រាជធានីភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ បង្កើតរោងចក្រកាត់ដេរចំនួនបីទៀតនៅភ្នំពេញចំនូនពីរ និងមួយទៀតនៅខេត្តកំពង់ស្ពឺ ដែលគម្រោងរោងចក្រទាំងពីរនេះផ្តល់ការងារជាង ២ ពាន់កន្លែង ។

គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ទីមួយ មានទីតាំងនៅផ្លូវណតប្រ៊ីត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៤ កន្លែង ។ ទី ២ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ មានទុនវិនិយោគប្រមាណ ៥,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៤ កន្លែង ។ ចំណែកគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ១០,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧ កន្លែង ។

វិស័យកាត់ដេរជាក្តីសង្ឃឹមខាងសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងរយៈពេលវែងឆ្ងាយទៅមុខទៀត ។ កាលពីពេលថ្មីៗនេះកម្ពុជាទើបប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតផលស្បែកជើង និងកាបូបកម្ពុជា ២០២២ -២០២៧ ដើម្បីបង្កើនតម្លៃបន្ថែមឱ្យបានខ្ពស់ និងពង្រឹងជំនាញ ភាពធន់បន្ថែម ។ ក្នុងរយៈពេលបីខែឆ្នាំ ២០២២ នេះ ការនាំចេញផលិតផលកាត់ដេរមានចំនួន ៣,១៥៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦២៧.៨ លានដុល្លារអាមេរិក ស្មើនឹង ២៤.៨% ។

សូមជម្រាបថា បច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរមានចំនួន ១៩៤ ដុល្លារ ដែលប្រាក់ឈ្នួលនេះត្រូវបានសហជីព និងកម្មករជាច្រើនថា នៅមានកម្រិតទាប ដែលធ្វើឱ្យជីវភាពរបស់នៅរបស់កម្មករមានការលំបាក ដោយសារទំនិញលើទីផ្សារមានតម្លៃខ្ពស់ ។ នៅឆ្នាំ ២០២២ នេះ ប្រាក់ឈ្នួលអប្បបរមាបានដំឡើងពីរដុល្លារពីឆ្នាំ ២០២១ ។ ក្រសួងការងារបានអះអាងថា ប្រាក់ឈ្នួលគោល ១៩៤ ដុល្លារនេះ បើបូកប្រាក់អត្ថប្រយោជន៍នានា កម្មករអាចទទួលបានជាង ២០០ ដុល្លារក្នុងមួយខែ ៕
ចែករំលែកព័តមាននេះ