ADB ថាសេដ្ឋកិច្ចកម្ពុជាកើន ៥,៣ ភាគរយ ស្រដៀងការរំពឹងរបស់រដ្ឋាភិបាល
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា ថានឹងកើនឡើង ៥,៣ ភាគរយ នៅឆ្នាំ ២០២២ និង ៦,៥ ភាគរយ នៅឆ្នាំ ២០២៣ ដោយសារកំណើននៃការនាំចេញ ទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ។
នាយកស្តីទីប្រចាំប្រទេសកម្ពុជារបស់ ADB លោក Anthony Gill បាននិយាយនៅក្នុងរបាយការណ៍ ដែលចេញផ្សាយថ្ងៃទី៦ ខែមីនា នេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានងើបឡើងវិញ ដល់ប្រមាណ ៣ ភាគរយ ក្នុងឆ្នាំ ២០២១ កន្លងទៅ បន្ទាប់ពីបានធ្លាក់ចុះ ៣,១ ភាគរយ ក្នុងឆ្នាំ ២០២០ ។

លោកបន្តថា រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃកូវីដ ១៩ លើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ច ឡើងវិញ ។ ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយ ប្រឆាំងនឹងកូវីដ ១៩ បានអនុញ្ញាតឱ្យកម្ពុជា បើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាន នៃកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំនេះ និងឆ្នាំ ២០២៣ ។
យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ ឱ្យដឹងបន្តថា ផលិតកម្មឧស្សាហកម្ម ត្រូវបានរំពឹងថានឹងកើនឡើង ៨,១ ភាគរយនៅឆ្នាំ ២០២២ និង ៩,១ ភាគរយ ក្នុងឆ្នាំ ២០២៣ ។ កំណើននេះក៏នឹង ត្រូវបានជំរុញ ដោយការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណង បង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ ។
កាលពីចុងឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ មាន៥% ឆ្នាំ២០២៣ អាចនឹងកំណើនដល់ ៦.៨% ហើយឆ្នាំបន្ទាប់អាចឈានដល់ ៧% ដូចពេលដែលកម្ពុជាធ្លាប់ទទួលបាន នៅមុនពេលផ្ទុះជំងឺកូវីដ ១៩ នោះ ។

នៅក្នុងរបាយការណ៍ដែលចេញផ្សាយថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២នេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី ការនាំចេញទំនិញ និងសេវាកម្ម ត្រូវបានព្យាករណ៍ថានឹងកើនឡើងនៅឆ្នាំ ២០២២ និង ២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុក លើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍ ។ វិស័យសេវាកម្មត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញ នៅកម្រិត ៤,៨ ភាគរយ នៅឆ្នាំនេះ និងកើនដល់ ៦,៨ ភាគរយ ក្នុងឆ្នាំ ២០២៣ ។
លោក Anthony Gill បានមានប្រសាសន៍ថា ការបង្កើនពាណិជ្ជកម្ម និងទេសចរណ៍ តែមួយមុខនឹងមិនគ្រប់គ្រាន់ ដើម្បីជួយកម្ពុជាឱ្យមាននិរន្តរភាព កំណើនសេដ្ឋកិច្ចខ្ពស់នោះទេ ។ ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើការផលិត និងការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង អាចទទួលបានអត្ថប្រយោជន៍ ពីការធ្វើពិពិធកម្ម នៃឧស្សាហកម្មធុនស្រាល ដូចជាកង់ គ្រឿងបន្លាស់ អេឡិចត្រូនិក និង ផលិតផលខ្សែភ្លើងជាដើម ។ ការធ្វើពិពិធកម្មនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់នឹង វិបត្តិនានានៃតម្រូវការក្រៅស្រុក ៕
ចែករំលែកព័តមាននេះ