ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេក​រូបសំណាក់​«​ព្រះថោង​នាងនាគ​»

2 ឆ្នាំ មុន
  • ព្រះសីហនុ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អភិសេក​រូបសំណាក «​ព្រះថោង​នាងនាគ​» នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ថ្ងៃ​ទី​៣ នៃ

ខេត្ត​ព្រះ​សីហ​នុ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អភិសេក​រូបសំណាក «​ព្រះថោង​នាងនាគ​» នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

រូបសំណាក «​ព្រះថោង​នាងនាគ​» ត្រូវ​បាន​រៀបចំ​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​រៀបចំ​ប្រារព្ធ​ពិធី​នៅ​ចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ​។ រូបសំណាក «​ព្រះថោង​នាងនាគ​» ដ៏​ធំ​សម្បើម​នេះ មាន​កម្ពស់​ជាង​២១​ម៉ែត្រ រចនា​ស្ថាបត្យកម្ម​ដោយ​កូន​ខ្មែរ ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​ហ្មត់ចត់​នៅ​ប្រទេស​ចិន និង​បាន​ដឹក​មក​ដល់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​២៥ ខែមីនា ២០២២​។

រូបសំណាក «​ព្រះថោង​នាងនាគ​» បាន​ដាក់​បែរ​ព្រះ​ភក្ត្រ ឆ្ពោះទៅ​សមុទ្រ ដោយសារ​រឿងព្រេង ការ​កកើត​នគរ​ខ្មែរ គឺ​លើ​ព្រះ​នាងនាគ​បាន​ឲ្យ​ព្រះថោង​តោង​កន្ទុយ ឬ​ស្បៃ ដើម្បី​មុជទឹក ហោះ​ទៅ​កាន់​ឋាន​ស្ដេច​ភុជង្គនាគ ដើម្បី​ជួប​មាតា បិតា​របស់​ព្រះ​នាង ហើយ​នោះ​គឺជា​និម្មិតរូប នៃ​ការ​កកើត​ទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​នគរ​ខ្មែរ គោក​ធ្លក ដែល​គេ​ឃើញ​មាន​ត​.​រៀង​មក​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្មែរ រហូត​ដល់​សព្វថ្ងៃ​។

ក្រោយ​ពិធី​សាសនា​ដែល​បាន​ប្រារព្ធ​ឡើង​ទៅ​តាម​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ​រួច​មក​។ សម្តេច​អគ្គ​តេ​មហា​សេនាបតី​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា សម្តេច​ពិតជា​មានការ​កោតសរសើរ​ចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា និង​ក្រុមការងារ​ទាំងអស់​ដែល​បាន​រៀបចំ​រូបសំណាក​ព្រះថោង​តោង​ស្បៃ​នាងនាគ នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ពេល​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បន្ថែម​ទៀត នៅ​លើ​ទឹកដី​នៃ​ខេត្ត​ព្រះ​សីហ​នុ​នេះ​។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុងព្រះសីហនុ ជា​ក្រុង​មួយ​ដែល​បង្កើត​ឡើង​ដោយ​អតីត​ព្រះ​មហា​វីរក្សត្រ សម្ដេចព្រះ​នរោត្តម​សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ក្នុង​នោះ​មាន​រូបតំណាង​ព្រះ​នាម​ព្រះ​អង្គ​នៅ​រង្វង់​មូល​តោ​ពីរ​ស្រាប់តែ​ម្ដង​។

ទាក់ទង​ទៅ​នឹង​រូបសំណាក «​ព្រះថោង​នាងនាគ​» នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​អំពី​ដើម​កំណើត​នៃ​ប្រពៃណី​ព្រះថោង​តោង​ស្បៃ​នាងនាគ ដែល​មានការ​ផ្សារ​ភ្ជាប់​នូវ​អរិយធម៌ វប្បធម៌​របស់​ខ្មែរ​យើង ជា​ពិសេស​ទំនៀមទម្លាប់​ប្រពៃណី​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​ដែល​តែងតែ​មានការ​ផ្សារ​ភ្ជាប់​ព្រះថោង​នាងនាគ ជា​ពិសេស​ទំនៀមទម្លាប់​ប្រុស​ចូល​ដណ្ដឹង​ស្រី ដែល​កើត​មាន​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។

សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ការ​សាងសង់​រូបសំណាក​នេះ​មិន​ត្រឹមតែ​បង្ហាញ​អំពី​អរិយធម៌ វប្បធម៌​ដ៏​ល្អ​ផូ​ផង​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ផង​ដែរ ស្រប​ពេល​ដែល​ខេត្ត​ព្រះ​សីហ​នុ បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ចំនួន​៣៧ ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ជា​ច្រើន​ទៀត​នោះ​។

ទាក់ទង​ទៅ​នឹង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា សម្តេច​គ្មាន​បំណង​ដាក់​បម្រាម​ណាមួយ​ទៅ​លើ​ការ​លេង​កម្សាន្ត​នោះ​ទេ សូម​អាជ្ញាធរ​កុំឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល សម្រាប់​ការ​លេង​កម្សាន្ត​នៅ​បុណ្យចូលឆ្នាំ​នេះ តែ​សម្ដេច​តេ​ជោ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​ទាំងអស់​គ្នា​។

ទោះបីជា​មាន​ខេត្ត​៤ អនុញ្ញាត​ឱ្យ​ប្រជាជន​ជ្រើសរើស​ក្នុង​ការ​ពាក់ ឬ​មិន​ពាក់​ម៉ាស់​ក៏​ដោយ ក៏​ប៉ុន្តែ​៣​ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ថ្មី គឺ​ភាគច្រើន​មិន​មានការ​ពាក់​ម៉ាស់​នោះ​ទេ​។ សម្តេច​តេ​ជោ សង្ឃឹមថា ពលរដ្ឋ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង នឹង​អាច​ទទួលយក​វ៉ាក់សាំង​នៅ​តាម​ទីតាំង​ដែល​អាជ្ញាធរ​រៀបចំ នៅ​តាម​កន្លែង​កម្សាន្ត​មួយ​ចំនួន នៅ​ថ្ងៃ​ចុង​ក្រោយ នៃ​បុណ្យចូលឆ្នាំ​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ