រាជធានីភ្នំពេញ ៖ កម្ពុជាបានកំពុងជំរុញលើកកម្ពស់ភូមិ ១ ផលិតផល ១ ដោយក្រុមការងាររបស់រដ្ឋ និងឯកជនរួមនឹងអង្គការអន្តរជាតិ បានសហការគ្នាតាមរយៈគម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក សហគ្រាសមីក្រូ និង SME អង្គការជាតិ អន្តរជាតិ ។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក សហគ្រាសមីក្រូ និង SME ផ្តួចផ្តើមឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ (គ.ជ.ភ១.ផ១.) សហការជាមួយអង្គការ OXFARM ក្នុងរយៈពេល ៨ ខែ ដោយចាប់ផ្តើមពីខែមេសា ដល់ខែធ្នូ ឆ្នាំ ២០២២ នៅខេត្តគោលដៅចំនួន ៨ គឺខេត្តកំពត, តាកែវ, ព្រះសីហនុ, សៀមរាប, បាត់ដំបង,បន្ទាយមានជ័យ, កំពង់ចាម និងរាជធានីភ្នំពេញ និងពិភាក្សារកដៃគូ ៣ ទៀត គឺអង្គការតម្លាភាពអន្តរជាតិ ស្ថាប័ន Micro Finance L.O.L.C, និងក្រុមហ៊ុន Cambrew ដើម្បីពង្រីកទៅ ៣ ខេត្តទៀត គឺខេត្តស្វាយរៀង, កំពង់ឆ្នាំង និងឧត្តរមានជ័យ ។

ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្នអគ្គលេខាធិការដ្ឋាន បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង និងវិទ្យាស្ថានជាតិកសិកម្មព្រែកលាប ដើម្បីបណ្តុះបណ្តាលផលិតផលមួយចំនួនដែល គ.ជ.ភ១.ផ១. បានទទួលស្គាល់ជាផ្លូវការជាផលិតផលភូមិ ១ ផលិតផល ១ ចំនួន ១២១ មុខ ក្នុង ១០ ខេត្ត ព្រមទាំងបានសហការជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងយល់ និងរិះរករូបមន្តអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យកាន់តែមានតម្លៃបន្ថែម និងមានគ្រប់សក្តានុពល ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុកផងដែរ ។

ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ មានប្រសាសន៍ថា គណៈកម្មាធិការជាតិជំរុញចលនា ១ ផលិតផល ១ គឺជាស្ថាប័នរដ្ឋមួយដែលមានបេសកកម្មសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីជួយលើកកម្ពស់ផលិតផលខ្មែរ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ដែលបាននិងកំពុងផលិតនូវផលិតផលនានានៅតាមសហគមន៍ និងសហគ្រាសធុនតូច និងមធ្យម ។

ឯកឧត្តមថា ការយកចិត្តទុកដាក់របស់ក្រុមការងារកន្លងមានទាំងការលើកកម្ពស់ផលិតផលខ្មែរ ទាំងការពង្រឹងគុណភាពផលិតផល ការរកទីផ្សារ ការការពារអត្តសញ្ញាណផលិតផលនានាក្នុងសហគមន៍ ការកសាងសមត្ថភាពកសិករ ផលិតករ សិប្បករ និងសេវាករនានា ក្នុងក្របខ័ណ្ឌសមាជិកចលនាភូមិ ១ ផលិតផល ១ នៅទូទាំងប្រទេស ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ បានប្តេជ្ញាថា នឹងជំរុញឱ្យមន្ត្រីពាក់ព័ន្ឋនៃក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ ឱ្យកាន់តែជិតស្និទ្ឋ និងសកម្មថែមទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា ក្រុមការងារនឹងបង្កើតបាននូវវប្បធម៌សាមគ្គីភាពមួយ ដើម្បីជំរុញ និងគាំទ្រដល់កសិករ ផលិតករ សិប្បករ និងសេវាករខ្មែរ ក្នុងគោលដៅកែលម្អជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ