ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍គគីរ បានធ្វើការឃាត់ខ្លួនបុរសម្នាក់តាមពាក្យបណ្តឹងក្នុងករណីហិង្សាដោយចេតនាប្រព្រឹត្តនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១០និង៣០នាទី ត្រង់ចំណុចផ្លូវលំ ក្នុងភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោកអនុសេនីយ៍ឯក វង សែ អធិការរងនគរបាលស្រុកទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រិន បូរ៉ូត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុត្រូវជនដៃដល់កាប់ចំនួន៥កាំបិត ប៉ុន្តែមិនបណ្តាលឲ្យដាច់ទេគ្រាន់តែរបួសជាំស្បែកខាងក្រៅកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រីឯជនល្មើសឈ្មោះ ឌីងពេជ្រ សក្ត័វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយជាទណ្ឌិតធ្លាប់ជាប់គុក២ដង ពាក់ពន្ធ័ករណីរំលោភសេពសន្ថវៈមួយលើក ករណីហិង្សាដោយចេតនាមួយលើក។ លោក វង សែ បន្តថានៅវេលាម៉ោងថ្ងៃខែខាងលើ ខណៈជនរងគ្រោះកំពុងតែជិះម៉ូតូមកដល់ចំណុចខាងលើស្រាប់តែជនដៃដល់បានស្ទុះមកឈរពាំងពីមុខម៉ូតូជនរងគ្រោះ ដោយដៃកាន់កាំបិតហក់ទៅកាប់ជនរងគ្រោះចំនួន៥កាំបិតចំក្បាល១កាំបិត ចំទ្រូង៣កាំបិត និងចំខ្នង១កាំបិត ប៉ុន្តែដោយសារកាំបិតកញ្ជាស់មិនបណ្តាលឲ្យមុតទេគ្រាន់តែជាំស្បែកខាងក្រៅ។
លោកអធិការរងបន្តថា លុះព្រឹកឡើងថ្ងៃទី១១ ខែតុលាឪពុកជនរងគ្រោះឈ្មោះ យិន បូរិន អាយុ៥៦ឆ្នាំ បានមកដាក់ពាក្យបណ្តឹងទើបកម្លាំងនគរបាលចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនល្មើសឈ្មោះ ឌីងពេជ្រ សក្ត័វ៉ា រួមជាមួយវត្ថុតាងកាំបិតបន្ទោះមួយប្រវែង០,៣៩ម៉ែត្រ ផ្លែដែកដងឈើយកមកប៉ុស្តិ៍ធ្វើការសាកសួរ។ ក្រោយសាកសួរជនល្មើសបានសារភាពថាមូលហេតុដែលខ្លួនកាប់ជនរងគ្រោះនេះគឺដោយសារខឹងជនរងគ្រោះខ្ចីដុំសាកថ្មទូរសព្ទ័របស់ខ្លួនយូរហើយអត់ព្រមឲ្យវិញ។ បន្ទាប់ពីសួរនាំរួចជនល្មើសរួមជាមួយវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ