រាជធានីភ្នំពេញ ៖ ក្រុមការងារបាន និងកំពុងមមាញឹកក្នុងការតម្លើងប្រពន្ធ័កាមេរ៉ាសុវត្ថិភាពចំនួន៦០០គ្រឿង ក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យរួចរាល់មុនថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹតទៅក្នុងពេលឆាប់ខាងមុខនេះ។ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែកញ្ញានេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំសម្របសម្រួលជាមួយក្រុមការងាររៀបចំតម្លើងកាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿងគ្របដណ្ដប់ទូទាំង១២ខណ្ឌ ដើម្បីពន្លឿនឱ្យបានរួចរាល់មុនពិធីបុណ្យអុំទូក។
លោកបន្តថា ពេលនេះសម្ភារភាគច្រើនត្រូវបានបញ្ជូនមកដល់ និងប្លង់ដែលត្រូវបំពាក់ក៏រៀបចំរួចរាល់ហើយដែរ ចំណែកក្រុមការងារ កំពុងមមាញឹកជម្រុញឲ្យបានឆាប់រួចរាល់តាមផែនការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិ ភាពជូនប្រជាពលរដ្ឋ ។ សមត្ថកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងថា ការបំពាក់កាមារ៉ាសុវត្ថិភាព តាមដងផ្លូវសំខាន់ៗមួយចំនួនកន្លងមក បានធ្វើឲ្យសមត្ថកិច្ចងាយស្រួយក្នុងការកំណត់រកមុខសញ្ញា និងទប់ស្កាត់ បានទាន់ពេលវេលា និងឈានដល់ការចាប់ខ្លួនជនសង្ស័យដែលបង្កបទល្មើសផ្សេងៗ។
សូមបញ្ជាក់ថា ប្រពន្ធ័កាមេរ៉ា ៦០០គ្រឿងនេះ ត្រៀមបំពាក់នៅតាមច្រកសំខាន់ៗមួយចំនួននៅក្នុងខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញមាន ខណ្ឌចំការមនចំនួន១៤៧គ្រឿង ដូនពេញ១១៦គ្រឿង ៧មករា ៧៥គ្រឿង ទួលគោក៥៤គ្រឿង ដង្កោ៨គ្រឿង មានជ័យ៥១គ្រឿង ឬស្សីកែវ៥៣គ្រឿង សែនសុខ២១គ្រឿង ពោធិសែនជ័យ២២គ្រឿង ជ្រោយចង្វា១៩គ្រឿង ព្រែកព្នៅ៨គ្រឿង និងខណ្ឌច្បារអំពៅចំនួន២៦គ្រឿងផងដែរ៕
ចែករំលែកព័តមាននេះ