រាជធានីភ្នំពេញ ៖ អ្នកចិញ្ចឹមសត្វមាន់ ទា ជ្រូក ចង់ឱ្យមានការផលិតចំណីសត្វក្នុងស្រុក ដើម្បីឱ្យវត្ថុធាតុដើមក្នុងការចិញ្ចឹមសត្វមានតម្លៃទាប ។ នៅពេលចំណីសត្វថោក ផលិតផលដែលផលិតបាននឹងលក់ឱ្យពលរដ្ឋក៍មានតម្លៃទាបដែរ ។ លើសពីនេះការផលិតចំណីសត្វ ថែមទាំងអាចប្រមូលទិញវត្ថុធាតុដើមពីកសិករជាច្រើនទៀតដែលធ្វើឱ្យការដាំដុះនានាមានទីផ្សារ ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនផលិតចំណីសត្វមួយបានសម្ពោធដំណើរការ ដោយបានដាក់ទុនវិនិយោគចំនួន ១៥ លានដុល្លារ មានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទចំនួន ១៥ ០០០ តោន ក្នុងមួយខែ ដោយប្រើកម្មករ ៥២ នាក់ ។ ក្រុមហ៊ុននេះមានផែនការផលិតចំណីសត្វ ១៨០ ០០០ តោន ក្នុងមួយឆ្នាំ ។ វត្ថុធាតុដើមក្នុងស្រុកដែលក្រុមហ៊ុនប្រើគឺដំឡូងមី ពោតក្រហម ចុងអង្ករ កន្ទក់ ថ្មហ្មត់ កាកដូង កាកស្រាបៀ និងម្សៅឆ្អឹងសត្វ ជាដើម ។
បច្ចេកទេសផលិត ភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប ។ ២០% នៃឋាមពលដែលប្រើប្រាស់ក្នុងរោងចក្ រគឺបានពីឋាមពលពន្លឺព្រះអាទិត្យ ។ ទិសដៅអនាគត ក្រុមហ៊ុននឹងទៅបង្កើតរោងចក្រទៅខេត្តបាត់ដំបងមួយទៀតដែលជាខេត្តផលិតវត្ថុធាតុដើមសំខាន់មួយ ។

រោងចក្រផលិតចំណីសត្វ មានទីតាំងនៅខេត្តកំពង់ស្ពឺនេះ ជាខ្នាតអន្តរជាតិ ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានវត្តមាននៅក្នុងពិធីសម្ពោធរោងចក្រផលិតចំណីសត្វនេះ បានគូសបញ្ជាក់ថា ជាឆន្ទៈរបស់ក្រុមហ៊ុន គឺបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជា ឆ្លើយតបតាមស្តង់ដារទំនើប មានអនាម័យ និងគោរពតាមបទដ្ឋាន ISO 22000 ព្រមទាំងធ្វើអាជីវកម្មផលិតផលអាហារបំប៉នសត្វ ដើម្បីបម្រើឱ្យអនុវិស័យផលិតកម្មសត្វនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។

នៅកម្ពុជាមានរោងចក្រផលិតចំណីសត្វជាង ២០ ហើយ ប៉ុន្តែមានការសង្កេតឃើញថា រោងចក្រទាំងអស់នោះបានផលិតចំណីសត្វនៅមិនទាន់អស់លទ្ធភាពនៅឡើយទេ ដោយសារវត្ថុធាតុក្នុងការផលិតពិសេសអគ្គិសនីជាដើមនោះមានតម្លៃខ្ពស់ ។ ចំណីសត្វនៅកម្ពុជាមួយចំនួនធំនាំចូលពីប្រទេសជិតខាង ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានស្វាគមន៍ការបង្កើតឱ្យមានរោងចក្រផលិតចំណីសត្វឱ្យបានច្រើនជាការល្អ លោកថា ចំណីសត្វបច្ចុប្បន្នបានឡើងថ្លៃយ៉ាងខ្លាំងដែលធ្វើឱ្យអ្នកចិញ្ចឹមសត្វពិបាករកផលចំណេញ និងប៉ះពាល់ដល់ការចិញ្ចឹមសត្វនៅកម្ពុជាផងដែរ ៕
ចែករំលែកព័តមាននេះ