផ្អែកទាំងស្រុង ទៅលើកសិផលទាំងនោះ។ ក្រោយប្រមូលផលរួច កសិករសង្ឃឹមថា នឹងបានថវិកា សម្រាប់សងជំពាក់គេ និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
តែបើក្រឡេកមើលទៅតម្លៃទីផ្សារសណ្តែកកួរ សព្វថ្ងៃ ធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពិតជាធ្វើឱ្យពួកគាត់ មានការស្តាយនូវកម្លាំងកាយ និងខកចិត្តស្ទើរតែបោះបង់មុខរបរនេះចោលថែមទៀត។
កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ កសិករម្នាក់ ឈ្មោះ ខុន ចា ភេទប្រុស រស់នៅក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានដាំបន្លែសណ្តែកកួរ ចំនួន ១៧រង(ទ្រើង) កំពុងប្រមូលផល ១ថ្ងៃ បានចំនួន ២០ ទៅ ៣០គីឡូក្រាម តែតម្លៃទីផ្សារ ធ្លាក់ចុះ រហូតដល់ពាក់កណ្តាល បើធៀបនឹងឆ្នាំមុន។
កសិករ ខុន ចា បានរៀបរាប់ទាំងសភាពខ្សោយកម្លាំង ខណ:សង្កេតឃើញតម្លៃទីផ្សារសណ្តែកកួររបស់គាត់ ធ្លាក់ចុះខ្លាំងថា ការដាំបន្លែសណ្តែកកួរនេះ មានរយ:ពេលត្រឹមតែជាង ១ខែ គឺអាចនឹងប្រមូលផល បេះលក់ឱ្យឈ្មួញ ដែលចូលទៅទិញដល់ចម្ការរបស់ខ្លួន។ តែការលក់ដូរកសិផលបន្លែសណ្តែកកួរនេះ ធ្លាក់ចុះថ្លៃខ្លាំង មិនអាចទទួលយកបាននោះទេ ដោយឈ្មួញទិញត្រឹមតែ ១គីឡូក្រាម តម្លៃ ១៥០០រៀលប៉ុណ្ណោះ ខុសពីឆ្នាំមុន ឈ្មួញហ៊ានទិញ រហូតដល់ ១គីឡូក្រាម តម្លៃ ៣៥០០ ទៅ ៤០០០រៀលឯណោះ។
លោកបន្តទៀតថា ការដាំសណ្តែកកួរនេះ ក៏ត្រូវចំណាយដើមទុនអស់ច្រើន ដោយទិញថ្នាំកំចាត់សត្វល្អិត ថ្នាំការពារសត្វដង្កូវ និងសត្វចៃ ជាដើម ត្រូវចំណាយទិញគ្រាប់ពូជ និងទិញជីសម្រាប់បំប៉នឱ្យដើមធំលឿនចេញផ្លែល្អ។ ដូច្នេះ បើកាច់កិនទៅលក់បានតម្លៃទាបពេកបែបនេះ មិនអាចចំណេញនោះឡើយ។
លោកបញ្ជាក់ទៀតថា ប្រេងសាំង ម៉ាស៊ូត និងទំនិញ ដែលឈ្មួញនាំចូលមកលក់ដូរនៅទីផ្សារ ឡើងថ្លៃកប់ពពក រីឯកសិផលរបស់ខ្លួនធ្លាក់ចុះដល់បាត់ដាល ជាហេតុធ្វើឱ្យម្នាក់ៗ យំលែងចេញទឹកភ្នែកតែម្តង។
លោកក៏សំណូមពរឱ្យខាងមន្ទីរពាក់ព័ន្ធ ក៏ដូចជា ខាងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន មន្ទីរពាណិជ្ជកម្មខេត្ត ជួយសម្របសម្រួល រកទីផ្សារជូនប្រជាពលរដ្ឋ ដែលផលិតកសិផលបាន ហើយឱ្យមានទីផ្សារ ក្នុងស្រុក សម្រាប់លក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណ:បច្ចុប្បន្ន ពួកគាត់មិនអាចចំណាកស្រុក ទៅធ្វើការងារ នៅប្រទេសក្រៅបានទេ ព្រោះឆ្ងាយពីផ្ទះសម្បែង និងប្រពន្ធកូនផងដែរ៕ នីយ៉ា
ចែករំលែកព័តមាននេះ