រាជធានីភ្នំពេញ ៖ មូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ (BLF) របស់ចក្រភពអង់គ្លេស នឹងចូលរួមអភិវឌ្ឍតំបន់ទេសភាពទន្លេមេគង្គក្រោមរបស់កម្ពុជា ។ កាលពីពេលថ្មីៗនេះប្រតិភូ BLF ដឹកនាំដោយលោកស្រី Tina Redshew ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានជួបជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីពិភាក្សាការងារនេះ និងសិក្សាស្វែងយល់បន្ថែមពីបញ្ហាប្រឈមនានាក្នុងវិស័យអេកូទេសចរណ៍ និងគោលនយោបាយគាំទ្រនានា ជាពិសេសពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ លើការស្នើសុំគម្រោងគាំទ្រនានាតាមរយៈមូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ ។

តាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានឱ្យដឹងដែរថា មូលនីធិ BLF អាចនឹងផ្តល់អាទិភាពអនុវត្តគម្រោងអភិវឌ្ឍន៍ តំបន់ទេសភាពទន្លេមេគង្គក្រោមកម្ពុជា ចាប់ពីខេត្តកំពង់ចាម ខេត្តកណ្តាល រហូតដល់ខេត្តព្រៃវែង តភា្ជប់ទៅភាគខាងត្បូងវៀតណាម តែចំពោះគម្រោងជាក់ស្តែងអនុវត្តយ៉ាងណានោះនឹងបង្ហាញលោកស្រី Tina Redshew បានប្រាប់ឯកឧត្តម ថោង ខុន ថា មូលនិធិការពារតំបន់ទេសចរណ៍ជីវៈចម្រុះ BLF នៃចក្រភពអង់គ្លេសនឹងផ្តល់ជំនួយជាថវិកាប្រមាណជាង ១០០ លានផោនដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍន៍តំបន់ទេសភាពចំនួន ៦ កន្លែងលើពិភពលោក ក្នុងនោះគឺមានតំបន់ទេសភាពជីវៈចម្រុះ ទន្លេមេគង្គក្រោម របស់ប្រទេសកម្ពុជាមួយផងដែរ ។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលនយោបាយជំរុញការអភិវឌ្ឍវិស័យអេកូទេសចរណ៍កម្ពុជា ដោយផ្តោតការគិតគូរខ្លាំង អំពីវិស័យបរិស្ថាន ទេសចរណ៍ ការពារធនធានធម្មជាតិ បម្រែបម្រួលអាកាសធាតុ ខណៈក្នុងវិបត្តិកូវីដ ១៩ កន្លងមកនេះតំបន់អេកូទេសចរណ៍ សហគមន៏ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង ជាតំបន់ដែលមានហានិភ័យតិច និងបានដើរតួនាទីដ៏សំខាន់ទាក់ទាញទេសចរជាតិ អន្តរជាតិទៅទស្សនាច្រើន និងបានផ្តល់ប្រភពចំណូលច្រើនជូនសហគមន៍ផងដែរ ។
លោកបានបញ្ជាក់ដែរថា នៅក្នុងដំណើរការរៀបចំចងក្រងសហគមន៍អេកូទេសចរណ៍ ដែលទទួលបានជោគជ័យកន្លងមកដូចជា តំបន់អេកូទេសចរណ៍នៅជីផាតអារ៉ែង និងសហគមន៍ទេសចរណ៍ធម្មជាតិដ៏ទៃទៀត ជាច្រើន និងបានប្រែក្លាយមុខរបរប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ពីការកាប់ព្រៃ បរបាញ់សត្វជាដើម ទៅជាការរួមគ្នាថែរក្សាធនធានធម្មជាតិ ព្រៃឈើ ការពារសត្វព្រៃ បម្រើការងារក្នុងវិស័យទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាកម្សាន្តវិញ ។
ប្រជាពលរដ្ឋសហគមន៍ពេញចិត្តនឹងការងារបញ្ចូលសកម្មភាពទេសចរណ៍ ដែលមានការទទួលខុសត្រូវក្នុងសហគមន៍ ដែលអាចធ្វើឱ្យពួកគាត់បានទទួលចំណូលច្រើនជាងកាលពួកគាត់បរបាញ់សត្វ និងកាប់ព្រៃ ដោយមិនចាំបាច់ធ្វើចំណាកស្រុក ។
«ទេសចរណ៍កម្ពុជា គឺបានផ្តោតសំខាន់លើទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលត្រូវបានអភិវឌ្ឍន៍លើគោលការណ៍និរន្តភាព ហើយឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ កាត់បន្ថយភាពក្រីក្ រ។ រដ្ឋាភិបាលក៏បានបង្កើតគណកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងបង្កើតគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដើម្បីជំរុញពលរដ្ឋ និងទេសចរចូលរួមការពារបរិស្ថាន អនាម័យស្អាត និងការបម្រែបម្រួលអាកាសធាតុផងដែរ» នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថោក ខុន ៕
ចែករំលែកព័តមាននេះ