ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​ត្រីកោណ ! ខាង​ប្រុស​ដើរ​និយាយ​មើលងាយ ខាង​ស្រី​ជួល​ឃាតករ​តាម​សម្លា.ប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ នៅ​នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​រៀបចំ​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន បង្ហាញមុខ …

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ នៅ​នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​រៀបចំ​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​បោក​គ្រាប់បែក​កាលពី​វេលា​ម៉ោង​ប្រមាណ​៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

សន្និសីទកាសែត​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតី​យ​ភាព​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ទោ សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​កិច្ច​បង្ក្រាប​មួយ​ចំនួន​ទៀត ក្រោម​ការ​ចូលរួម​ពី​សំណាក់​លោក ហឹ​ង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​រៀបរាប់​ពី​កិច្ចការ​ដែល​សមត្ថកិច្ច​បាន និង​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​បង្ក្រាប​ករណី​បំផ្ទុះ​គ្រាប់បែក និង​បាន​ទម្លាយ​ចេញ​មួយ​ករណី​ទៀត​តាម​បាញ់​ជន​រង​គ្រោះ ក្នុង​រឿង​សេ្ន​ហា​ត្រីកោណ​តែ​មួយ​នោះ ។

លោក​ឧត្តមសេនីយ៍ ង៉េ​ង ជួ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដែល​ដឹកនាំ​កម្លាំង​សហការ​បង្ក្រាប​លើ​ករណី​នេះ បាន​បញ្ជាក់​ថា ជនសង្ស័យ​ដែល​សមត្ត​កិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក និង​ការ​តាម​បាញ់ប្រហា​ជន​រង​គ្រោះ​គឺ​មាន​បក្សពួក​ទាំង​៨​នាក់ ក្នុង​ចំណោម​៩​នាក់​(​គេចខ្លួន​ម្នាក់​) ដែល​មាន ១-​ឈ្មោះ សុខ គឹ​ម​លី ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​វៀតណាម ជា​មេខ្លោង ២-​ឈ្មោះ ប៊ុ​ន ភក្តី ហៅ ភ័​ក្រ ហៅ វ័ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ៣-​ឈ្មោះ នូ សំ​បាន ហៅ ខេន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ៤-​ឈ្មោះ ប៊ូ សុភាព ហៅ តឿ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ៥-​ឈ្មោះ សាក់ ម៉ា​ប់ ហៅ ចាប ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៦-​ឈ្មោះ នី ស័​រ​ប៊ិ​ញ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ៧-​ឈ្មោះ ចាំង ធី​វ៉េ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ និង ៨-​ឈ្មោះ ឡេ យ៉ាំ​ង​យ៉ុ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។

លោក​ឧត្តមសេនីយ៍ ង៉េ​ង ជួ បន្ត​ថា ចំណែក​ជន​រង​គ្រោះ​ក្នុង​អំពើ​ប៉ុនប៉ង​ធ្វើឃាត​កម្មនេះ​មានឈ្មោះ អៀ លី​ហួរ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់​សម្ភារៈ​ម៉ូតូ​ធំ ស្នាក់​នៅផ្ទះ​លេខ​៤២២ ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ វត្ថុ​តាង​ចាប់​យក​មាន​ម៉ូតូ​ជិះ​ធ្វើ​សក្មភាព​៣​គ្រឿង កាំភ្លើងខ្លី​ម៉ាក​កា​៥៩​មួយ​ដើម និង​គ្រាប់ ។

លោក​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បញ្ជាក់​ថា ឈ្មោះ សុខ គឹ​ម​លី មាន​ប្តី​ឈ្មោះ តាន់ ឆាយ​ម៉េ​ង អាយុប្រមាណ​ជាង​៥០​ឆ្នាំ ជា​ជនជាតិ​ចិន​សាំង​ហ្គា​ពួរ និង​មានមុខ​របរ​បើក​ក្រុមហ៊ុន​នៅ​ទីនោះ ។ ឈ្មោះ សុខ គឹ​ម​លី នៅ​ស្រុក​ខ្មែរ​នេះ បាន​លួចលាក់​សហាយស្មន់​ជាមួយ​ឈ្មោះ អៀ លី​ហួរ អស់​រយៈពេល​៤​ឆ្នាំ​ហើយ រហូត​បានកូន​ស្រី​ម្នាក់​ទៀត​ផង ។ បើ​តាម​ចម្លើយ​ឈ្មោះ សុខ គឹ​ម​លី បាន​សារភាព​ប្រាប់​សមត្ត​កិច្ច​ថា ពេល​ខ្លួន​ស្រឡាញ់ អៀ លី​ហួរ ធ្លាប់​បាន​លួចលាក់​លុយ​ប្តី​យក​ទៅ​ទិញ​ម៉ូតូ​ធំ​១​គ្រឿង​តម្លៃ​១​ម៉ឺន​ដុល្លា​អា​មេ​រិ​ក និង​ទិញ​រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង ម៉ាក ជី​អិ​ច​៣៣០ ពណ៌​ស តម្លៃ​៨​ពាន់​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ឈ្មោះ អៀ លី​ហួរ ប្រើប្រាស់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។ ក្រោយមក​ឈ្មោះ អៀ លី​ហួរ តែងតែមាន​ស្រី​ផ្សេង​បញ្ឈឺចិត្ត​ខ្លួន ហើយ​ដើម្បី​ឲ្យ​ឈ្មោះ អៀ លី​ហួរ នៅ​ស្រឡាញ់​ខ្លួន​(​សុខ គឹ​ម​លី​)​សុខចិត្ត​ទិញ​ផ្ទះ​១​កន្លែង​តម្លៃ​១៣​ម៉ឺន​ដុល្លារ នៅ​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន និង​ដាក់​ឈ្មោះ អៀ លី​ហួរ ស្នាក់​នៅ​ជា​កម្មសិទ្ធិ​ទៀត ក្រោយមក​ឈ្មោះ អៀ លី​ហួរ នៅ​តែ​ដើរ​និយាយ​មើលងាយ​ខ្លួន​ថា គេ អៀ លី​ហួរ ស្រឡាញ់​នាង​ដោយសារ​មាន​លុយ​ទេ មិន​មាន​អារម្មណ៍​ស្រឡាញ់​ស្មោះ​នោះ​ឡើយ ។ ចាប់ពី​ពេល​ឮ​ពាក្យ​សំដី អៀ លី​ហួរ និយាយ​ដូច្នេះ​ខ្លួន​មាន​គំនុំ​ក្នុង​ចិត្ត​រហូត​មាន​បំណង​សម្លាប់ អៀ លី​ហួរ ឲ្យ​ខាង​តែ​បាន ។

ឈ្មោះ សុខ គឹ​ម​លី បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ទៀត​ថា នៅ​ថ្ងៃខែ​មិន​ចាំ ឆ្នាំ​២០១៥ ខ្លួន​បាន​ទិញ​កាំភ្លើងខ្លី​១​ដើម ម៉ាក​កា​៥៩ គ្រាប់​១​បង់ តម្លៃ​១.៨០០​ដុល្លារ​អា​មេ​រិ​ក ពេល​ទិញ​កាំភ្លើង​បាន​ហើយ​រក​ជួល​ឃាតករ​ឲ្យ​តាម​សម្លាប់​ប្រុស​ស្នេហ៍​បណ្តូលចិត្ត​ដែល​បាន​បោកប្រាស់​ស្នេហា​របស់​ខ្លួន និង​បាន​ដើរ​និយាយ​មើលងាយ​ខ្លួន ។

ក្នុង​សន្និសីទ​សារព័ត៌មាន​សមត្ថកិច្ច​មិន​បាន​រៀបរាប់​ឲ្យ​អស់អង្គ​សេចក្តី​ទេ តែ​ទោះជា​យ៉ាងណា​ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ឈ្មោះ សុខ គឹ​ម​លី ពិតជា​អ្នក​ផ្តើមគំនិត រួម​ជាមួយ​ជន​ដៃដល់ ប៉ុនប៉ង​សម្លាប់​ឈ្មោះ អៀ លី​ហួរ មែន ដែល​នោះ​ផ្តើម​ចេញពី​រឿង​ស្នេហា​ត្រីកោណ​ពិតប្រាកដ ។

ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​ថា លើក​ដំបូង​កាលពី​ជាង​១​ឆ្នាំ​មុន ស្ត្រី​ជា​មេ​ក្លោ​ង​បាន​ជួល​ឃាតករ​ស្ទើរភ្លើង​១​ក្រុម​ជនជាតិ​វៀតណាម​ដូច​គ្នា និង​សុទ្ធតែ​ជាងសំណង់ ឲ្យ​តម្លៃ​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៅ​តាម​បាញ់​សម្លាប់​ប្រុស​ស្នេហ៍​នោះ​ឲ្យ​ខាង​តែ​បាន ។ ស្ត្រី​ជា​មេខ្លោង​បាន​រៀបចំ​ផែនការ​សម្លាប់​តាម​កំហឹង និង​បាន​ផ្តល់​រូបថត​ប្រុស​ស្នេហ៍​ឲ្យ​ទៅ​ជន​ដៃដល់ ដើម្បី​ធ្វើការ​សិក្សា និង​រក​ពេលវេលា​សម្លាប់ ។ ចៃដន្យ​ក្រុម​ឃាតករ​បាន​ស្គាល់​អ្នកបម្រើ​នៅផ្ទះ​ជន​រង​គ្រោះ​ក៏​ទាក់ទង​គ្នា​យក​រឿង​នេះ​ទៅ​ប្រាប់​ជន​រង​គ្រោះ​យក​ប្រាក់​ចែក​គ្នា​ចាយ​វិញ មិន​បាន​ទៅ​សម្លាប់​ទេ ដូច្នោះ​ការ​ប៉ុនប៉ង​សម្លាប់​ប្រុស​ស្នេហ៍​លើក​ទី​១​ត្រូវ​រលាយ​ខ្សុល ។ ក្រោយ​ពី​ផែនការ​នោះ​មិន​បាន​សម្រេច ស្ត្រី​ជនជាតិ​វៀតណាម​ឈ្មោះ សុខ គឹ​ម​លី បាន​ផ្តើមគំនិត​រក​ជួល​ឃាតករ​ក្រុម​ថ្មី​បន្ត​ទៀត ដើម្បី​ទៅ​សម្លាប់​ប្រុស​ស្នេហ៍​នោះ​ឲ្យ​ទាល់តែ​បាន ។ លើក​នេះ​បាន​ឲ្យ​តម្លៃ​ឈ្នួល​ឃាតករ​ដល់​ទៅ​៣​ម៉ឺន​ដុ​លា្ល​រអា​មេ​រិ​ក​ជា​ថ្នូរ​តាម​ផ្តាច់​អាយុជីវិត​ប្រុស​ស្នេហ៍​ឲ្យ​បាន​សម្រេច ។

លើក​ទី​២​នេះ​ក្រុម​ឃាតករ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង និង​ប្រើប្រាស់​គ្រាប់បែកដៃ​១​គ្រាប់ បំផ្ទុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ ពួក​គេ​បាន​តាម​ជន​រង​គ្រោះ​(​ប្រុស​ស្នេហ៍​ម្ចាស់​ប្រាក់​)​ឃើញ​កំពុង​បើកទ្វារ​របង​បំណង​ចូល​ផ្ទះ​នៅ​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ខាង​មុខ និង​ជា​អ្នក​កាន់​គ្រាប់បែក ពេល​ឃើញ​ជន​រង​គ្រោះ​ភ្លាម​ក៏​ចោល​គ្រាប់បែក​វឹង​ដើម្បី​សម្លាប់ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​២​នាក់​នោះ​បាន​ចោល​គ្រាប់បែក​ទៅ បែរជា​ទៅ​ត្រូវ​ចំ​ទ្រូង​ម្នាក់​ជិះ​ម៉ូតូឌុប​គ្នា​បិទ​គូទ​ខាងក្រោយ ធ្លាក់​នៅ​កណ្តាលផ្លូវ​បណ្តាល​ឲ្យ​ផ្ទុះ​រង​របួស​អ្នកដំណើរ​៤​នាក់ និង​រថយន្ត​៤​គ្រឿង ខណៈ​ពួក​គេ​ទាំង​៤​នាក់​ជិះ​ម៉ូតូ​ផុត​ពី​គ្រាប់​ផ្ទះ​នោះ​ទៅ ។

កន្លះ​ខែ​ក្រោយមក នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​រត់គេច​ខ្លួន​ទៅ​ខេត្តសៀមរាប និង​បើក​ការ​ស៊ើបអង្កេត​បន្ត​រហូត​យប់​ថ្ងៃ​ទី​២០​កញ្ញា​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​សំបុក ខណៈ​កំពុង​ស្នាក់​នៅ​សំណង់​ក្នុង​បុរី​ចំការមន ខណ្ឌចំការមន រាជធានី​ភ្នំពេញ សរុប​៨​នាក់ រត់គេច​ខ្លួន​បាត់​ម្នាក់ ៕