ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់ ! ប្តី​រត់​ចោល ឈឺពោះ​ខ្លាំង​សម្រាលកូន​តាម​ផ្លូវ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​កំព្រា​​ម្នាក់​ត្រូវ​បាន​ប្តី​រត់​ចោល​តាំងពី​មាន​ផ្ទៃពោះ​២​ខែ ប៉ុន្តែ​រិ​ត​តែ​គួរ​ឲ្យ​អាណិត​ទៀត​នោះ គឺ​ទើបតែ​ដឹក​បាន​ពាក់កណ្ដាល​ផ្លូវ​ក៏​ឈឺពោះ​ខ្លាំង​សម្រាលកូន​ …

រាជធានី​ភ្នំពេញ ៖ ស្ត្រី​កំព្រា​គួរ​ឲ្យ​អាណិត​ម្នាក់​ត្រូវ​បាន​ប្តី​រត់​ចោល​តាំងពី​មាន​ផ្ទៃពោះ​២​ខែ ត្រូវ​បាន​ប្តី​ប្រពន្ធ​អ្នក​រត់​ម៉ូតូឌុប​ជួយ​យកអាសារ​ឲ្យ​រស់នៅ​ជាមួយ​រហូត​គ្រប់​ខែ​ឆ្លងទន្លេ​ក៏​ដឹក​តាម​ម៉ូតូ​ទៅ​មណ្ឌល​សុខភាព ប៉ុន្តែ​រិ​ត​តែ​គួរ​ឲ្យ​អាណិត​ទៀត​នោះ គឺ​ទើបតែ​ដឹក​បាន​ពាក់កណ្ដាល​ផ្លូវ​ក៏​ឈឺពោះ​ខ្លាំង​សម្រាលកូន​តាម​ផ្លូវ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ ត្រង់​ចំណុច​មុខក្រសួង​ពាណិជ្ជកម្ម ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ស្ត្រី​ដែល​សម្រាលកូន​តាម​ផ្លូវ​មានឈ្មោះ សុខ ធា អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ក្រោយ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​សង្កាត់​ព្រែ​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ពី​អ៊ុំ​ប្រុស​ម្នាក់​ឈ្មោះ អ៊ុំ សេង យ៉ុ​ង អាយុ​៥៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ប្រពន្ធ​ឈ្មោះ ពែ​ក សុខ អាយុ​៥៤​ឆ្នាំ ដែល​នាំ​ស្ដ្រី​ខាងលើ​បំណង​ទៅ​កាន់​មណ្ឌល​សុខភាព​ដើម្បី​សម្រាលកូន​បាន​ឲ្យ​ដឹង​ថា កាល​ដើម​ឡើយ​ស្ដ្រី​ខាងលើ​ជា​ស្ដ្រី​មេម៉ាយ​ដែល​ត្រូវ​បាន​ប្ដី​ចុះ​ចោល​តាំង​តែ​ពី​កូន​នៅ​ក្នុង​ពោះ​២​ខែ​ម្ល៉េះ ហើយដោយ​សារ​តែ​មើលទៅ​គួរ​ឲ្យ​អាណិត​ទើប​គ្រួសារ​របស់​គាត់​ឲ្យ​ស្ដ្រី​នេះ​មក​រស់នៅ​ជាមួយ នឹង​ថែរក្សា​ដូច​ជា​កូនចៅ ទោះបីជា​គ្រួសារ​របស់​គាត់​មាន​ជីវភាព​ខ្វះខាត​ក៏​ដោយ​ក៏​គាត់​មិន​បាន​ឱបដៃ​ឈរ​មើល​ស្ដ្រី​មេម៉ាយ​ម្នាក់​នោះ​ត្រូវ​រស់នៅ​យ៉ាង​វេទនា​ជាមួយ​និង​ទារិកា​នៅ​ក្នុង​ពោះ​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ស្ដ្រី​មេម៉ាយ​ខាងលើ​បាន​ឈឺពោះ​តាំង​តែ​ពី​ម៉ោង​៤​ទៀប​ភ្លឺ​ហេតុ​ដូចនេះ​ទើប​រូប​គាត់​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ប្រញាប់​ញា​ល់​ដឹក​តាម​ម៉ូតូ​យក​ទៅ​មណ្ឌល​សុខភាព​ដែល​ជិត​បំផុត ប៉ុន្តែ​ដោយសារ​តែ​ស្ដ្រី​រង​គ្រោះ​ឈឺពោះ​ខ្លាំង​ពេក​ក៏​សម្រាលកូន​តាម​ដងផ្លូវ​នៅ​មុខក្រសួង​ពាណិជ្ជកម្ម​តែ​ម្តង ។
ប្រភព​បន្ត​ទៀត​ថា ឃើញ​សភាព​បែប​នេះ​វា​ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ជា​ខ្លាំង​ណាស់ មិន​គួរ​រឿងរ៉ាវ​ដ៏​កំសត់​មួយ​នេះ​ធ្លាក់​លើ​ស្ដ្រី​កំព្រា​ដ៏​គួរ​ឲ្យ​អាណិត​ម្នាក់​នេះ​សោះ ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​ឈប់​ជួយ​ចាត់ចែង​មួយ​ដៃ​មួយ​ជើង រហូត​សម្រាល​បាន​ទារក​ម្នាក់​តែ​មិន​មាន​ឧបករណ៍​សម្រាក់​កាត់​ទងផ្ចិត​ក៏​បាន​ទាក់ទង​ទៅ​មណ្ឌល​សុខភាព​ពោធិ៍​ចិន​តុង​បញ្ជូន​គ្រូពេទ្យ​មាន​ជំនាញ​២​នាក់​មក​ដល់​កាត់​ទងផ្ចិត​រួច​ក៏​បាន​បញ្ជូន​ទៅ​សម្រាក​នៅ​មណ្ឌល​សុខភាព​ពោធិ៍​ចិន​តុង ។

ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ទារក​ដែល​សម្រាល​នោះ​មាន​ទម្ងន់​១,៩​គីឡូក្រាម ហើយ​ទាំង​ម្តាយ និង​ទារក​ដែល​ទើបនឹង​សម្រាល​មាន​សុខភាព​ធម្មតា ។

អុំ​ប្រុស​អុំ​ស្រី​ដែល​ជា​អ្នក​ជួយ​ចិញ្ចឹម​ស្ត្រី​ខាងលើ សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់ សូម​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ស្ត្រី​រូប​នេះ​ផង ដើម្បី​បាន​ថវិកា​ខ្លះ​សម្រាប់​ជួយ​ចិញ្ចឹម​ទារក ។ បើសិនជា​សប្បុរសជន​ចង់​ឧបត្ថម្ភ​ដល់​ស្ត្រី​ដែល​សម្រាលកូន​តាម​ផ្លូវ​សូម​ទាក់ទង​តាម​លេខ ទូរស័ព្ទ 071 69 21 320 ៕