ខេត្តតាកែវ ៖ ករណីអ្នកមានលុយ ឬអ្នកមានប្រាក់ទិញយក្សប្រើ ត្រូវបានក្រុមហ៊ុនឈ្មួញស្នើកាត់ឆ្វៀលដីព្រៃភ្នំតាម៉ៅប្រមាណ៣០០ហិកតា ពេលនេះអភិបាលស្រុកបាទីបានថ្លែងទទួលស្គាល់ថា ពិតជាមានករណីស្នើសុំនេះមែន ប៉ុន្តែលោកពុំមែនជាអ្នកធ្វើលើកិច្ចណានេះទេ មានន័យថា លោកពុំមានសិទ្ធិទេ គឺអាស្រ័យថ្នាក់លើ ។ សូមរំលឹកថា៖ ដីព្រៃសួនសត្វភ្នំតាម៉ៅ៣០០ហិកតា សង្ស័យធ្លាក់ដល់ដៃឈ្មួញឆាប់ៗនេះ !
ថ្លែងប្រាប់កោះសន្តិភាពនៅថ្ងៃនេះ លោក ភួន ឈីម អភិបាលស្រុកបាទីបានមានប្រសាសន៍ថា ពិតជាមាន
ការ ស្នើសុំស.ជ.ណ កាត់ឆ្វៀលដីនោះមែន ប៉ុន្តែនីតិវិធីរបស់លោក គឺបានត្រឹមតែស្នើសុំដីនោះទុកជាសម្បត្តិរដ្ឋ ហើយរឿងរដ្ឋយកទៅធ្វើអ្វីបន្តទៀត គឺលោកអត់ដឹងទេ ហើយចំពោះបុគ្គលណាមកស្នើសុំនោះ ក៏លោកអត់ដឹង
ដែរ។
ដោយឡែកលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលជាជំនាញ ក្នុងការកាត់ឆ្វៀលដីព្រៃភ្នំតាម៉ៅ មិនធ្វើការបំភ្លឺឡើយដោយថា លោកកំពុងជាប់ប្រជុំ ។
សូមបញ្ជាក់ថា ព្រៃភ្នំតាម៉ៅ មានទំហំសរុបប្រមាណ១២០០ហិកតា ដែលត្រូវបានចាត់ទុកថា ជាតំបន់ផ្ទៃដីការពារព្រៃឈើ និងត្រូវបានគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ។ នៅក្នុងចំណោមផ្ទៃដី១២០០ហិកតានេះ នាយកដ្ឋានរុក្ខា ប្រមាញ់ បានរៀបចំដាំដើមឈើ និងរៀបចំ ជាសួនសត្វនៅលើផ្ទៃដីតែ៧០ហិកតាប៉ុណ្ណោះ។
ចាំមើលទៀត… តើដីព្រៃភ្នំតាម៉ៅនឹងក្លាយជាសាច់កាប់ ឬសាច់៣ជាន់មែនឬអត់? គង់តែដឹង ឬធ្លាយនៅពេលណាមួយ ព្រោះអ្នកមានលុយ មានប្រាក់សុទ្ធតែទិញយក្សប្រើបានទាំងអស់ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ