រាជធានីភ្នំពេញ ៖ នៅពេលដែលទីផ្សារស្វាយរបស់កសិករនៅតែជួបបញ្ហាទីផ្សារ ដែលធ្វើឱ្យកសិផលគរ តម្លៃថោករហូតដល់គ្មានអ្នកទិញ ឬគេទិញក្នុងតម្លៃថោក ៣០០ រៀលក្នុងមួយគីឡូក្រាមជាដើមនោះ មានក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ បានកំពុងស្វែងរកឱកាសនាំចូលស្វាយពីប្រទេសកម្ពុជា ទៅប្រទេសខ្លួនក្នុងមួយឆ្នាំ ១ ម៉ឺនតោន ។

លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ និងប្រធានក្រុមហ៊ុន GADOSH បានជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ៣ ខែឧសភា ដើម្បីជជែកពីលទ្ធភាពនាំស្វាយកម្ពុជាទៅប្រទេសកូរ៉េនេះ ។ ប្រធានក្រុមហ៊ុន GADOSH បានជម្រាបឯកឧត្តមរដ្ឋមន្ត្រី ពីគោលបំណងក្នុងការនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ ។ សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ ១៥,០០០ ក្រុមហ៊ុន ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ជាពិសេស ក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី ។ ឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជា ៖ មៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបង្កើតរោងចក្រកែឆ្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ ។
បំណងនាំស្វាយទៅប្រទេសកូរ៉េនេះស្របពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ ដែលកិច្ចព្រមព្រៀងនេះនឹងជំរុញឱ្យការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែងាយស្រួល និងមានសក្តានុពល ។

គួរជម្រាបថា នៅក្នុងរយៈពេលបីខែដើមឆ្នាំ ២០២២ នេះ ផ្លែស្វាយស្រស់របស់កម្ពុជាចំនួន ៨១ ៤១៨,០៧ តោន បាននាំចេញ ដែលបរិមាណនេះមានការថយចុះជិត ២១% ធៀបឆ្នាំ ២០២១ ។ ស្វាយស្រស់កម្ពុជាបានចេញទៅប្រទេស វៀតណាមចំនួន ៤០ ៨៤៩,៧២ តោន ប្រទេសចិនចំនួន ២២ ២៤៤,៦៨ តោន ប្រទេសថៃចំនួន ១៨ ១៨១,១២ តោន និងប្រទេសកូរ៉េចំនួន ១៤២,៥៥ តោន ។
ក្រៅពីស្វាយស្រស់កម្ពុជាបាននាំចេញដំណាប់ស្វាយ និងទឹកស៊ីរ៉ូស្វាយផងដែរ ។ ដំណាប់ស្វាយនាំចេញបីខែឆ្នាំ ២០២២នេះ មានចំនួន ៥ ១៣៦,២៧ តោន ថយចុះជាង -១៣% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ៤ ៤១៤,១១ តោន ប្រទេសថៃចំនួន ២៨៨,៤៤ តោន ប្រទេសវៀតណាមចំនួន ២០០ តោន ប្រទេសហ្វីលីពីនចំនួន ១៩២,៥៥ តោន ប្រទេសជប៉ុនចំនួន ២៥ តោន ចក្រភពអង់គ្លេសចំនួន ៩,៧៨ តោន ប្រទេសកូរ៉េចំនួន ៣,៨៧ តោន និងប្រទេសអ៉ីតាលីចំនួន ២,៥២ តោន ។ ចំណែកទឹកស៊ីរ៉ូស្វាយបាននាំចេញចំនួន ៤០៣,៤២ តោន ថយចុះចំនួនជាង ៧៥% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤៦ តោន និងប្រទេសហ្វីលីពីនចំនួន ១៥៧,៤២ តោន ៕
ចែករំលែកព័តមាននេះ