រាជធានីភ្នំពេញ ៖ នៅចំណុចចន្លោះខេត្តព្រៃវែង និងស្វាយរៀង គឺស្ថិតនៅភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង និងព្រំប្រទល់ភូមិក្រាំលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំណែកខាងវៀតណាម គឺនៅចន្លោះភូមិចុងចាំង ឃុំហ៊ឹងហា និងភូមិហ៊ឹងប៊ីងបេ ឃុំហ៊ីងប៊ីងបេ ស្រុកតាំងហ៊ឹង ខេត្តឡុងអាង ជាចំណុចដែលមានការលូចនាំជ្រូកពីប្រទេសវៀតណាម មកកម្ពុជា ។ ជ្រូកត្រូវគេនាំតាមផ្លូវទឹកចូលមកកម្ពុជាដោយខុសច្បាប់គ្មានការត្រួតពិនិត្យ និងពុំមានការបង់ពន្ធនានា ។

ប្រភពពីអាជ្ញាធរមូលដ្ឋានថា ការបង្ក្រាបបទល្មើននៅទីនោះមានការលំបាក ដោយសារជាតំបន់ដាច់ស្រាយាល ជនល្មើសតែងតែអាចគេចខ្លួននៅពេលមានប្រតិបត្តិការបង្ក្រាប ។ កាលពីពេលថ្មីៗនេះសត្វជ្រូករស់ចំនួន ៤០ ក្បាលត្រូវបានគេដឹកតាមទូកឆ្លងដែន ។ ជ្រូកនាំចូលតាមចំណុចនោះ ត្រូវគេនាំបន្តទៅលក់នៅខេត្តស្វាយរៀង ព្រៃវែងនិងនៅភ្នំពេញ ។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅក្នុងខែកន្លងមកនេះ បានដាក់លិខិតសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសវៀតណាម មានខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវជាដើម ដើម្បីជួយបង្ក្រាបការលូចនាំចូលជ្រូកពីប្រទេសវៀតណាម ដែលសមាគមហៅថា ជាសកម្មភាពយ៉ាងបែបអាណាធិបតេយ្យ ។ ការលូចនាំជ្រូកចូលពីបរទេសប៉ះពាល់ការចិញ្ចឹមសត្វនៅក្នុងស្រុក និងប៉ះពាល់សុខភាពពលរដ្ឋ រដ្ឋបាត់ចំណូលពន្ធអាករនានាជាដើម ។

អាជ្ញាធរខេត្តស្វាយរៀងហាក់បានទទួលស្គាល់ការនាំលូចនាំជ្រូករស់ និងសាច់ជ្រូកពីប្រទេសជិតខាងចូលមកកម្ពុជា។ នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចេញលិខិតណែនាំដល់សមត្ថកិច្ចចាត់វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង ។ អភិបាលខេត្តជាប់ប្រទេសវៀតណាម បញ្ជាក់ថា ការនាំសាច់ជ្រូក សត្វជ្រូក និងផលិតផលសាច់ ខុសច្បាប់ពីប្រទេសជិតខាងចូលមកខេត្តស្វាយរៀង តាមច្រករបៀងមួយចំនួនដោយពុំបានត្រួតពិនិត្យពីសុខភាពសត្វឱ្យបានត្រឹមត្រូវ និងមួយផ្នែកធ្វើឱ្យបាត់បង់ចំណូលពីការបង់ពន្ធចូលថវិកាជាតិ ៕
ចែករំលែកព័តមាននេះ