ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់កម្ពុជា ​កើនឡើង ​លើកលែងតែ​ការនាំ​អង្ករ​ចេញ​ធ្លាក់​ចុះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ក្នុង​រយៈពេល ៣​ ខែ ឆ្នាំ ​២០២២​ មានការ​នាំ​ចេញ​សម្លៀក​បំពាក់ កង់ គ្រឿង​អេ​ឡិច​ត្រូ​និ​ក…

រាជធានីភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ក្នុង​រយៈពេល ៣​ ខែ ឆ្នាំ ​២០២២​ មានការ​នាំ​ចេញ​សម្លៀក​បំពាក់ កង់ គ្រឿង​អេ​ឡិច​ត្រូ​និ​ក ផលិតផល​កសិកម្ម​ជាដើម​នោះ ជាទូទៅ​កើនឡើង​បើ​ប្រៀបធៀប​ឆ្នាំ ​២០២១ ក្នុង​រយៈពេល​ដូច​គ្នា​ លើកលែងតែ​ការ​នាំ​ចេញ​អង្ករ​មានការ​ធ្លាក់​ចុះ ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹង​ថា នៅ​ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ ​២០២២ ​នេះ ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​មាន​ចំនួន ៣,១៥៥ លាន​ដុល្លារ កើនឡើង​ប្រមាណ ៦២៧.៨ លាន​ដុល្លារ ស្មើនឹង ២៤.៨% ​។​ ចំណែក​ការ​នាំ​ចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ (​ដូច​ជា ៖ កង់ គ្រឿង​បំណែក​អេ​ឡិច​ត្រូ​និ​ក បង្គុំ​ខ្សែភ្លើង គ្រឿងបន្លាស់​រថយន្ត អំ​ពូ​ល​លម្អ ផលិតផល​ពី​ឈើ ផលិតផល​ប្លា​ស្ទិ​ក ស្បែក​សត្វ​កែ​ច្នៃ និង​ផលិតផល​ផ្សេង​ៗ​ទៀត​) មាន​ចំនួន ១,២១២.៩ លាន​ដុល្លារ កើនឡើង​ប្រមាណ ៣៣៥.២ លាន​ដុល្លារ ស្មើនឹង ៣៨.២% ​។

អង្គភាព​ប្រមូល​ពន្ធគយ​របស់​កម្ពុជា​ខាងលើឱ្យដឹង​បន្ត​ថា ចំពោះ​ការ​នាំ​ចេញ​កសិផល​សរុប​មាន​តម្លៃ ១,១២៣.៥ លាន​ដុល្លារ កើនឡើង​ប្រមាណ ១០៧.៤ លាន​ដុល្លារ ស្មើនឹង ១០.៦% ដែល​ក្នុង​នោះ ស្រូវ​នាំ​ចេញ​មាន​តម្លៃ ២៩៨.៩ លាន​ដុល្លារ ថយ​ចុះ​ប្រមាណ ១៧.២ លាន​ដុល្លារ​អា​មេ​រិ​ក ស្មើរ ​៥.៤% ការ​នាំ​ចេញ​អង្ករ​មាន​តម្លៃ ១០៥.១ លាន​ដុល្លារ ថយ​ចុះ​ប្រមាណ ៤.៧ លាន​ដុល្លារ ស្មើ​ ៤.៣% កៅស៊ូ​នាំ​ចេញ​មាន​តម្លៃ ១០៣.២ លាន​ដុល្លារ កើនឡើង​ប្រមាណ ១០.១ លាន​ដុល្លារ​អា​មេ​រិ​ក ស្មើ​ ១០.៩% និង​កសិផល​ផ្សេង​ទៀត​មាន​តម្លៃ ៦១៦.៣ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ១១៩.១ លាន​ដុល្លារ ស្មើរ ​២៤% ​។

ទាក់ទង​ការ​នាំ​អង្ករ​ចេញ​នេះ​ដែរ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៍បានឱ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី ​១ នៃ​ឆ្នាំ ​២០២២ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់ ៤៩ ប្រទេស​ និង​តំបន់​ស្វយ័ត ដែល​មាន​បរិមាណ​សរុប​ចំនួន ១៧០ ៥៣៩ តោន ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ១០០.៤៧ លានដុល្លារ​ ។

ប្រទេស​ចិន និង​តំបន់​ស្វយ័តហុងកុង ម៉ា​កាវ ចំនួន ៥២% ឬ​ស្មើនឹង ៨៨ ៦៤៦ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៤៥.១៩ លាន​ដុល្លា​រ​អា​មេ​រិក បណ្តា​ប្រទេស​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ចំនួន ៣១% ឬ​ស្មើនឹង ៥២ ២២២ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៣៥.៩៥ លាន​ដុល្លា​រអា​មេ​រិក ប្រទេស​ដែល​ជា​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន ១០% ឬ​ស្មើនឹង ១៧ ៣១០ តោន គិត​ជា​ទឹកប្រាក់​ចំនួន ១០.៦៤ ​លាន​ដុល្លា​រអា​មេ​រិក និង​បណ្តា​គោលដៅ​ផ្សេង​ៗ ចំនួន ៧% ឬ​ស្មើនឹង ១២ ៣៦១ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៨.៦៧ លាន​ដុល្លារ ដែល​ក្នុង​នោះ​ទៅ​បណ្តា​ប្រទេស​នៅ​ក្នុង​ទ្វី​អា​ហ្វ្រិ​ក ៣% ឬ​ស្មើនឹង ៤ ៧៩៧ តោន តំបន់​អូ​សេ​អា​នី រួម​មាន ៖ ​អូស្ត្រាលី និង​ញូ​ហ្សេ​ឡែ​ន ២ ៤៦៥ តោន និង​តំបន់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អឺរ៉ុប រួម​មាន ៖ ​តួ​គី រុ​ស្សី និង​អ៊ុយ​ក្រែ​ន ១ ២៥៥ តោន ​។

សម្រាប់​ការ​នាំ​ចេញ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​មាន​ចំនួន ១ ៣៩០ ១៨១ តោន ដែល​គិត​ជា​ទឹកប្រាក់​ប៉ាន​ប្រមាណ​ចំនួន ​៣១៣ ដុល្លារ​សហរដ្ឋអាមេរិក មានការ​កើនឡើង​ចំនួន ១៣.៦០% ​។ បញ្ហា​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន ពិសេស​ការ​ឡើងថ្លៃ​សេវា​ដឹក​ជ​ញ្ជួ​ន​នេះ ជា​ឧបសគ្គ​សំខាន់​ដែល​ធ្វើឱ្យការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​ធ្លាក់​ចុះ​ ។​ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គភាព​ពាក់ព័ន្ធ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ