ខេត្តព្រៃវែង ៖ ជុំវិញរឿងឃាតកម្មយ៉ាងឃោរឃៅមកលើជនរងគ្រោះ២នាក់ប្តី-ប្រពន្ធដើររកខ្យងពេលយប់សម្លាប់ចាក់កម្ទេចកែវភ្នែកទាំង២ ត្រូវបានគេប្រទះឃើញស្លាប់នៅចំណុចវាលស្រែខាងលិច ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច និងមានចម្ងាយប្រមាណ៨៥០ម៉ែត្រពីផ្ទះជនរងគ្រោះ កាលវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ។ ពេលនេះឃាតករត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ក្រោយពីចុះស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេល២យប់២ថ្ងៃ ទើបនៅព្រឹកថ្ងៃទី១១ តុលា នេះ សមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យជា ឃាតករ មកធ្វើត្រាប់ពីសកម្មភាពសម្លាប់យ៉ាងឃោរឃៅឡើងវិញ។
សូមជម្រាបឡើងវិញថា មុនការប្រទះឃើញសាកសព២នាក់ប្តីប្រពន្ធនេះតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅយប់ថ្ងៃ៨ តុលា ទាំង២នាក់ប្តីប្រពន្ធបាននាំគ្នាទៅរកខ្យង ត្រី តាមទម្លាប់នៅវេលាម៉ោងប្រមាណ២១ ហើយក៏បានបាត់មិនឃើញត្រឡប់មកដល់ផ្ទះវិញទេ ។ ស្ត្រីចំណាស់ជាម្តាយដែលមានផ្ទះនៅទីទៃពីគ្នាបានដើរមកសួរពួកចៅៗ ព្រោះបាត់ឪពុកម្តាយពួកគេមិនឃើញត្រឡប់មកផ្ទះដូចសព្វមួយដង ។ ដោយមានការសង្ស័យក៏នាំគ្នាតាមរករហូតដល់ម៉ោង១០ព្រឹកទើបប្រទះឃើញសាកសពទាំង២នាក់ ។ ជនរងគ្រោះប្រពន្ធឈ្មោះ កាក់ ប៊ុនថាន អាយុ៤៨ឆ្នាំ និងប្តីឈ្មោះ មាន យ៉ន អាយុ៤៣ឆ្នាំ ។
ប្រភពពីលោកវរសេនីយ៍ឯក ពៅ ជីវី នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានអោយដឹងថា ឃាតករដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ឆាយ ហេង ហៅ តឹង អាយុ៣៥ឆ្នាំ រស់នៅភូមិជាមួយគ្នានឹងជនរងគ្រោះ។
លោកបានបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យ មូលហេតុដែលរូបគេសម្លាប់ជនរងគ្រោះ គឺដោយសារតែរូបគេមាន គំនុំខឹងនឹងស្ត្រីជាប្រពន្ធ ដែលរាល់ពេលរូបគេ បបួលជនរងគ្រោះជាប្តីទៅផឹកជាមួយម្តងៗ ស្ត្រីជាប្រពន្ធ តែងតែទៅជេរប្រមាថមកលើរូបគេ ជារឿយៗ រឿងបបួលប្តីខ្លួនផឹក ទើបធ្វើអោយរូបគេខឹង ចង គំនុំ ហើយប៉ុនប៉ង ចាំឱកាសសម្លាប់ចោលតែម្តង ។
ប្រភពដដែលបានបន្តថា ក្រោយពេលសម្លាប់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធហើយ ក៏ត្រឡប់ទៅផ្ទះវិញធ្វើដូចធម្មតា ហើយក៏មិនបានរត់ទៅណាដែរ ព្រោះខ្លាចគេសង្ស័យ។ ប៉ុន្តែតាមរយៈការចុះស្រាវជ្រាវស៊ើបអង្កេត នៅក្នុងមូលដ្ឋានកើតហេតុ និងដោយមានការបំភ្លឺពីសាក្សីអ្នកស្រុកចំនួន៦នាក់ រួមទាំងប្រពន្ធជនសង្ស័យផង ទើបធ្វើអោយសមត្ថកិច្ចអាចឈានទៅកំណត់មុខសញ្ញាជនសង្ស័យបាន រហូតដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាននៅល្ងាចថ្ងៃទី១០ តុលា ២០១៦ ។
បើតាមវីដេអូ ដែលសមត្ថកិច្ចថតត្រាប់សកម្មភាពរបស់ឃាតករ សម្លាប់២នាក់ប្តី-ប្រពន្ធ វាយកម្ទេចភ្នែកទាំង២ បានបង្ហាញថា នៅយប់កើតហេតុ ពេលដែលស្ត្រីរងគ្រោះចេញទៅឆ្លុះត្រី នៅវាលស្រែតែម្នាក់ឯង ប្តីទៅតាមក្រោយ ពេលនោះជនសង្ស័យ ឃើញស្ងាត់ឱកាសល្អ រូបគេក៏ធ្វើសកម្មភាព ចាប់ស្ត្រីរងគ្រោះ ជ្រមុជទឹករហូតស្លាប់ ដោយមុននឹងស្លាប់ ស្ត្រីរងគ្រោះមានការប្រតាយប្រតប់ជាមួយឃាតករ យ៉ាងខ្លាំងផងដែរ ហើយពេលជនរងគ្រោះ ជាប្តីទៅទាន់ ទើបមានការប្រតាយប្រតប់គ្នាទៀត ប៉ុន្តែមិនឈ្នះ ទើប២នាក់ប្តីប្រពន្ធក៏ត្រូវជនល្មើស ចាប់ជ្រមុជទឹករហូតដល់ស្លាប់ទាំង២ ។
ដើម្បីអោយកាន់តែច្បាស់សូមទស្សនាវីដេអូឃ្លីប ការត្រាប់ពីសកម្មភាពរបស់ជនសង្ស័យសម្លាប់ជនរងគ្រោះទាំង២នាក់ មានដូចខាងក្រោម ៖









ចែករំលែកព័តមាននេះ