ខេត្តតាកែវ ៖ នៅកន្លែងណាមិនដឹងនោះទេ តែនៅកន្លែងចិញ្ចឹមទា ក្នុងខេត្តតាកែវ កសិករលក់ពងទាបានតម្លៃ៣៨០ រៀល ក្នុងមួយគ្រាប់ ។ តម្លៃនេះខ្ពស់ជាងឆ្នាំកន្លងទៅ ដែលអ្នកចិញ្ចឹមទាលក់បានតែ ៣៥០ រៀលប៉ុណ្ណោះ ។ អ្នកស្រី ចក់ ស៊ាង រស់នៅក្នុងស្រុករវៀង ឃុំសំបួរស្រុកទ្រាំង ខេត្តតាកែវ និយាយថា គ្រួសារគាត់បានចិញ្ចឹមទាយកពងអស់រយៈពេលជិត ១០ ឆ្នាំមកហើយ ។ បច្ចុប្បន្នអ្នកស្រីចិញ្ចឹមទាចំនួន៣ ៥០០ ក្បាល ។ សត្វទាទាំងនេះអាចឲ្យស៊ុតក្នុងមួយយប់ប្រមាណ ១ ពាន់គ្រាប់ ។

«ក្នុងមួយថ្ងៃទាទាំងអស់នេះផ្តល់ពងជាង ១ ពាន់គ្រាប់ ។ បើគិតក្នុងរយៈ ៤ ថ្ងៃម្តង ទូទាត់លើការចំណាយអស់ហើយ អាចនៅសល់ប្រាក់បានប្រមាណ ១ លានរៀលដែរ» អ្នកស្រី ចក់ ស៊ាង និយាយទាំងរីករាយ ដោយភ្នែកសំឡឹងទៅហ្វូងទារបស់គាត់ ។
អ្នកចិញ្ចឹមទាខាងលើបញ្ជាក់ថា នៅក្នុងរយៈពេល ១០ ឆ្នាំមកនេះ គាត់បានជួបការខាតបង់ ២ លើក នៅពេលផ្ទុះជំងឺកូវីដ ១៩ នោះ ដែលសរុបការខាតបង់អស់ប្រមាណជិត ៤០ លានរៀល ។ ពងទាលក់បានមួយគ្រាប់ ៣៨០ រៀល អ្នកចិញ្ចឹមថាបានចំណេញខ្លះ តែបើមួយគ្រាប់ ៣០០ រៀល មិនចំណេញនោះឡើយ ។

អ្នកស្រី ឃុន ផល្លា រស់នៅស្រុកគីរីវង្ស ខេត្តតាកែវ កំពុងចិញ្ចឹមទាជាង ៣០០០ ក្បាល ។ សត្វទា ៣០០០ ក្បាលនេះអាចផ្តល់ពងទាបានជាង ២ ពាន់ ។ ក្នុងមួយថ្ងៃអ្នកស្រីអាចរកចំណូលបាន ៨០ ម៉ឺនរៀលពីការចិញ្ចឹមទានេះ ដោយមិនទាន់គិតលើការចំណាយ ។

អ្នកស្រី ឃុន ផល្លា អាចលក់ពងទាបាន ៣៨០ រៀលក្នុងមួយគ្រាប់ដែរ ។ ទោះយ៉ាងណាងពងទាលក់លើទីផ្សារមានតម្លៃខ្ពស់ជាងកសិករលក់ផ្ទាល់ ។ នៅលើទីផ្សារពងទាមានតម្លៃពី ៥០០ រៀលទៅ ៧០០ រៀលក្នុងគ្រាប់តាមទីផ្សារ ជាផ្សារទំនើប ឬផ្សារប្រពៃណី ៕

ចែករំលែកព័តមាននេះ