ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលមានមុខរបររាយមងតាមស្ទឹង ត្រូវអ្នកជិះកាណូតស្មាច់បើកបុកធ្លាក់ពីលើទូកបាត់ខ្លួនមួយយប់ មួយថ្ងៃ ហើយត្រូវបានសាច់ញាតិ និងសមត្ថកិច្ចជិះកាណូតស្វែងរកឃើញសពនៅម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៤ តុលា នៅក្នុងស្ទឹងសង្កែ ត្រង់ចំណុចកសេះ ស្ថិតក្នុងភូមិរហាលសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តបានរាយការណ៍ថា បុរសរងគ្រោះឈ្មោះ រ័ត្ន សារ៉ាយ អាយុ២៨ឆ្នាំ ប្រកបរបរជាអ្នកនេសាទ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយបានកើតហេតុនៅម៉ោង៧ព្រឹកថ្ងៃទី៣ តុលា ត្រង់ចំណុចខាងលើ។
មន្ត្រីដដែលបន្តថា អ្នកកាណូតស្មាច់បង្កហេតុមានគ្នា៣នាក់ ស្រី២ ប្រុស១ តែគេមិនស្គាល់អត្តសញ្ញាណជនទាំង៣នាក់នោះទេ ហើយបានបើកទៅបុកជនរងគ្រោះ ខណៈពេលកំពុងជិះទូកឈើរាយមងតាមដងស្ទឹងសង្កែ បណ្តាលឱ្យជនរងគ្រោះធ្លាក់ទឹកបាត់ខ្លួនរហូតនៅរសៀលថ្ងៃទី៤ តុលា ទើបក្រុមគ្រួសារ និងសមត្ថកិច្ចស្វែងរកឃើញសាកសពដែលអណ្ដែតទឹកនៅក្បែរកន្លែងកើត ហេតុ ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅថ្ងៃកើតហេតុ(ថ្ងៃទី៣ តុលា)ប្រជាពលរដ្ឋមួយចំនួនមកពីឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួង ស្រុកឯកភ្នំ បាននាំគ្នារៀបចំពិធីប្រណាំងកាណូតតាមដងស្ទឹងសង្កែ នៅចំណុចកើតហេតុខាងលើ ហើយកាលពីឆ្នាំទៅមិញក៏មានប្រារព្ធ ពិធីនេះដែរ ដែលមានអ្នកចូលរួមប្រណាំងកាណូតជាច្រើន ។
ប្រភពដដែលបន្តថា នៅព្រឹកថ្ងៃទី៣ តុលានោះ ក៏មានអ្នកចូលរួមដូចឆ្នាំមុនដែរ ហើយគេឃើញអ្នកមានកាណូតបើកទៅបើកមកពេញស្ទឹង មុនពេលពិធីប្រណាំងចាប់ផ្ដើម ។ ដូច្នេះ គេសង្ស័យកាណូតស្មាច់ ដែលបើកបុកអ្នករាយមងតាមស្ទឹងរហូតធ្លាក់ទឹកស្លាប់នោះ អាចជាអ្នកចូលរូមប្រណាំង ឬជាអ្នកចូលរួមកម្សាន្តតែម្ដង ។
សមត្ថកិច្ចបាននិយាយថា គេនៅមិនទាន់ស្គាល់អត្តសញ្ញាណក្រុមអ្នកបើកកាណូតបង្កហេតុទាំង៣នាក់នោះទេ ព្រោះក្រោយបង្កហេតុ ពួកគេបានបើកកាណូតគេចបាត់ស្រមោលទាំងព្រឹក ខណៈជនរងគ្រោះធ្លាក់ទឹកបាត់ខ្លួនទាំងមនុស្ស ទាំងទូក ។
សមត្ថកិច្ចបានបញ្ជាក់ថា សាកសពជនរងគ្រោះមានស្នាមរបួសត្រង់ថ្ងាស ហើយសមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ក្រោយពីពិនិត្យ និងបញ្ចប់ការសួរនាំនៅកន្លែងកើតហេតុ ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលអាជ្ញាធរមូលដ្ឋានអនុញ្ញាតឲ្យមានពិធីប្រណាំងកាណូតនៅតាមដងស្ទឹង ដែលប្រឈមនឹងគ្រោះថ្នាក់បែបនេះ ។ កាលពីឆ្នាំមុនក៏មានមនុស្សស្លាប់ដោយសារការប្រណាំងកាណូតខុសបច្ចេកទេស និងខុសប្រពៃណីនេះដែរ ។ ដូច្នេះអាជ្ញាធរគួរតែពិចារណាអំពីការអនុញ្ញាតឲ្យពលរដ្ឋនៅក្នុងមូលដ្ឋានប្រារព្ធពិធីដ៏គ្រោះថ្នាក់នេះ ព្រោះគ្មានអ្នកទទូលខុសត្រូវឡើយនៅពេលកើតមានបញ្ហាម្ដងៗ ៕
ចែករំលែកព័តមាននេះ