ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​សម្រាប់​ស្ដ្រី​ពពោះ​ដើម្បី​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​វេជ្ជបណ្ឌិត ទី សុវណ្ណ​រដ្ឋ ឯកទេស​សម្ភព​និង​រោគ​ស្ត្រី​បាន​លើក​ឡើង​ថា ក្នុង​ពេល​ពពោះ​ស្ត្រី​គួរ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​របប និង​ប្រភេទ​ចំណីអាហារ ពីព្រោះ​ការ​បរិភោគ​អាហារ​ត្រឹមត្រូវ

រាជធានី​ភ្នំពេញ ៖ កញ្ញា​វេជ្ជបណ្ឌិត ទី សុវណ្ណ​រដ្ឋ ឯកទេស​សម្ភព​និង​រោគ​ស្ត្រី​បាន​លើក​ឡើង​ថា ក្នុង​ពេល​ពពោះ​ស្ត្រី​គួរ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​របប និង​ប្រភេទ​ចំណីអាហារ ពីព្រោះ​ការ​បរិភោគ​អាហារ​ត្រឹមត្រូវ ធ្វើ​ឱ្យ​កូន​ក្នុង​ផ្ទៃ​មានការ​លូតលាស់​ល្អ និង​កូន​កើតមក​ឆ្លាត​វៃ ។ ផ្ទុយ​ទៅ​វិញ បើ​ស្ត្រី​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​ទេ អាច​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ និង​សុខភាព​កូន​ពេល​កើតមក ។ ដោយ​មានការ​បម្រែបម្រួល​សរីរាង្គ​របស់​ស្ត្រី​ក្នុង​ពេល​ពពោះ អង្គ​ការពារ​ខ្លួន​របស់​ស្ត្រី​នឹង​ធា្ល​ក់​ចុះ ធ្វើ​ឱ្យ​អាហារ​មួយ​ចំនួន​ដែល​ធ្លាប់​បរិភោគ​ពី​មុន អាច​នឹង​មាន​ផល​ប៉ះពាល់​នៅ​ពេល​បរិភោគ​ក្នុង​ពេល​មាន​ផ្ទៃពោះ ។

១-​ទាក់ទង​ទៅ​នឹង​ប្រភេទ និង​របប​អាហារ កំឡុង​ពេល​មាន​ផ្ទៃពោះ ស្ត្រី​គួរ​ប្រតិបត្តិ​ដូច​តទៅ ៖ 
-​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់មុខ មាន​ទាំង​បន្លែ សាច់ ស៊ុត គ្រាប់​ធញ្ញជាតិ និង​ផ្លែ​ឈើ ។  ក្នុង​១​ថ្ងៃ ស្ត្រី​គួរ​បរិភោគ​យ៉ាង​ហើ​ច​ឱ្យ​បាន​បន្លែ​៥​មុខ និង​ផ្លែ​ឈើ​៥​មុខ ហើយ​ផ្លាស់​ប្តូរ​គ្នា​ជា​រៀងរាល់ថ្ងៃ ព្រោះ​អាហារ​ដែល​មាន​ពណ៌​ខុស​ៗ​គ្នា ផ្ទុក​នូវ​វីតាមីន ជាតិ​មី​នេ​រាល់​និង​ប្រូ​តេ​អីុ​ន​ផ្សេង​ៗ​គ្នា ។

-​បរិភោគ​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ ទាំង​សាច់ ស៊ុត និង​បន្លែ ។ ផ្លែ​ឈើ​ត្រូវ​លាង​ឱ្យ​ស្អាត មុន​នឹង​បរិភោគ ។
-​បរិភោគ​អាហារ​ដែល​មាន​វីតាមីន C និង​អាស៊ីតហ្វូលីក​ឱ្យ​បាន​គ្រប់គ្រាន់ ក្នុង​រយៈពេល​១២​ស​ប្តា​ហ៍​ដំបូង ។  
-​ជ្រើសរើស​អាហារ​ណា​ដែល​មាន​ជាតិ​សរសៃ​ច្រើន​ដូច​ជា នំ​បុ័ង សេ​រេ​អាល់ គ្រាប់សណ្តែក បន្លែ​ពណ៌​បៃតង ។  
-​ត្រូវ​បរិភោគ​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម​ច្រើន យ៉ាងតិច​ឱ្យ​បាន​១០០០-១៣០០​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ ក្នុង​ពេល​មាន​ផ្ទៃពោះ ។

-​ត្រូវ​បរិភោគ​អាហារ​ណា​ដែល​មាន​ជាតិ​ដែក​ឱ្យ​បាន​យ៉ាងតិច​២៧​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ អាហារ​ទាំងនោះ​មាន​ដូច​ជា សាច់​ក្រហម​សុទ្ធ ស្ពៃខៀវ គ្រាប់សណ្តែក និង​សេ​រេ​អាល់ ។

-​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​អី​ុ​យ៉ូ​ដ​ឱ្យ​បាន​យ៉ាងតិច​២២០​មីក្រូ​ក្រាម​ដើម្បី​ជួយ​ក្នុង​ការ​លូតលាស់​ខួរក្បាល​កូន ។ អាហារ​ទាំងនោះ​មាន​ដូច​ជា​ទឹកដោះគោ ឈី​ស យោ​ហ្គឺ​ត (yogurt) និង​អាហារ​សមុទ្រ​មួយ​ចំនួន​ដូច​ជា​ត្រី​សមុទ្រ ត្រី​សាល់​ម៉ុង បង្គា​ជាដើម ។

-​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​វីតាមីន​សេ​រាល់ថ្ងៃ​យ៉ាងតិច​៨០-៨៥​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ ។ អាហារ​ទាំងនោះ​មាន​ដូច​ជា ក្រូច ទំពាំងបាយជូរ ល្ហុង ប៉េងប៉ោះ ម្ទេស​ខៀវ ផ្កា​ខាត់ណា ស្ពៃក្តោប​ពណ៌​ខៀវ សាឡា​ត់​ខៀវ និង​ស្ពៃខៀវ ។

-​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ហ្វូ​ឡា​ត ឬ​អាស៊ីតហ្វូលីក រាល់ថ្ងៃ​យ៉ាងតិច ០,៦៤​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ ដើម្បី​ជួយ​ការពារ​ការ​បើក​ឆ្អឹង​កង​ខ្នង​កូន​ពី​កំណើត ដែល​អាច​ឱ្យ​កូន​មាន​ភាព​ពិការ​ជើង​ទាំង​សងខាង ។ អាហារ​ទាំងនោះ​មាន​ដូច​ជា បន្លែ​បៃតង សាច់​សុទ្ធ គ្រាប់សណ្តែក ជាដើម ។

-​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​វីតាមីន​អា រាល់ថ្ងៃ ដូច​ជា ការ៉ុត ល្ពៅ ដំឡូង​ក្រហម ស្ពៃខៀវ ននោង ស្លឹក​បន្លែ​ដែល​មាន​មើម និង​ផ្លែ​មឺ​ឡុ​ង ។

២-​អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ជៀសវាង​មាន​ដូច​ជា ៖  
-​ជាតិ​អាល់កុល ៖ ព្រោះ​វា​អា​ចប​ណា្ត​ល​ឱ្យ​មានការ​សម្រាលកូន​មុន​ខែ បាត់បង់​នូវ​ភាព​ឆ្លាត​របស់​កូន ការ​លូតលាស់​របស់​កូន​ក្នុង​ពោះ​តូច​ជាង​ធម្មតា និង​អា​ចប​ណា្ត​ល​ឱ្យ​មាន​ភាព​ខុស​ប្រក្រតី​មួយ​ចំនួន​ដល់​កូន​ក្នុង​ផ្ទៃ ។

-​ជាតិ​កាហ្វេ​អីុន មិន​ត្រូវ​បរិភោគ​លើស​ពី ៣០០​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ​ទេ ។
-​ជាតិ​ស្ករ ឬ​បង្អែម មិន​ត្រូវ​បរិភោគ​ច្រើន​ពេក​ទេ ។
-​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល ត្រូវ​កាត់​បន្ថយ​មក​ត្រឹមតែ​៣០០​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ ។
-​សាច់​ត្រី​សមុទ្រ​ធំ​ៗ​មួយ​ចំនួន​ដូច​ជា​ត្រី​ឆ្លាម​: ព្រោះ​មាន​ផ្ទុក​នូវ​ជាតិ​បា​រ៉​ត​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ ។
-​ឈី​ស​ដែល​មិន​បាន​ឆ្លងកាត់​ការ​រម្ងាប់​មេរោគ (unpasteurized) ព្រោះ​វា​អាច​ផ្ទុក​នូវ​មេរោគ listeria
-​សាច់ ឬ​ប​ន្លៃ​ឆៅ ព្រោះ​វា​អាច​មាន​ផ្ទុក​នូវ​ពពួក​បាក់តេរី ឬ​សត្វល្អិត​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ។

កញ្ញា​វេជ្ជបណ្ឌិត ទី សុវណ្ណ​រដ្ឋ បាន​បញ្ជាក់​ថា «​ដើម្បី​ឱ្យ​កូន​មាន​សុខភាព​ល្អ ប្រាជ្ញា​ឆ្លាត​វៃ ក្រុមការងារ​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត សំណូមពរ​ឱ្យ​អ្នក​មា្ត​យ​គ្រប់​រូប​ត្រូវ​ចេះ​ជ្រើសរើស​អាហារ​បរិភោគ​ដែល​ប្រកបដោយ​ផាសុកភាព​ទាំង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​ពេល​បំបៅ​ដោះ​កូន​» ៕​