ខេត្តសៀមរាប ៖ រថយន្តសាំយ៉ុងមួយគ្រឿងបានបោះពួយក្នុងល្បឿនយ៉ាងលឿនទៅបុកជាមួយនឹងម៉ូតូ បណ្ដាលឱ្យមនុស្សចំនួន៥នាក់ស្លា.ប់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់បង្កឱ្យមានការកកស្ទះពេញផ្លូវ កាលពីវេលាម៉ោង១៦ល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

បើប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តសាំយ៉ុងមួយគ្រឿងបានបោះពួយយ៉ាងលឿនចេញពីថតព្រីវីឌីង និងទៅចូលដណ្ដឹងកូនគេ ហើយបែរជាអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចូលវាលស្រែ បណ្តាលឱ្យមនុស្សចំនួន៥នាក់ស្លា.ប់នៅនឹងកន្លែងកើតហេតុ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់។

ប្រភពដដែលបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦ល្ងាចនៅលើផ្លូវជាតិលេខ០៦ ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៣៨-៣៣៩ ស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប រវាងរថយន្តបុកជាមួយនឹងម៉ូតូ។

បើតាមលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមេសានេះថា មានករណីរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង2, A9816 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួន) ដឹកមនុស្សចំនួន២២នាក់ ក្នុងនោះស្រី១៧នាក់ បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូម៉ាកស៊ូម័រ X ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ សៀមរាប 1X3689 បើកបរដោយឈ្មោះ អេង ជើត ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ (ពាក់មួកសុវត្ថិភាព) ដឹកមនុស្ស០២នាក់ ក្នុងនោះមាន ១-ឈ្មោះ ឡាន ស្រីលឹម ភេទស្រី អាយុ២១ឆ្នាំ (អត់មួក) ២-ឈ្មោះ ឡាន ស្រីរួម ភេទស្រី អាយុ១៨ឆ្នាំ (អត់មួក) នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប បើកបរទិសដៅពីលិចទៅកើត។

ប្រភពដដែលបន្តថា ហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យស្លា.ប់មនុស្សចំនួន០៥នាក់ ១-ឈ្មោះ អេង ជើត ២-ឈ្មោះ ឡាន ស្រីលឹម ៣-ឈ្មោះ ស្រី លួម (ជាអ្នកបើកម៉ូតូនិងអ្នករួមដំណើរដោយម៉ូតូ) ៤-ឈ្មោះ រួនភីរុន ភេទប្រុស អាយុ៥០ឆ្នាំ ៥-ឈ្មោះភីរម្យ វត្តី ភេទស្រី អាយុ៦ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ ដំបង (ជាអ្នករួមដំណើរជាមួយរថយន្ត) ។ របួសស្រាលចំនួន០២នាក់ ១-ឈ្មោះ លួង ឌីណា ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នករួមដំណើរជាមួយរថយន្ត)០២-ឈ្មោះ វង្ស យ៉ារឹទ្ធ ភេទស្រី អាយុ៤២ឆ្នាំនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ ដំបង (ជាអ្នករួមដំណើរជាមួយរថយន្ត)។ ក្នុងនោះការខូចខាត រួមមាន៖ ម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត១គ្រឿងធ្ងន់ ចំពោះមូលហេតុគឺបណ្តាលមកពីអ្នកម៉ូតូបើកបរវ៉ាជែង ដោយខ្វះការប្រុងប្រយ័ត្ន។

លោកបានបន្ថែមទៀតថា ក្រោយពេលកើតហេតុ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសសរស្តម្ភ ចុះទៅវាស់វែងកន្លែងកើតហេតុ រួចប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការនគរបាលស្រុកពួក ដើម្បីចាត់ការតាមនីតិវិធី។ បច្ចុប្បន្ន កម្លាំងនគរបាលជំនាញបានប្រគល់សាកស.ពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ