ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​បណ្តា​ខេត្ត​មួយ​ចំនួន​ណែនណាន់​ដោយ​អ្នកទេសចរ

7 ឆ្នាំ មុន

ខេត្តកំពត ៖ រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​២០១៦​នេះ នៅ​ខេត្តកំពត តាម​ដងផ្លូវ​ក្នុង​ក្រុង ពោរពេញ​ទៅ​ដោយ​យានយន្ត​គ្រប់​ប្រភេទ ពិសេស​រថយន្ត​ធ្វើ​ចរាចរ​ …

ខេត្តកំពត ៖ រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​២០១៦​នេះ នៅ​ខេត្តកំពត តាម​ដងផ្លូវ​ក្នុង​ក្រុង ពោរពេញ​ទៅ​ដោយ​យានយន្ត​គ្រប់​ប្រភេទ ពិសេស​រថយន្ត​ធ្វើ​ចរាចរ​យ៉ាង​មមាញឹក ឆ្ពោះទៅ​កាន់​រមណីយដ្ឋាន​នានា ។ ការ​ធ្វើ​ចរាចរ​ច្រើន​បែប​នេះ​បណ្ដាល​ឲ្យ​កកស្ទះ​រាប់​ម៉ោង ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ តុលា ២០១៦​ថា រដូវ​បុណ្យ​ភ្ជំបិណ្ឌ​ឆ្នាំ​នេះ អ្នកទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តកំពត កើនឡើង​ខុស​ប្លែក​ពី​ឆ្នាំ​មុន ។ ជាក់ស្ដែង​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៣ ចាប់ពី​ក្បាលស្ពាន​ខាងកើត​និង​ខាងលិច ព្រមទាំង​លើ​ទ្រូង​ស្ពាន កកស្ទះ​ចរាចរ​រាប់​ម៉ោង ។ ក្នុង​ស្ថានភាព​បែប​នោះ​នគរបាល​ចរាចរ​មមាញឹក​រក​ពេល​សម្រាក​មិន​បាន ចាប់ពី​ម៉ោង​ប្រមាណ​៧​ព្រឹក រហូត​ដល់​ម៉ោង​ប្រមាណ​៦​ទៅ​៧​យប់ ។ អ្នកទេសចរ​បើ​ទោះបីជា​កកស្ទះ​យ៉ាងណា​ក្តី មិន​សម្តែង​ការ​ធុញថប់​ប៉ុន្មាន​ទេ ថែម​ទាំង​ហុច​ភេសជ្ជៈ​ដល់​សមត្ថកិច្ច​ដើម្បី​លើកទឹកចិត្ត និង​ថ្លែងអំណរគុណ​ទៀត​ផង ។

លោក​ចាន់ ចេស្ដា អភិបាលខេត្ត​បាន​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង និង​កោតសរសើរ​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច​ដែល​យកចិត្តទុកដាក់​បំពេញភារកិច្ច​របស់​ខ្លួន មិន​គិត​ពី​ពេលវេលា​ឈប់​សម្រាក និង​ការ​នឿយហត់ ។

បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​ក្នុង​ខេត្ត​សរុប​ចំនួន​៧០.៤៨០​នាក់ កើនឡើង​ជាង​ឆ្នាំ​មុន​៤៥,៣៨%​ក្នុង​នោះ ទេសចរ​ក្នុងស្រុក​ចំនួន​៦៩.០៣២​កើនឡើង ៤៦,៧៧% ។ ទេសចរណ៍​អន្តរជាតិ​សរុប​ចំនួន​១៤.៣៨​នាក់​ថយ​ចុះ​៤២%​។ ស្ថានភាព​ទូទៅ​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព​នៅ​តាម​រមណីយដ្ឋាន​នានា​ពុំ​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។

ចំពោះ​ផ្នែក​បម្រើ​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ក្នុង​ទីរួមខេត្ត​កំពត​រយៈពេល​បី​ថ្ងៃ និង​តម្លៃ​ម្ហូបអាហារ​ពុំ​មានការ​ដំឡើង​តាម​អំពើ​ចិត្ត​នៅ​តាម​ផ្សារ រមណីយដ្ឋាន និង​ផ្ទះសំណាក់​ទេ គឺ​តម្លៃ​មិន​ធ្វើ​ឱ្យ​ភ្ញៀវ​ត្អូញត្អែរ​ដូច​ឆ្នាំ មុន​ៗ​ទេ ។

នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦ ខេត្តកំពត​មានការ​កកស្ទះ​ចរាចរណ៍​ច្រើន​ម៉ោង ដែល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត មិន​ដែល​មាន​ឡើយ​តាំងពី​ដើម​មក ។

ក្រោយ​ពី​បាន​ទទួល​ការ​ណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មក មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ណែនាំ​អំពី​សុវត្ថិភាព​ទេសចរ​តាម​ទូក ពិសេស​ការ​ពាក់អាវ​សុវត្ថិភាព ។

ខេត្ត​ម​ណ្ដ​ល​គិរី ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជាង​៧​ពាន់​នាក់​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី ។ តួលេខ​នេះ​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​មានការ​កើនឡើង​ច្រើន ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី លោក​ងិ​ន សុ​វិមាន ឲ្យ​ដឹង​ថា កត្តា​ច្រើន​ដែល​ជំរុញ​ឲ្យ​ខេត្តមណ្ឌលគិរី មាន​ភ្ញៀវ​ទេសចរ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នោះ ដូច​ជា​ផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន គឺ​ខេត្តមណ្ឌលគិរី​មាន​គ្រប់គ្រាន់​សម្រាប់​ទទួលភ្ញៀវ​ទេសចរ ។ កត្តា​មួយទៀត​នោះ គឺ​ការ​ផ្សព្វផ្សាយ ដោយសារ​ព័ត៌មាន​តែងតែ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ខេត្តមណ្ឌលគិរី ឲ្យ​អ្នកទេសចរ​ក្នុងស្រុក​និង​ទូ​ទាំង​សាកលលោក​បានដឹង ។

នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​ដូច​ជា ផ្លូវថ្នល់​នៅ​តំបន់​ភូមិភាគ​ឦសាន​ល្អ សន្តិសុខ​ល្អ ជា​ពិសេស​នោះ​គឺ​ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក៏​មានការ​រីក​ចម្រើន​ដូច​គ្នា ដូច្នេះ​ពួក​គាត់​មាន​លទ្ធភាព​សម្រាប់​ការ​ដើរ​លេង​កម្សាន្ត ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បញ្ជាក់​ថា គិត​ត្រឹម​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ទេសចរ​៧.៤២៧​នាក់ ទៅ​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរី ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៧.២២១​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​២០៦​នាក់ ។ តួលេខ​នេះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ឃើញ​ថា សម្រាប់​ចំនួន​ភ្ញៀវ​សរុប​មានការ​កើនឡើង​ចំនួន​២.៨៤៥​នាក់ ស្មើ​និង​៦២,០៩% ក្នុង​នោះ​ភ្ញៀវ​ជាតិ​កើន​ចំនួន ២.៧៤៦​នាក់ ស្មើនឹង​៦១,៣៦% ភ្ញៀវ​អន្តរជាតិ​កើនឡើង​៩៩​នាក់ ស្មើនឹង​៩២,៥២% ។

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦ ជា​ថ្ងៃ​បញ្ចប់​បុណ្យ​ភ្ជំបិណ្ឌ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​ភ្នំ​គូលែន រាប់​ពាន់​នាក់ ។ ភ្ញៀវ​រីករាយ​នឹង​ការ​លេង​ទឹកធ្លាក់ ។

គណៈកម្មការ​រៀបចំ​តំបន់​កម្សាន្ត​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​បុណ្យ​ភ្ជំបិណ្ឌ​ឆ្នាំ​នេះ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ច្រើន​ជាង​ឆ្នាំ មុន​ៗ​ព្រោះ​ឆ្នាំ​នេះ​អាជ្ញាធរ​រៀបចំ​តំបន់​កម្សាន្ត​បាន​ល្អ ។

នៅ​ភ្នំ​គូលែន​ភ្ញៀវ​ជាតិ​ជា​ច្រើន​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​តម្លៃ​ខ្យូ​ស​អង្គុយ​លេង តម្លៃ​ដល់​ទៅ​១០​ដុល្លារ និង​តង់​ក្រាល​អង្គុយ​១​តម្លៃ​១​ម៉ឺន​រៀល ។ អ្នកទេសចរ​បាន​សំណូមពរ​អាជ្ញាធរ​ខេត្ត​-​ស្រុក​នៅ​ឆ្នាំ​ក្រោយ នា​ឱកាស​បុណ្យ​ទាន​គួរ​ជួយ​សម្រួល​កុំឱ្យ​ផ្នែក ផ្សេង​ៗ​បម្រើ​ការងារ​កម្សាន្ត​ដំឡើង​ថ្លៃ ៕