ខេត្តប៉ៃលិន ៖ ប្រជាកសិករខេត្តប៉ៃលិន ដែលជាដាំត្រប់ និយាយមិនចេញដោយសារតែត្រប់គ្រប់ប្រភេទនៅឆ្នាំនេះធ្លាក់ថ្លៃខ្លាំង ។ ចំណែកទំនិញលើទីផ្សារឡើងថ្លៃគ្រប់មុខ ពិសេសប្រេងសាំង ជីកសិកម្ម ម្ហូបអាហារ ដែលជាតម្រូវការប្រចាំថ្ងៃ ។

កសិករម្នាក់នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានត្អូញប្រាប់អ្នកសារព័ត៌មានទាំងទឹកមុខក្រៀមក្រំ អារម្មណ៍មិនជាប់នឹងខ្លួនថា គាត់គ្មានទឹកចិត្តក្នុងការដាំដុះទៀតទេ ព្រោះការខិតខំប្រឹងប្រែងដាំបន្លែ បែរជាដល់ពេលប្រមូលផល តម្លៃទីផ្សារធ្លាក់ចុះយ៉ាងគំហុកទៅវិញបែបនេះ ។ ចំណែកតម្លៃទំនិញលក់នៅទីផ្សារ ដូចជាប្រេងសាំងហក់ឡើងខ្ពស់កប់ពពក ។

កសិករឈ្មោះ ចេត ឡាយ អាយុប្រមាណ ៥០ ឆ្នាំ ពោលក្នុងសម្តីមួយៗថា លោកបានដាំត្រប់ស្រួយ ដោយមានការលំបាកខ្លាំងត្រូវផ្សាំកូន ហើយក្រោយពេលដាំក៏ជួបនឹងបញ្ហាស្លឹកស្វិត មានសត្វល្អិត បំផ្លាញទៀតនោះធ្វើឱ្យលោកបង្ខំចិត្តទិញថ្នាំកម្ចាត់សត្វល្អិតក្នុងតម្លៃខ្ពស់មកថែទាំបន្លែ លុះដល់បានផលលក់បែរជាថោក រកមិនឃើញដើមទុនដែលបានចំណាយនោះឡើយ ។

តាមកសិករខាងលើ ត្រប់ស្រួយ ១ គីឡូក្រាម ឈ្មួញទិញក្នុងតម្លៃតែ ៣០០ រៀល រីឯត្រប់ស្រួយពណ៌ស ឈ្មួញទិញក្នុងតម្លៃពី ៤០០ ទៅ ៥០០ រៀលក្នុងមួយគីឡូក្រាម ។ តម្លៃនេះបើប្រៀបធៀបទៅនឹងឆ្នាំមុន ឃើញថា តម្លៃទីផ្សារត្រប់មានការធ្លាក់ចុះខ្លាំង ។

ក្រៅពីការចំណាយថ្លៃជី ថ្លៃពូជ តម្លៃជួលកម្មករប្រមូលផលក៍មានតម្លៃខ្ពស់ដែរ គឺកម្លាំងពលកម្មគិតជាគីឡូក្រាម ។ ក្នុងការប្រមូលផល ១ គីឡូក្រាមតម្លៃពលកម្មគេយក ២០០ រៀល ដូច្នេះបើត្រប់លក់បានតម្លៃត្រប ៣០០ រៀល ដកថ្លៃពលកម្មទៀតនៅសល់ ១ គីឡូក្រាម ១០០ រៀលប៉ុណ្ណោះ ។

លោក ចេត ឡាយ ទទូចសុំឱ្យខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន និងមន្ទីរពាណិជ្ជកម្ម ជួយរកទីផ្សារលក់កសិផលដល់ប្រជាពលរដ្ឋផង ។ តាមកសិករថា អ្នកប៉ៃលិន បានទទួលរងការលំបាកច្រើនមុខ នៅឆ្នាំនេះស្វាយ ក៍ធ្លាក់ថ្លៃ ឯបន្លែស្ពៃ ត្រកូន ត្រសក់ ត្រប់វិញ សុទ្ឋតែធ្លាក់ថ្លៃទាំងអស់ ៕
ចែករំលែកព័តមាននេះ