ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី រហូតដល់៤៥នាក់បានពុលក្តាមត្រាំនៅក្នុងភូមិចំនួន៣ មានភូមិខ្យាអំពិល ភូមិបន្ទាយ ភូមិកប្លោក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក។
ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី២៩ កញ្ញា ២០១៦ រហូតដល់ព្រឹកថ្ងៃទី៣០ កញ្ញា ដែលអ្នកភូមិទាំងអស់នោះបាននាំគ្នាវិលត្រឡប់ទៅវិញ ក្រោយពីការសង្គ្រោះទាន់ពេលវេលាពីសំណាក់គ្រូពេទ្យ ។
លោកវរសេនីយ៍ទោ ហេង វណ្ណា អធិការនគរបាលស្រុកស្រីសន្ធរឱ្យដឹងថា ដំបូងពលរដ្ឋដែលរងគ្រោះម្នាក់ទៅ២នាក់ ដែលមានអាការៈឈឺពោះរាករូស ហើយត្រូវបញ្ជូនមកកាន់មណ្ឌលសុខភាពបារាយណ៍ ប៉ុន្តែអ្នករងគ្រោះកាន់តែមានចំនួនកើនឡើងជាលំដាប់ រហូតដល់មានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យស្រុកមកដឹក២-៣ជើង សរុប២៦នាក់ ។ ចំណែកអ្នកខ្លះវិញ មានលក្ខណៈធូរស្រាល ត្រូវបានបន្តោងសេរ៉ូមនៅមណ្ឌលសុខភាព ។
លោកវរសេនីយ៍ទោ ហេង វណ្ណា អធិការនគបាលស្រុកស្រីសន្ធរបានប្រាប់បន្តថា មូលហេតុដែលបណ្តាលឱ្យពុលក្តាមនេះ គឺដោយសារតែពលរដ្ឋបានទៅចាប់ក្តាមស្រែ (សង្ស័យគេបាញ់ថ្នាំស្រែ) មកត្រាំ ។ លុះពេលដែលត្រូវយកមកហូប ជាមួយនឹងបាយ ក៏បណ្តាលឱ្យពុលជាបន្តបន្ទាប់ ។ ក្នុងហេតុការណ៍នេះ គឺមានការជួយអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច ក៏ដូចជាគ្រូពេទ្យនោះ ទើបពលរដ្ឋបានធូរស្រាលវិញ ក្រោយពីបានបន្តោងសេរ៉ូម ។
ករណីមួយទៀត ព្រះសង្ឃនិងកូនសិស្សចំនួន៣៧អង្គ-នាក់ គង់នៅវត្តបារាយ៍ ក្នុងភូមិបារាយ៍ ឃុំបារាយ៍ ស្រុកស្រីសន្ធរ ក៏បានពុលចំណីអាហារ បណ្តាលចុកពោះក្អួតចង្អោរ ហើយត្រូវបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងខ្លះទៀត កំពុងតែសម្រាកនៅមណ្ឌលសុខភាព ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី២៩ សីហា ២០១៦ ហើយរហូតមដល់ព្រឹកថ្ងៃទី៣០ សីហា
នេះដែរ ព្រះសង្ឃដែលពុលចង្ហាន់បានធូរស្រាល និងត្រៀមនិមន្តត្រឡប់ទៅវត្តវិញផងដែរ ។
មុនកើតហេតុ នៅថ្ងៃទី២៨ សីហា ប្រជាពលរដ្ឋបានយកបាញ់ហយ មកប្រគេនព្រះសង្ឃឆាន់ម្តង លុះរហូតដល់ព្រឹកថ្ងៃទី២៩សីហា បានយកចង្ហាន់មកប្រគេនព្រះសង្ឃឆាន់ទៀត ។ ក្រោយមក ស្រាប់តែមានអាការៈចុកពោះ និងក្អួតចង្អោរ រហូតដល់ទៅ៣៧អង្គ-នាក់ ក្នុងនោះមានកូនសិស្ស២នាក់ដែរ ។
ចំពោះព្រះសង្ឃដែលពុលធ្ងន់ធ្ងរ ត្រូវបានដឹកតាមរថយន្តមកសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។ ករណីពុលចង្ហាន់ខាងលើនេះ ត្រូវសមត្ថកិច្ចដាក់ការសង្ស័យ មកពីសម្លស្ងោរស្ពៃជ្រក់ ដែលគេដាំហើយបាញ់ថ្នាំ នៅពេលដែលពលរដ្ឋយកមកស្ល មិនបានលាងឲ្យស្អាតនោះ ទើបបង្កឱ្យពុលក្អួតចង្អោរទៅ តែសំណាងត្រូវបានគ្រូពេទ្យសង្គ្រោះទាន់ពេលវេលា ។
ចែករំលែកព័តមាននេះ