រាជធានីភ្នំពេញ ៖ ក្លិនស្អុយអាសោចសាយភាយ ធ្វើឱ្យប្រជាពលរដ្ឋនៅភូមិបាគូនាំគ្នាដើររកតាមក្លិននោះ ក៏ប្រទះឃើញសាកសពបុរសម្នាក់មានសភាពហើមស្អុយដង្កូវរោមពេញខ្លួនទៅហើយអណ្តែតទឹកនៅក្រោមស្ពានព្រែកជ្រៃ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២១ កញ្ញា តាមបណ្តោយផ្លូវ២១៧ នៅចំណុចក្រោមស្ពានថ្មព្រែកជ្រៃ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
ប្រជាពលរដ្ឋរស់នៅម្តុំកន្លែងកើតហេតុឱ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២១ កញ្ញា អ្នករស់នៅក្បែរស្ពានព្រែកជ្រៃ ធុំក្លិនស្អុយចម្លែក ក៏បាននាំគ្នាដើររកតាំងពីថ្ងៃ តែរកមិនឃើញរហូតដល់ល្ងាច ទើបប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកមានសភាពហើមស្អុយ និងមានដង្កូវរោមពេញខ្លួន ក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ និងស្រាវជ្រាវរកសាច់ញាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានសភាពហើមស្អុយ អាចស្លាប់ជាង៥ថ្ងៃមកហើយ មិនដឹងថា សពនេះអណ្តែតទឹកមកពីណាទេ នៅជាប់នឹងខ្លួនមិនមានអត្តសញ្ញាណ ហើយមុខសព ក៏មើលសឹងតែមិនស្គាល់ទៀត ។ សពត្រូវសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តសំបួរមាស បើសិនជាអត់មានសាច់ញាតិមករកទេ និងបូជាទៅតាមប្រពៃណីហើយ ៕
ចែករំលែកព័តមាននេះ