រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិម៉ាល់ឌីវ ក្នុងលទ្ធផល៤ទល់០ កាលពីយប់ថ្ងៃទី២១ មីនា កន្លងមកនេះ នៅក្នុងទីលានកីឡាដ្ឋានជាតិម៉ាឡេរបស់ប្រទេសម៉ាល់ឌីវ ។ នេះបើយោងតាមគេហទំព័រឈ្មោះមីនីវ៉ានញូវស៍របស់ម៉ាល់ឌីវ ចេញផ្សាយកាលពីថ្ងៃទី២២ មីនា ម្សិលមិញនេះ ។ គេហទំព័រដដែលបានបញ្ជាក់ថា គ្រាប់បាល់ដែលស៊ុតបញ្ចូលទីនៅក្នុងនាទីដំបូងគេគឺទាត់ដោយកីឡាករម៉ាល់ឌីវ ឈ្មោះមូថា ណាសៀ ហើយ៣គ្រាប់ទៀតស៊ុតបញ្ចូលទីដោយប្រធានក្រុមឈ្មោះអាលី អាសហ្វា ។
សូមបញ្ជាក់ថា នៅក្នុងការប្រកួតពានរង្វាន់អេអេហ្វ ស៊ី ឆលលែនខាប់ (AFC Challenge Cup) ក្នុងគ្រុប C ដែលកំពុងប្រព្រឹត្តធ្វើនៅប្រទេសម៉ាល់ឌីវ នាពេលនេះ មានប្រទេសចូលរួមចំនួន៤ ក្នុងនោះមានម៉ាល់ឌីវ ជាម្ចាស់ផ្ទះ ប្រទេសកម្ពុជា តាជីគីស្តង់ និងប្រទេសគីហ្ស៊ីស្តង់ ។ ក្នុងចំណោម៤ក្រុមនេះជ្រើសរើសយកតែ២ក្រុមដែលមានពិន្ទុខ្ពស់ប៉ុណ្ណោះ ដើម្បីទៅប្រកួតបន្តទៅឆ្នាំ២០១២ខាងមុខ ។ នៅក្នុងការប្រកួតជម្រុះពានរង្វាន់អេអេហ្វស៊ី ឆលលែនខាប់នេះ កម្ពុជាសង្ឃឹមឈ្នះ ឬស្មើម៉ាល់ឌីវ ជាម្ចាស់ផ្ទះ ប៉ុន្តែចំពោះការជួបប្រកួតជាមួយប្រទេសតាជីគីស្តង់ និងគីហ្ស៊ីស្តង់ ដែលជាប្រទេសបំបែកចេញពីអតីតសហភាពសូវៀតនោះ កម្ពុជាគ្មានសង្ឃឹមយកស្មើ ឬក៏ឈ្នះនោះទេ ពីព្រោះការជួបគ្នាកន្លងមកកម្ពុជាពុំមានប្រវត្តិឈ្នះ ឬក៏ស្មើនោះទេ ។ យ៉ាងណាក៏ដោយ បាល់មូល មិនអាចអ្នកណាម្នាក់ទស្សន៍ទាយបាននោះទេ លុះត្រាតែអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត៩០នាទីទើបជារឿងពិត
ប្រាកដ ។ ដូច្នេះនៅក្នុងការប្រកួតនៅថ្ងៃពុធទី២៣ មីនា នេះ ដែលកម្ពុជាជួបជាមួយប្រទេសតាជីគីស្តង់នោះ នឹងដឹងលទ្ធផលនៅវេលាថ្ងៃស្អែក ប៉ុន្តែប្រសិនបើកម្ពុជាចាញ់ គឺហាលអាវហើយ ។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បង្ហាត់ដោយគ្រូជនជាតិកូរ៉េខាងត្បូង ដែលជាអតីតកីឡាករអាជីពនៅក្នុងប្រទេសកូរ៉េ ហើយក៏ជាអតីតគ្រូជំនួយក្រុមបាល់ទាត់នារីជម្រើសជាតិកូរ៉េផងដែរ។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ មីនា កន្លងមកថ្មីៗនេះ ៕
ចែករំលែកព័តមាននេះ